ស្រុកសំឡូតបច្ចុប្បន្ន កំពុងទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុត
- បាត់ដំបង
ខេត្តបាត់ដំបង៖ ធ្លាប់តែជាសមរភូមិប្រយុទ្ធយ៉ាងក្ដៅគគុកបំផុត កាលពីអតីតកាល តែបច្ចុប្បន្ន ស្រុកសឡូតបានប្រែក្លាយជាតំបន់បៃតង ដែលពោរពេញទៅដោយដំណាំយុទ្ធសាស្ត្រខៀវស្រងាត់គ្រប់បែបយ៉ាង គូបផ្សំទៅនឹងតំបន់រមណីយដ្ឋានធម្មជាតិ មាននៅគ្រប់ទីកន្លែងទៀត ទើបធ្វើឲ្យស្រុកកសិកម្ម និងឧស្សហកម្មគ្មានផ្សែងមួយនេះ កំពុងក្លាយជាគោលទេសចរណ៍ដ៏មានសក្ដានុពលបំផុត ។ ជាពិសេស តំបន់រមណីយដ្ឋានធម្មជាតិ ដែលមានទឹកធ្លាក់ និងដំណាំទុរេនដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរកាន់តែខ្លាំងឡើងៗ។

គេសង្កេតឃើញមានគោលដៅទេសចរណ៍សំខាន់ៗចំនួន២ នៅក្នុងទឹកដីស្រុកសំឡូត នាបច្ចុប្បន្ននេះ ដែលភ្ញៀវទេសចរបាននិងកំពុងចាប់អារម្មណ៍ខ្លាំងបំផុត គឺ«រមណីយដ្ឋានធម្មជាតិ ដែលទឹកធ្លាក់ត្រជាក់កាយា និងដំណាំទុរ៉េនដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់»។ រមណីយដ្ឋានបែបធម្មជាតិនានា ត្រូវបានគេរៀបចំជាទីកន្លែងកំសាន្តយ៉ាងមានរបៀប និងល្អស្អាតបំផុត លំអទៅដោយផ្ទាំងសិលារំលេចពណ៌ដ៏អស្ចារ្យទៅដោយធម្មជាតិព្រៃភ្នំ និងដំណាំបៃតង។ ប៉ុន្តែចំការទុរ៉េនដែលមានកេរ្តិ៍ឈ្មោះបោះសំលេងស្ទើរគ្រប់សម័យកាល នៅស្រុកសំឡូត នៃប្រទេសកម្ពុជា ក៏កំពុងល្បីល្បាញមិនណយដែរ។
ទុរេននៅស្រុកសំឡូត ត្រូវគេចាត់ថា មានគុណភាព និង រសជាតិផ្អែមឆ្ងាញ់ លើសពី
ទុរេននាំចូលពីបរទេស។

គុណភាព និងរសជាតិទុរេនសំឡូត នៅតែឈរឈ្មោះបោះសំលេងក្នុងកំណត់ត្រារបស់ភ្ញៀវទេសចរស្ទើរទូទាំងប្រទេសកម្ពុជាដដែលមិនប្រែប្រូលឡើយ។ ថ្ងៃសម្រាកចុង
សប្ដាហ៍ថ្ងៃបុណ្យជាតិ ឬក្នុងឱកាសបុណ្យប្រពៃណីខ្មែរម្ដងៗ គេតែងឃើញភ្ញៀវទេស
ចរ មកពីតាមនបណ្ដាខេត្ត រាជធានី បានធ្វើដំណើរទៅកំសាន្តរមណីដ្ឋាននានា នៅស្រុកសំឡូត ហើយពួកគេដាច់ខាតត្រូវតែទៅដល់ចំការទុរេន ដើម្បីភ្លក្សរសជាតិ «ទុរេន» សំឡូត និងបានថតសែលហ្វី ជាអនុស្សាវរីយ៍ មុនពេលចាកចេញពីទឹកដីកសិកម្ម និង
ឧស្សហកម្មគ្មានផ្សែងមួយនេះ។

អភិបាលស្រុកសំឡូត លោក សើ សាម៉េត ក៏បានញញឹមយ៉ាងពព្រាយ ទទូលស្គាល់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលបំផុតទាំង២ចំណុចនេះដែរ ក្នុងចំណោមគោលដៅទេសចរណ៍នៅក្នុងស្រុករបស់លោកជាច្រើនផ្នែកទៀត។ លោក បានគត់សម្គាល់ខ្លាំងបំផុត ទៅលើការចាប់អារម្មណ៍របស់ភ្ញៀវទេសចរថា មានការកើនឡើងច្រើនអនេក នៅក្នុងអំឡុង ផ្ទុះជំងឺ«កូវីដ ១៩»។ លោកអភិបាលស្រុក បានថ្លែងប្រាប់កោះសន្តិភាព កាលពីសប្ដាហ៍មុននេះថា «នៅក្នុងអំឡុងដែលជំងឺកូវីដ១៩ ហាក់បានធូស្រាលបន្តិច កាលពីជាងមួយខែមុននេះ គឺ ស្របពេលដែលកសិករ ស្រុកសំឡូត កំពុងប្រមូលផលទុរេនល្មមដែរ ដែលធ្វើឲ្យភ្ញៀវទេសចរ ស្ទើរគ្រប់បណ្ដាខេត្ត និងរាជធានី ធ្វើដំណើរទៅកំសាន្តតាមរមណីដ្ឋាននានា នៅក្នុងស្រុកសំឡូត។ ពួកគេ បាននាំគ្នាធ្វើដំណើរយ៉ាងភ្លូកទឹកភ្លូកដីទៅរកទិញផ្លែទុរេននៅតាមចំការរបស់កសិករ បន្ទាប់ពីហែលទឹកយ៉ាងត្រជាក់ចិត្ត នៅតាមរមណីយដ្ឋាន»។

អ្នកស្រី ញ៉ាញ់ សាអែម ហៅ ចែអូន អាយុ៤២ឆ្នាំ ជាអ្នកលក់ផ្លែទុរេនម្នាក់ នៅភូមិកន្ទូត ឃុំសំឡូត ស្រុកសំឡូត បានផ្ដល់បទសម្ភាសន៍ជាមួយកោះសន្តិភាព កាលពីសប្ដាហ៍មុននេះដែរថា មានភ្ញៀវច្រើនណាស់បានធ្វើដំណើរចូលទៅដល់ចំការទុរេន នៅពេលដល់រដូវប្រមូលផលទុរេនម្ដងៗ។ ចែអូន បានប្រាប់យ៉ាងដូច្នេះថា « តាំងពីដើមរហូតមក តំលៃផ្លែទុរេននៅស្រុកសំឡូត នៅតែរក្សាតំលៃថេរដដែល ព្រោះតែរសជាតិរបស់វាផ្អែមល្អ ហើយលក់ដាច់បំផុត។ សព្វថ្ងៃតំលៃទុរេនសំឡូតនៅតែខ្ពស់ គឺ១គីឡូក្រាមតំលៃ២២,០០០រៀន ឬ ២៣,០០០រៀល ឬ អាចលើសពីនេះទៀត។ ប៉ុន្តែពេលនេះស្បើយ
ទុរ៉េនហើយ តែអាចប្រមូលផលបានខ្លះៗ នៅខែសីហាខាងមុខនេះ»។

ស្រុកសំឡូត គឺជាស្រុកមួយ ក្នុងចំណោមស្រុកចំនួន៤ នៃខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាប់ ព្រំដែនប្រទេសថៃ។ សព្វថ្ងៃ ផ្លែទុរេនមួយចំនួនក៏ត្រូវបានឈ្មូញនាំចូលពីប្រទេសថៃ តាមបណ្ដាច្រកទ្វារអន្តរជាតិ និង ច្រកតំបន់មួយចំនួនផងដែរ យកមកដាក់លក់នៅលើទីផ្សារនានា នៅក្នុងខេត្តបាត់ដំបង។ ដោយឡែក នៅឯស្រុកសំឡូតវិញ ឈ្មួញក៏មាននាំចូលផ្លែទុរេននេះពី ខេត្តត្រាត ប្រទេសថៃ តាមច្រកតំបន់ «៤០០» ដែរ។ ទោះយ៉ាងនេះក្ដី បើតាមឈ្មួញនានា ដែលនិយមលក់ទុរេននាំចូលពីប្រទេសថៃ សុទ្ធតែបានអះអាងថា «ទុរេនថៃ លក់មិនបានថ្លៃដូចទុរ៉េនសំឡូតទេ ហើយក៏លក់មិនសូវដាច់ដែរ»។

លោក សើ សាម៉េត អភិបាលស្រុកសំឡូត ក៏បានទទូលស្គាល់អំពីតំលៃ និង ការពេញនិយម ខុសៗគ្នារវាងទុរេនថៃ និងទុរេនសំឡូត ដូចការលើកឡើងរបស់អ្នកលក់យ៉ាងដូច្នេះដែរ។ លោក បានបង្ហាញពីមោទនភាព នៃតំលៃទុរេនសំឡូតយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ សម្រាប់ទុរេនស្រុកសំឡូត មិនខ្វះទីផ្សារទេ តែខ្លាចវាមិនមែនជាទុរេនសំឡូតទេ ទើបពិបាករកទីផ្សារ។ ប៉ុន្តែបើទុរេនសំឡូត វិញ គឺអតិថិជនចូលទិញដល់ចំការតែម្ដង។ ឆ្នាំនេះ មានភ្ញៀវច្រើនណាស់ ដែលបានសំរុកមកលេងតាមរមណីយដ្ឋាន និង ស្វែងរកទិញទុរេនតាមចំការ។ ព្រោះពួកគេមកលេងសំឡូត គោលដៅសំខាន់ គឺ មករកទិញផ្លែទុរេនសំឡូតហ្នឹងហើយ។ ដូច្នេះ ពលរដ្ឋដែលមានដំណាំទុរេននៅស្រុកសំឡូត កុំភ័យខ្លាចអត់ទីផ្សារ»។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកសំឡូត បានបង្ហាញថា ស្រុកសំឡូត ជាប្រភពសេដ្ឋកិច្ច នៃដំណាំកសិកម្ម ដែលមានដីជីជាតិចំនួន៣ប្រភេទសម្រាប់ធ្វើកសិកម្មនេះ គឺ ប្រភេទ«ដីខ្មៅ ដីក្រហម និង ដីល្បាយខ្សាច់»។ ដីទាំង៣ប្រភេទនេះ គឺជាដីដែលមានសក្ដានុពលខ្លាំងបំផុត សម្រាប់ដាំដំណាំយុទ្ធសាស្ត្រគ្រប់ប្រភេទ។ ក្រៅពីដំណាំពោត និង ដាំំណាំដំឡូងមី ដែលប្រជាកសិករដាំតាមរដូវកាល ស្រុកសំឡូត នៅមានដំណាំយុទ្ធសាស្ត្រជាច្រើនទៀត ដូចជា«ដំណាំសៅម៉ាវ ដំណាំស្វាយ ដំណាំកៅស៊ូ ដំណាំម្រេច ដំណាំកាង៉ែន និង ដំណាំទុរេន»។ ប៉ុន្តែក្នុងចំណោមដំណាំទាំងនេះ មានដំណាំ៤ប្រភេទ ដែលកំពុងលេចធ្លោជាងគេបំផុត គឺ «សៅម៉ាវ ម្រេច កៅស៊ូ និង ទុរេន»។

លោក សើ សាម៉េត បានឲ្យដឹងថា សព្វថ្ងៃដំណាំយុទ្ធសាស្ត្រទាំង៤មុខនេះ កំពុងផុសផុលខ្លាំងណាស់ ដែលពលរដ្ឋនាំគ្នាដាំបន្តមិនឈប់។ សព្វថ្ងៃដំណាំសៅម៉ាវ មានផ្ទៃដីចំនួន២៩៧ហិចតា ដំណាំម្រេចមានផ្ទៃដីចំនួន៤៨២ហិចតា ដំណាំកៅស៊ូមានផ្ទៃដីចំនួន១,១៥១ហិចតា និង ដំណាំទុរ៉េន មានផ្ទៃដីចំនួន៤៨២ហិចតា។ លោកអភិបាលស្រុករូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ន យើងកំពុងលើកទឹកចិត្តដល់កសិករ និង ជម្រុញឲ្យមានការពង្រីកការដាំដំណាំទាំងនេះឲ្យកាន់តែខ្លាំង ជាពិសេសដំណាំទុរេននេះតែម្ដង ដែលបច្ចុប្បន្នកំពុងមានទីផ្សារល្អជាងគេ។

ប៉ុន្តែយ៉ាងណាក៏ដោយ ជាមួយនឹងផែនការអភិវឌ្ឍន៍ និង ជម្រុញឲ្យមានការពង្រីក លើវិស័យកសិកម្មនេះ តាមរយៈកោះសន្តិភាព លោក សើ សាម៉េត ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូត ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ដែលកំពុងមាននៅសេសសល់ក្នុងដី នៅតាមតំបន់ព្រៃភ្នំ និង នៅតាមចំការនានា ដែលអង្គភាពកំចាត់គ្រាប់មីន មិនទាន់បានបោសសំអាត ឬ មានដាក់សញ្ញាគ្រាប់មីន។

ដូច្នេះ សូមប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ច ឬ អាជ្ញាធរមូលដ្ឋាន ប្រសិនបើប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទនៅចំណុចណាមួយ ហើយសូម កុំប៉ះពាល់ ព្រោះវាអាចគ្រោះថ្នាក់ដោយយថាហេតុ ៕












ចែករំលែកព័តមាននេះ