ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​កំពុង​តាម​ប្រមាញ់បុរស​រូប​នេះ ​​​គំរាម​យក​​ម្តាយមីង និង​​បំផ្លាញ​​ទ្រព្យ​សម្បត្តិ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា បុរស​​​ម្នាក់​បាន​កាន់​កាំបិត​ផ្គាក់​គំរាម​កាប់សម្លាប់​ម្តាយមីង តែ​ត្រូវ​បាន​សមត្ថកិច្ច​រំដោះ​រួច​ផុត​ពី​កណ្តាប់ដៃ​បុរសរូប​នេះ ។ យ៉ាងណា​ក៏​ដោយ ជន​នេះ​មិន​បានបញ្ចប់​បញ្ហា​នោះ​​ទេ គឺ​នៅ​បន្ត​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ភូមិ​ជា​ច្រើន​នាក់ រួច​គំរាម​ម្ចាស់​រថយន្ត​ម៉ា​ស្តា១​គ្រឿង…

ខេត្តសៀមរាប ៖ បើ​តាម​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា បុរស​​​ម្នាក់​បាន​កាន់​កាំបិត​ផ្គាក់​គំរាម​កាប់សម្លាប់​ម្តាយមីង តែ​ត្រូវ​បាន​សមត្ថកិច្ច​រំដោះ​រួច​ផុត​ពី​កណ្តាប់ដៃ​បុរសរូប​នេះ ។ យ៉ាងណា​ក៏​ដោយ ជន​នេះ​មិន​បានបញ្ចប់​បញ្ហា​នោះ​​ទេ គឺ​នៅ​បន្ត​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ភូមិ​ជា​ច្រើន​នាក់ រួច​គំរាម​ម្ចាស់​រថយន្ត​ម៉ា​ស្តា១​គ្រឿង បង្ខំ​ឱ្យ​ចេញពី​ក្នុង​រថយន្ត ហើយ​ឡើង​បើក​គេចខ្លួន​ទៅ​បាត់។
ហេតុការណ៍​នេះ កើតឡើង​តាំងពី​ព្រឹក​រហូតដល់​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ជន​រូប​​នេះ​ឈ្មោះ អែម បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ សង្កាត់​ខាងលើ បាន​យក​កាំបិត​ផ្គាក់​ភ្ជង់​និង​គំរាម​អា​រក​សម្លាប់​ម្តាយមីង​បង្កើត​របស់​ខ្លួន​ឈ្មោះ អែម ច័ន្ទ​សូឡី អាយុ​៤៧​ឆ្នាំ នៅ​ក្នុងភូមិ សង្កាត់ ជាមួយ​គ្នា ។ នៅ​ពេល​នគរបាល​ប៉ុស្តិ៍​ទៅ​អន្តរាគមន៍ ត្រូវ​ជន​នេះ​ដេញ​កាប់​ថែម​ទៀត​និង​កាប់​ម៉ូតូ​របស់​សមត្ថកិច្ច​ខូច​អស់​មួយ​គ្រឿង​ផង ។

លោកស្នងការ​រង​បញ្ជាក់​ថា សមត្ថកិច្ច​បាន​រំដោះ​ជន​រង​គ្រោះជា​ម្ដាយមីង​បាន​ដោយ​សុវត្ថិ​ភាព ។ ចំណែក​ជន​ឈ្មោះ អែម បញ្ញា បាន​បន្តសកម្មភាព​យក​ផ្គាក់​ដេញ​កាប់​រថយន្ត​បើកបរតាម​ដងផ្លូវ រហូត​ដល់​ផ្លូវបំបែក​ចូល​ផ្សារ​ក្រោម ។

ជន​ឈ្មោះ អែម បញ្ញា បាន​កាប់​រថយន្ត​មួយ​គ្រឿង​ម៉ាក Morning ពណ៌​ក្រហម ចំនួន​២​កាំបិត​បណ្ដាល​ឱ្យ​បែក​កញ្ចក់​រថយន្ត​ខាង​មុខ ហើយ​ម្ចាស់​រថយន្ត​ក៏​បាន​រត់​ចោល​រថយន្ត​ដែរ ។ រហូត​ដល់​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល​នោះ នៅ​កន្លែង​កាត់សក់ ពេល​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពាក់​ផ្លា​កលេខ ភ្នំពេញ ២BG-៤៤៣១ ជន​នេះ​បាន​យក​ផ្គាក់​ទៅ​កាប់​កញ្ចក់​រថយន្ត​មួយ​កាំបិត​ បណ្ដាល​ឱ្យ​បែក​កញ្ចក់​ខាង​មុខ ហើយ​គំរាម​ម្ចាស់​រថយន្ត​ឱ្យ​ចុះ​​ពី​លើ​រថយន្ត រួច​ហើយ​បើករថយន្ត​យក​ទៅ​បាត់ ។ ម្ចាស់​រថយន្ត​ម៉ា​ស្តា​នេះ​ឈ្មោះ ស៊ុន ចិន​ស្រឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។ ជនសង្ស័យ​បាន​បើករថយន្ត​នោះ​ចេញ​ទៅ​ទិស​ខាងកើត​បាត់​ទៅ ហើយពេល​នេះ​សមត្ថកិច្ច​កំពុង​​តាម​ប្រមាញ់ ។

លោកស្នងការ​រង​ថ្លែង​ថា បន្ទាប់​ពី​ទទួលបាន​បណ្តឹង​ពី​ករណី​ខាងលើ ពេល​នេះ​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គំ ​និង​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​និង​នគរបាល​ស្រុក​ប្រាសាទបាគង កំពុង​តាម​ប្រមាញ់​រក ។ លុះដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ក៏​តាម​រក​ឃើញ​រថយន្ត​ដែល​ជនសង្ស័យ​ឈ្មោះ អែម បញ្ញា បាន​បើក​ទៅ​ប្លុង​ទុក​ចោល​នៅ​ភូមិ​ថ្នល់​បាក់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ។ ចំណែក​ជន​សង្ស័យ បាន​រត់គេច​ខ្លួន​បាត់​ដោយ​បន្សល់​ទុក​កាំបិត​ផ្គាក់​នៅ​ក្នុង​រថយន្ត ។

លោកស្នងការ​រង​បន្ត​ថា ម្ចាស់​រថយន្ត​បានប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​បាត់បង់​ទ្រព្យសម្បត្តិ​នៅ​ក្នុង​រថយន្ត​មាន​លុយ​ជិត​៧.០០០​ដុ​លា្ល​រ បាត់បង់​ផ្លា​ក​លេខ​រថយន្ត​មុខ​-​ក្រោយ ទូរស័ព្ទ​មួយ​គ្រឿង​​ម៉ាក​អុ​ប​ប៉ូ ដែល​មាន​លេខ ០៩២ ៥៩៤ ៥៨០ និង​កាត​គ្រី​ម៉ូតូ​មួយ​សន្លឹក ម៉ាក​ហុងដា​ឌ្រី​ម
ស​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ មិន​ចាំ​ផ្លា​ក​លេខ ។

លោកស្នងការ​រង​បន្ថែម​ទៀត​ថា សមត្ថកិច្ច​បាន​យក​រថយន្ត​មក​ប្រគល់​ឱ្យ​ម្ចាស់​វិញ ។ លោក​​បញ្ជាក់​ទៀត​ថា ភិនភាគ​ជនសង្ស័យ​គឺ​មាឌធំ កម្ពស់​ប្រហែល​១,៦៥​ម៉ែត្រ ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខៀវ ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ពណ៌​ខៀវ ។ ជនសង្ស័យ​ប្រើប្រាស់​ថ្នាំ​សរសៃប្រសាទ​ជា​ប្រចាំ ។ ករណី​នេះ នគរបាល​ខេត្ត​កំពុងធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​បន្ត​ទៀត រហូត​ទាល់តែ​ចាប់​បាន​ជន​រូប​​​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ