រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានរកឃើញចំនួនប្រជាពលរដ្ឋខ្មែរដែលត្រូវបានចាត់ទុកជា «អ្នកក្រ» ចំនួនជាង ៥ ម៉ឺនគ្រួសារបន្ថែមទៀត ដូច្នេះចំនួនគ្រួសារក្រីក្រនៅកម្ពុជាដែលរងគ្រោះដោយកូវីដ ១៩ បានកើនឡើងជាង ៦០ ម៉ឺនគ្រួសារ ដែលនាំឲ្យការចំណាយសម្រាប់ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ ១៩ នឹងកើនឡើងដល់ជាង ២៨ លានដុល្លារអាមេរិក ។

ថ្លែងនៅចេញពីវាលស្រែ ទីកន្លែងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចុះទៅពិនិត្យមើលការធ្វើស្រែ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ មួយកន្លែងព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ បានបញ្ជាក់ថាតាមរយៈព័ត៌មានពីក្រសួងពាក់ព័ន្ធ រកឃើញថាគ្រួសារក្រីក្របានកើនពី ៥៦ ម៉ឺនគ្រួសារ ដែលកន្លងមកបានចំណាយអស់ ២៤ លានដុល្លារក្នុងមួយខែសម្រាប់កម្មវិធីជួយឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ពេលនេះបានកើនដល់ ៦០ម៉ឺនគ្រួសារ ដែលនាំឲ្យការចំណាយរបស់រដ្ឋនឹងកើនដល់ ២៨ លានដុល្លារ សម្រាប់ជួយពលរដ្ឋក្រីក្រនិងរងគ្រោះដោយកូវីដ ១៩ ។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា «រាជរដ្ឋាភិបាលនៅតែទទួលខុសត្រូវជួយពលរដ្ឋ» តែយ៉ាងណាមិញ សម្តេចតេជោបានបញ្ជាក់ថា ក្នុងលោកនេះ គ្មាននរណាមិនធ្វើការ ចាំដេកស៊ីឲ្យរដ្ឋចិញ្ចឹមទេ ដូច្នេះកម្មកររោងចក្រដែលបាត់បង់ការងារដោយសារតែការបិទរោងចក្រ ក៏មានឱកាសចូលរួមធ្វើស្រែនិងកសិកម្មជាមួយឱពុក-ម្តាយផងដែរ ៕
ចែករំលែកព័តមាននេះ