រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ជាប្រពន្ធចុងមានផ្ទៃពោះ1ខែទៅ2ខែ ហើយតូចចិត្តនឹងប្តីដែលមិនព្រមទទួលស្គាល់កូនក្នុងផ្ទៃ ក៏ផឹកស្រាស្រវឹងស្រា រួចជិះម៉ូតូមកពីទួលសង្កែ និងយកដុំថ្មគប់ទៅលើប្តីធ្វើឲ្យប្តីទ្រាំមិនបានក៏ប្រវាយប្រតប់វិញរហូតសន្លប់នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង7និង30នាទីយប់ ថ្ងៃទី20 ខែកក្កដា ឆ្នាំ2020 តាមបណ្តោយផ្លូវ552 កែងផ្លូវ289 នៅចំណុចក្រោយប៉េអឹមលើផ្ទៃប្រទេស ស្ថិតនៅក្នុងសង្កាត់បឹងកក់1 ខណ្ឌទួលគោក ។

បើតាមសាក្សីជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺស្ត្រីម្នាក់ជាប្រពន្ធចុងមិនស្គាល់អត្តសញ្ញាណនោះទេ វ័យជាង30ឆ្នាំ បានផឹកស៊ីនៅទួលសង្កែ1 លុះពេលដែលស្រវឹងស្រា ស្រាប់តែពឹងឱ្យគេជួយដឹកតាមម៉ូតូមកដល់កន្លែងកើតហេតុ ក៏ឃើញប្តីរបស់គាត់ រួចក៏យកដុំថ្មទៅគប់ និងវាយតែម្តង ហើយប្រវាយប្រតប់គ្នាឡើងផ្អើលពេញផ្លូវ រហូតដល់ខាងប្តីដែលគេស្គាល់ថា ឈ្មោះស្មី នោះ ខឹងក៏តបតទៅវិញ បណ្តាលឱ្យជ្រុលដៃរហូតដល់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុអស់រយៈពេលជិត15នាទី ទើបដឹងខ្លួនវិញ។

បើតាមស្ត្រីជាប្រពន្ធចុងរូបនេះក៏បាននិយាយថា ខ្លួនបានស្គាល់គ្នាជាមួយប្តីរបស់គាត់តាំងពីមុនចូលឆ្នាំខ្មែរ រហូតមកដល់ពេលនេះមានផ្ទៃពោះបាន1ខែទៅ2ខែទៅហើយ ប៉ុន្តែខាងប្រុសមិនទទួលខុសត្រូវនោះទេ ដោយទុកគាត់ចោល ទើបគាត់ទ្រាំលែងបានក៏ធ្វើរឿងបែបនេះតែម្តងទៅ ហើយគាត់មិនចង់បានអីច្រើននោះទេ គ្រាន់តែចង់ឱ្យខាងប្តីចេញមកដោះស្រាយជាមួយគាត់តែប៉ុណ្ណោះ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា បុរសដែលឈ្មោះស្មីនេះ ជាមេការសំណង់នៅក្នុងការដ្ឋានខាងលើនេះ គឺគាត់មានប្រពន្ធរស់នៅជាមួយគ្នា ហើយប្រពន្ធគាត់មិនដែលរករឿងគាត់នោះទេ មកពីខាងប្រពន្ធចុងចេះតែមកទាក់ទងជាមួយគាត់ខ្លួនឯង រួចហើយមុនកើតហេតុមួយថ្ងៃ គឺប្រពន្ធចុងនេះបានមករករឿង និងឈ្លោះគ្នាជាមួយនឹងខាងបុរសជាមេការសំណង់នេះម្តងហើយតាំងពី4ល្ងាច ហើយគាត់ខឹងក៏មិនបានទៅប្តឹង ឬមួយតបតអ្វីនោះទេ មិនតែប៉ុណ្ណឹងហើយនៅតែរករឿងគាត់ទៀត។ ហើយភ្លាមៗនោះដែរ ក៏មានរថយន្តសង្គ្រោះបានមកដល់កន្លែងកើតហេតុចំនួន2គ្រឿង ប៉ុន្តែប្រពន្ធចុងមិនព្រមឡើងនោះទេ សុខចិត្តដេកយំស្រែកនៅលើដីអោយផ្អើលគេឯង ។

ក្រោយពេលកើតហេតុខាងលើនេះ គឺសមត្ថកិច្ចបានហៅម៉ូតូកង់បីអោយដឹកយកស្ត្រីប្រពន្ធចុងយកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់1 ដើម្បីដោះស្រាយគ្នានៅពេលក្រោយទៀត ៕

ចែករំលែកព័តមាននេះ