រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធ៍សែនជ័យ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយតប់ស្ត្រីៗលក់ដូរក្នុងផ្សារជាមួយគ្នា បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីជាប់សង្ស័យមានឈ្មោះ សៀក សាវិន អាយុ៣៦ឆ្នាំ មានមុខបរលក់ដូរ មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ចំណែកជនរងគ្រោះឈ្មោះ ស៊ឹម សុភ័ក្រ ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរលក់ដូរ មានទីលំនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ បានរងរបួសធ្ងន់ធ្ងរ ។

ពាក់ព័ន្ធករណីប្រើអំពើហិង្សានេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១៧ កក្កដា ម៉ោង៣និង៤០នាទីរសៀល នៅមុខតូបលេខ៦១០ និងលេខ៦១១ ក្នុងផ្សារត្រពាំងថ្លឹង ដែលដំបូងឡើយកូនស្រីរបស់ស្ត្រីរងគ្រោះបានរអ៊ូរទាំថា មានធំក្លិនស្អុយនៅក្នុងផ្សារនេះ ។ គ្រាន់តែភាគីរងគ្រោះនិយាយចប់ ស្រាប់តែភាគីខាងបង្កមានគ្នា២នាក់ ម្តាយនិងកូន បានតមាត់ទៅវិញទៅមក រហូតកើតមានជម្លោះកាន់តែធំ ស្រាប់តែភាគីខាងបង្កទាំងម្តាយ និងកូនបានព្រួតគា្នទៅវាយតប់ស្ត្រីរងគ្រោះដល់ក្នុងតូបលក់ដូរ បណ្ដាលឲ្យស្ត្រីរងគ្រោះរងរបួសលើផ្ទៃមុខ និងថ្ងាស ។ ចំណែកកូនស្រីស្ត្រីរងគ្រោះដែលបានស្ទុះទៅជួយឃាត់ពេលគេវាយម្តាយខ្លួននោះ ក៏ត្រូវរងរបួសជាំភ្នែកខាងឆ្វេង និងបែកមាត់ដែរ ។

ពាក់ព័ន្ធករណីខាងលើនេះ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនដៃដល់២នាក់ម្ដាយ និងកូន នាំទៅកាន់អធិការដ្ឋាននរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ ប៉ុន្តែដោយសារកូនស្រីជាអនីតិជនអាយុក្រោម១៥ឆ្នាំ សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះជាបណ្តោះអាសន្នវិញ ។ ក្នុងនោះភាគីខាងស្ត្រីរងគ្រោះ ក៏ត្រូវសមត្ថកិច្ចហៅឲ្យចូលទៅបំភ្លឺលើករណីប្រើអំពើហិង្សានេះដែរ តែទំនងដោយសាររបួសធ្ងន់ធ្ងរពេក បណ្តាលឲ្យជំងឺស្ត្រីរងគ្រោះធ្វើទុក្ខខ្លាំង និងសន្លប់គាំងបេះដូងម្តងៗ ទើបសមត្ថកិច្ចសម្រេចឲ្យក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

យ៉ាងណាក្តី សំណុំរឿងមួយនេះត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា ភាគីទាំងពីរសុទ្ធតែទាមទាររកត្រូវរៀងខ្លួន ហើយក៏មានពាក្យបណ្តឹងទាំងសងខាងដែរ ពោលគឺចោទទៅវិញទៅមកយកត្រូវរៀងខ្លួន ។ ប៉ុន្តែចំពោះមុខភាគីថា ជាជនបង្ក ត្រូវបានឃាត់ខ្លួនបញ្ជូនទៅដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដែលសំណុំរឿងនេះកំពុងស្ថិតនៅដៃលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងកំពុងបើកការស៊ើបសួរ ។
ក្នុងនោះដែរ គេបានសង្កេតឃើញមេធាវីការពារក្តីឲ្យភាគីទាំងសងខាង កំពុងធ្វើការចរចាគ្នាយ៉ាងមមារញឹកផងដែរ ដើម្បីបញ្ចប់រឿងអំពើហិង្សារវាងអាជីវករលក់ដូរជិតខាងគ្នានេះ ជៀសវាងកុំភាគីម្ខាងដេកពេទ្យ ភាគីម្ខាងទៀតដេកគុក ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ