រាជធានីភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍សង្កេតឃើញថា អ្នកទេសចរក្នុងស្រុកអាចនឹងសម្រុកចេញដើរកម្សាន្ត ហើយនឹងមានការកើនឡើង ចាប់ពីខែសីហា រហូតដល់ដាច់ឆ្នាំ២០២០ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសឱ្យឈប់សម្រាកសងប៉ុន្មានថ្ងៃនាខែសីហាខាងមុខនេះ ។

លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ថ្មីៗនេះយើងមើលឃើញការជំរុញចលនាក្នុងស្រុករបស់ក្រសួងទេសចរណ៍ដែលជាសេនាធិការរាជរដ្ឋាភិបាលក៏ដូចជា សមាគមបានជួយជំរុញដុតដៃដុតជើង ត្រៀមលក្ខណៈផ្សព្វផ្សាយបានច្រើន ធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកចេញដើរ ចង់ដឹងចង់ឃើញតំបន់ទេសចរណ៍ដែលមានសក្តានុពលមានច្រើនគួរឱ្យកត់សម្គាល់ ។

លោកស្រី ឆាយស៊ីវលីន មានប្រសាសន៍ថា « នៅក្នុងកំឡុងពេលការឈប់សម្រាកនឹងមកដល់នាខែសីហាខាងមុខនេះ យើងរំពឹងថា នឹងមានអ្នកដើរចេញដើរបានច្រើន ។ ដោយយើងសង្កេតលើការសាកសួរព័ត៌មាន ពីសមាជិករបស់យើង បានផ្សព្វផ្សាយនៅតំបន់ទេសចរណ៍ថ្មីៗ និងកញ្ចប់ទេសចរណ៍ខ្សែទស្សនៈថ្មីៗឃើញថា មានចំនួនច្រើន ។ ដូចនេះយើងមើលឃើញថា នឹងមានការកើនឡើងថែមទៀត ខណៈក្រុមហ៊ុនទេសចរណ៍ជំរុញ និងរចនាខ្សែទស្សនៈកិច្ចប្លែកៗមានច្រើន អីចឹងប្រជាពលរដ្ឋនឹងងាកមកដើរលេងចង់ស្គាល់នៅតំបន់ដែលយើងរៀបចំជូននេះ» ។

លោកស្រី បានសង្កត់ធ្ងន់ថា « ដោយសារមានការបិទជើងហោះហើរ ហើយប្រទេសក្នុងតំបន់មានការរឹតបណ្តឹង អីចឹងយើងអាចមើលឃើញ ហើយរំពឹងថាទេសចរណ៍ក្នុងស្រុកអាចនឹងកើនឡើងរហូតដល់ដាច់ឆ្នាំ២០២០ ។ ព្រោះប្រជាពលរដ្ឋពួកគាត់ក៏មិនដឹងថា ទៅក្រៅបាន អីចឹងអ្វីដែលអាចធ្វើបានមានតែធ្វើទេសចរណ៍ក្នុងស្រុក ។ លើសពីនេះយើងមើលឃើញរាជរដ្ឋាភិបាលក៏ដូចជា ការជួយរៀបចំសណ្តាប់ធ្នាប់ពីក្រសួងទេសចរណ៍ក៏បានច្រើនផងដែរ»។

បើតាមប្រធានសមាគមរូបនេះតំបន់ទេសចរណ៍ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ចង់ធ្វើដំណើរកម្សាន្តច្រើនមាននៅតាមតំបន់រមណីយដ្ឋានធម្មជាតិ ដូចជាតំបន់ភ្នំ, តំបន់ទឹកធ្លាក់,តំបន់ឆ្នេរ ។ លើសពីនេះគាត់ចង់បានបទពិសោធន៍លំបាកៗ ដូចជា ឡើងភ្នំ បោះតង់ស្នាក់នៅលើភ្នំនិងលើកោះ ដែលនៅពេលកន្លងមកពួកគាត់មិនសូវចូលចិត្តនោះទេ ។
ពាក់ព័ន្ធ និងវិស័យទេសចរណ៍ និងការដើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុកនេះ បើយោងតាមថ្នាក់ដឹកនាំកំពូលនៃក្រសួងទេសចរណ៍ថា កម្ពុជាសង្ឃឹមថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងនេះនឹងហក់ឡើងខ្ពស់មកវិញនៅខែសីហា ដោយសាររាជរដ្ឋាភិបាលសម្រេចឱ្យមានថ្ងៃឈប់សម្រាករយៈពេលយូរ និងនៅខែកញ្ញាក៏ដល់រដូវបុណ្យភ្ជុំបិណ្ឌ ចំណែកឯខែបន្តបន្ទាប់ទៀតក៏សម្បូរថ្ងៃឈប់សម្រាក ហើយស្ថានភាពកូវីដ១៩ ក៏អាចនឹងកាន់តែធូរស្រាលជាងនេះ។ ក្នុងដំណើរកម្សាន្តទេសចរ បុគ្គលិកបម្រើការ និងអ្នកគ្រប់គ្រងមានការយកចិត្តទុកដាក់អនុវត្តិវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍បានល្អប្រសើរ ៕
ចែករំលែកព័តមាននេះ