រាជធានីភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១ សាងសង់ឲ្យមានគុណភាពរឹងមាំ ដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍បែបនេះ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Wang Xinhua តំណាងក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង ។
ក្នុងជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសម្រេចបាន ក្នុងការសាងសង់ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១ ដើម្បីធានា ឲ្យសំណង់មានគុណភាពរឹងមាំ ដែលអាចប្រើប្រាស់ជាប់ បានយូរអង្វែង ក៏ដូចជាធានា ឲ្យគម្រោងបញ្ចប់ទៅដោយរលូនស្របតាមកិច្ចព្រមព្រៀង ឬសៀវភៅបន្ទុក និងបានណែនាំឲ្យក្រុមហ៊ុនពិនិត្យឲ្យបានម៉ត់ចត់ លើការពង្រឹង និងលើកកម្ពស់កម្រិតគុណភាពផ្លូវ ឲ្យបានរឹងមាំ និងបានស្នើឲ្យក្រុមហ៊ុនសហការជាមួយថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក ឲ្យបានជិតស្និទ្ធ ធ្វើយ៉ាងណាអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឲ្យបានខ្ជាប់ខ្ជួន ។
ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជំរុញឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មច្រើនថែមទៀត ដើម្បីធានាដល់ការសាងសង់បញ្ចប់ទៅតាមកាលបរិច្ឆេទគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ ។
ជាការឆ្លើយតប លោក Wang Xinhua បានប្តេជ្ញាអនុវត្ត និងទទួលយកការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកទេសរដ្ឋមន្ត្រី ដើម្បីឲ្យគម្រោងសាងសង់ផ្លូវទាំងនេះ មានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង ដោយសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
លោក Wang Xinhua បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឲ្យគម្រោងទាំងនេះ សម្រេចបានជោគជ័យ តាមផែនការដែលបានគ្រោងទុក ៕
ចែករំលែកព័តមាននេះ