រាជធានីភ្នំពេញ ៖ បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់មួយរយៈធំ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានបង្ហាញមុខជាសាធារណៈនិងបានធ្វើដំណើរទៅជួបសួរសុខទុក្ខអ្នកគាំទ្រ និងអុជធូបបួងសួងនៅបណ្តាខេត្តមួយចំនួន ដូចជានៅបន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពត ជាដើមនោះ ស្រាប់តែនៅថ្ងៃទី ២០ កក្កដាឆ្នាំ២០២០ នេះលោកបានផ្ញើសារទៅកាន់អ្នកគាំទ្រដែលបានស្កាត់មកជួបសួរសុខទុក្ខ រូបលោក ។

លោក កឹម សុខា ដែលជានិច្ចជាកាលតែងតែជួបជាមួយបណ្តាទូតនានានៅគេហដ្ឋាននៅក្រុងភ្នំពេញ បានបង្ហោះរូបភាពរបស់លោកជាមួយសហការីដែលបានធ្វើដំណើរសឹងតែពេញផ្ទៃប្រទេសកម្ពុជានិងបានសរសេរសារនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោកថា «ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិមកពីរាជធានី ខេត្តមួយចំនួន ដែលកន្លងមកបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខខ្ញុំព្រះករុណា ខ្ញុំនៅគេហដ្ឋានផ្ទាល់ និងចំពោះព្រះសង្ឃ បងប្អូនដែល បានស្កាត់មកជួបសួរសុខទុក្ខ ដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែងចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើដំណើរទៅតាមបណ្តាខេត្តមួយចំនួននាពេលថ្មីៗនេះ ទោះបីមិនមានការជូនដំណឹង ឬផ្សព្វផ្សាយក៏ដោយ» ។

ជាមួយគ្នានោះផងដែរ លោកក៏បានអះអាងថា «ខ្ញុំព្រះករុណា ខ្ញុំនៅតែមានក្តីនឹករលឹក ចង់ជួប ចង់ ស្តាប់ និងចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយបងប្អូន នៅទីកន្លែងនានាបន្តទៀត ឲ្យតែមានឱកាស។ សូមបងប្អូនជនរួមជាតិមានសុខភាពល្អ» ។

ជុំវិញការបង្ហាញខ្លួនជាសាធារណៈជាច្រើនលើករបស់លោក កឹម សុខា ត្រូវបានលោកស្រីម៉េង សុភារី មេធាវីមួយរូបក្នុងចំណោម៤រូបដែលការពារក្តីអោយអតីតមេបក្សសង្គ្រោះជាតិថា គឺមិនខុសពីបំរាមរបស់តុលាការកម្ពុជានោះឡើយ ព្រោះកន្លងមកតុលាការបានសម្រេចបន្ធូរបន្ថយកម្រិតនៃការដើរហើររបស់លោក កឹម សុខា មានសិទ្ធធ្វើដំណើរពេញផ្ទៃប្រទេសកម្ពុជា លើកលែងតែការចាកចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ ៕







ចែករំលែកព័តមាននេះ