រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងបានប្រគល់ម៉ាសសុខាភិបាល ប្រមាណ១៨ម៉ឺនម៉ាសជូនដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ប្រើប្រាស់ និងចែកជូនពលរដ្ឋប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។
ពិធីប្រគល់ និងទទួលម៉ាសប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាតាមរយៈ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
តាមរយៈលោកនាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាបានសម្តែងការកោតសរសើរចំពោះពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្តនិងស្មារតីក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងគ្រាលំបាកនេះ កបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
លោក កែវ ពិសិដ្ឋ បានលើកឡើងថា សម្តេចប្រធានរដ្ឋសភាតែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះនៅក្នុងនោះសម្តេចតែងតែចុះអប់រំណែនាំពលរដ្ឋឲ្យគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបានជំរុញលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភាទាំងអស់ ចុះចែកម៉ាស់ អាកុល ឬជែលលាងដៃ រួមនិងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរ ដ្ឋជាប្រចាំ ។
លោកបន្តថាសម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញវិធានការអន្តរាគមន៍របស់រដ្ឋាភិបាលបន្តបន្ទាប់នាពេលកន្លងមក មានវិធានការការពារសុខភាពពលរដ្ឋក៏ដូចជា ការស្តាឡើងវិញនូវជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដោយសារកូវីដ១៩ ដូចជា ការផ្តល់បញ្ចប់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនីក្នុងឧស្សាហកម្មកាត់ដេរទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលបានព្យួរការងារដោយសារជំងឺកូវីដ១៩ ជាពិសេសការផ្តល់សាច់ប្រាក់ឧបត្ថម្ភ ពលរដ្ឋក្រីក្រ ប្រមាណ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស នៅក្នុងជុំទី១ នេះ គិតមកដល់ពេលនេះពលរដ្ឋទាំងអស់នោះបានទទួលប្រាក់ឧបត្ថម្ភ សឹងគ្រប់ក្រុមគ្រួសារ ហើយក្នុងនោះរដ្ឋបាន ចំណាយថវិកាប្រមាណជា២២លានដុល្លាររួចមកហើយដែរ ។
សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ម៉ាសដែលសម្តេចប្រគល់ជូនក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផានាឱកាសនេះនឹងបានជាប្រយោជន៍ដល់សកម្មភាពការងារការទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩នៅកម្ពុជា រីករាលដាលខ្លាំងជាងនេះបង្កគ្រោះភ័យដល់សុខភាពពលរដ្ឋខ្មែរបន្តទៀតទេ ៕
ចែករំលែកព័តមាននេះ