រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជនជាតិចិនម្នាក់ប្រើបុ័ងតោដេញកាប់សន្តិសុខខ្មែរ នៅក្នុងសណ្នាគារមួយ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែខឹងសន្តិសុខរឿងមិនឱ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារនោះ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ ត្រូវបានលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការហើយ ពីបទ.ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

ក្រោយពីតំណាងអយ្យការចោទប្រកាន់ហើយ សំណុំរឿងនោះបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ គឺស្ថិតនៅដៃលោក ឆឹម ឬទ្ធី ដើម្បីបើកការសាកសួរ នឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជាឆ័ន្ទានុសិទ្ធិរបស់ចៅក្រម ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ Zhao Long Wei ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរជាពាណិជ្ជករ ។ ចំណេកជនរងគ្រោះឈ្មោះ ចេវ សារួន ភេទប្រុស អាយុ៣៣ឆ្នាំ ជាសន្តិសុខឯកជន បម្រើការងារនៅសណ្នាគារមួយ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។

ដើមចម ដែលបណ្តាលឲ្យតំណាងអយ្យការចោទប្រកាន់ជនជាតិចិនម្នាក់នោះ ត្រូវបានគេដឹងថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា នៅចំណុចសណ្ឋាគារមួយ ក្នុងខណ្ឌចំការមន កើតមានអំពើហិង្សាមួយ ដែលដំបូងគឺជនបង្កឈ្មោះ Zhao Long Wei និងប្រពន្ធ បានមកពីក្រៅ លុះពេលមកដល់សណ្ឋាគារក៏មានកាន់កូនឆ្កែមួយក្បាលបម្រុងយកឡើងទៅបន្ទប់ដេកជាន់ទី២៨ នៃសណ្នាគារនោះ ។
ពេលឃើញដូច្នោះជនរងគ្រោះឈ្មោះ ចេវ សារួន ដែលជាសន្តិសុខ បានធ្វើការហាមឃាត់មិនជនជាតិចិន និងប្រពន្ធយកឆ្កែចូលសណ្ឋាគារនោះទេ ព្រោះជាបំរាមរបស់សណ្ឋាគារ ។ ក្នុងខណៈពេលជនសង្ស័យមានអាការៈស្រវឹងជោកជាំផងដែរ ពេលនោះជនបង្កមិនបានស្តាប់ការហាមឃាត់ពីសំណាក់សន្តិសុខឡើយ ។ ក៏ប៉ុន្តែទោះជាយ៉ាងក្តី ជនសង្ស័យមានភាពរឹងរុស និងស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏បាននាំកូនឆ្កែឡើងតាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨បាត់។

ពេលនោះជនរងគ្រោះ និងសន្តិសុខផ្សេងទៀត បានស្ទុះទៅឃាត់ជនសង្ស័យមិនយកឆ្កែឡើងចូលបន្ទប់ឡើយ ទើបបណ្តាលជនបង្កខឹង ហើយក៏រត់ចូលយកបានកាំបិ ប៉័ងតោមួយ មកកាប់លើជនរងគ្រោះចំចង្កេះខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ ។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីតែម្តង។ (កែសម្រួលដោយ ៖ បុប្ផា)









អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ