ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋចំនួន៣គ្រួសារដែលមានដីលំនៅឋានជាប់បណ្តោយផ្លូវលំសាធារណៈកំពង់វត្ត ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានកើតទុក្ខមិនសុខចិត្ត និងព្រួយបារម្ភខ្លាចគ្មានផ្លូវចេញចូលពីផ្លូវសាធារណ:ទៅដីកម្មសិទ្ធរបស់ពួកគាត់ ខណៈដែលឃើញគេបោះបង្គោលថ្មខ្ពស់ៗធ្វើរបងបិទពីមុខដីរបស់ពួកខ្លួន ដោយមិនបានជូនដំណឹងមកអោយពួកគាត់ជាម្ចាស់ដីមានព្រំទល់បុកផ្លូវ បានដឹងមុននោះឡើយ។

លោក ហេង គាង តំណាងអោយម្ចាស់ដីទាំង៣គ្រួសារ បានប្រាប់អ្នកសារព័ត៌មានអោយដឹងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថា ដីនេះ គឺជាដីលំនៅឋានកេរ្តិ៍ពីឪពុកម្តាយ ដែលមានប្លង់កាន់កាប់ត្រឹមត្រូវបានចែកអោយកូនៗទាំង៣គ្រួសារ ដែលមានរូបលោក និងបងប្អូន២នាក់ទៀតជាអ្នកគ្រប់គ្រង។ ដោយមានបណ្តោយប្រវែង២៣៥ម៉ែត្រ ទទឹង១៨ម៉ែត្រ មានព្រំប្រទល់ខាងលិច និងខាងជើងជាប់ដីវត្ត ខាងកើតទល់ដីពលរដ្ឋ និងខាងត្បូងទល់បុកនឹងផ្លូវលំសាធារណៈកំពង់វត្ត។
លោក ហេង គាងបន្តថា ខណៈពេលគ្រួសាររបស់លោក ជាប់រវល់បំរើការងារនៅរាជធានីភ្នំពេញ ស្រាប់តែមានបងប្អូនទូរស័ព្ទប្រាប់ថា ឃើញគេមកបោះបង្គោលថ្មខ្ពស់ៗធ្វើរបងបិតចំពីមុខដីពួកគាត់។ ភ្លាមនោះរូបលោក និងក្រុមគ្រួសារ ក៏បាននាំគ្នាជិះឡានមកមើល ហើយឃើញបង្គោលដែលគេបោះនៅច្រូងច្រាំងតាមព្រំដីពិតប្រាកដមែន។ ប៉ុន្តែរូបលោកពុំទាន់ដឹងថា ព្រះគ្រូចៅអធិការវត្តកំពង់ភ្នំក្នុង ឬខាងអាជ្ញាធរជាអ្នកបោះនោះទេ គ្រាន់តែឮគេនិយាយប្រាប់ថារបងគេធ្វើផ្លូ។

លោក ហេង គាង បញ្ជាក់បន្ថែមថា បើព្រះគ្រូចៅអធិការវត្ត ឬអាជ្ញាធរធ្វើការអភិវឌ្ឍន៍ផ្លូវមែននោះ គឺបងប្អូនពួកគាត់ទាំង៣គ្រួសារមិនជំទាស់ទេ និងសូមចូលរួមសហការគាំទ្រដោយក្តីរីករាយបំផុត ព្រោះគ្រួសារលោកសុទ្ធតែជាអ្នកធ្វើបុណ្យដាក់ទានណាស់។

ជាក់ស្តែងដូចជានៅវត្តកំពង់ភ្នំក្នុងដែលជាទឹកដីស្រុកកំណើតរបស់ខ្លួននោះ ក៏គ្រួសារលោកបានកសាងច្រើនផងដែរ។ មិនតែប៉ុណ្ណោះថែមទាំងបានបរិច្ចាឡដីផ្ទាល់ខ្លួនប្រហែល២០ម៉ែត្រប្រគេនដល់ព្រះគ្រូចៅអធិការវត្តធ្វើជាកន្លែងបច្ឆាសម្រាប់បូជាសពទៀតផង។ តែបងប្អូនលោកទាំង៣គ្រួសារមានការងឿងឆ្ងល់ថា គ្រាន់តែធ្វើផ្លូវសោះ ចុះហេតុអ្វីចាំបាច់ដាក់ដាំបង្គោលរបងថ្មខ្ពស់ធ្វើអីៗ ហើយមិនបានជូនដំណឹងប្រាប់ពួកគាត់ដែលមានព្រំដីជាប់ផ្លូវហ្នឹង អោយបានដឹងមុនផង ឬមួយក៏មានអាថ៌កំបាំងអ្វី?

ពាក់ព័ន្ធបញ្ហាខាងលើនេះ ប្រជាពលរដ្ឋទាំង៣គ្រួសារខាងលើ បានកើតទុក្ខមិនសុខចិត្ត ដោយទាមទារអោយអាជ្ញាធរឃុំជួយធ្វើលិខិតបញ្ជាក់លាយលក្ខណ៍ជាអក្សរមានចុះហត្ថលេខាពីមេឃុំ ដើម្បីអោយគ្រួសារពួកគាត់មានទំនុកចិត្ត ខ្លាចទៅថ្ងៃក្រោយគេរៀបរបងថ្មខ្ពស់ តើគ្រួសារពួកគាត់មានផ្លូវឯណាដើរចេញចូលទៅដីលំនៅឋានរបស់ខ្លួន?
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។



ចែករំលែកព័តមាននេះ