ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ចោរស្ទើរភ្លើងម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្វាយអន្ទរស្ទាក់ចាប់ខ្លួនបាន បន្ទាប់ពីរូបគេធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីអ្នករត់ម៉ូតូឌុបម្នាក់ ហើយព្យាយាមរត់គេចខ្លួន លុះដល់ពេលទាល់ច្រកក៏រត់ចូលសំងំក្នុងលូប្រឡាយទឹក ប៉ុន្តែនៅតែរត់មិនរួចដដែល។ ការចាប់ខ្លួនជនសង្ស័យរូបនេះបានកើតឡើងកាលពីម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមាត់លូប្រឡាយចិន ស្ថិតក្នុងភូមិព្រៃឆ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ ប្រុស ដេត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ចំណែកជនរងគ្រោះឈ្មោះ សរ លឿង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង មានមុខរបរជាអ្នករត់ម៉ូតូឌុប និងត្រូវជនសង្ស័យវាយមួយព្រនង់ចំខ្នង បណ្តាលឱ្យរងរបួសស្រាល។

បើតាមលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា អំពើប្លន់នេះបានកើតឡើងកាលពីម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៨ កក្កដា នៅចំណុចភូមិព្រៃសំលាញ់ ឃុំសំរោង ស្រុកស្វាយអន្ទរ ដោយជនសង្ស័យបានប្រើល្បិចហៅជនរងគ្រោះឱ្យដឹករូបគេចេញពីឃុំស្តៅកោង ស្រុកបាភ្នំ ឆ្ពោះទៅកាន់ចំណុចរង្វង់មូលស្វាយអន្ទរ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ ដែលជាកន្លែងស្ងាត់ ជនសង្ស័យក៏ប្រើល្បិចឱ្យម្ចាស់ម៉ូតូឈប់ ដើម្បីឱ្យរូបគេចុះនោម រួចក៏ប្រើដំបងវាយជនរងគ្រោះពីក្រោយត្រូវ១ដំបង រីឯជនរងគ្រោះពេលត្រូវគេវាយដឹងថា ជាចោរ ដោយភ័យពេកក៏លោតចេញពីម៉ូតូរត់យករួចខ្លួន ហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនទៅបាត់។

លោកអធិការបន្តទៀតថា ពេលចោរយកម៉ូតូទៅបាត់ ជនរងគ្រោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ ហើយលោកក៏បានបញ្ជាឱ្យកម្លាំងនគរបាលស្រុក ចេញស្ទាក់គ្រប់ច្រក រហូតប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូដែលប្លន់បាននៅតាមផ្លូវប្រឡាយចិន ក្នុងភូមិព្រៃឆ្លុង ក៏ធ្វើការឡោមព័ទ្ធតែម្តង ។ ហើយភ្លាមនោះផងដែរ ពេលដឹងថា ត្រូវសមត្ថកិច្ចព័ទ្ធជាប់ទៅណាលែងរួច ជនសង្ស័យរូបនេះក៏យកម៉ូតូទៅប្លុងចោលក្បែរព្រៃ ហើយរត់ទៅសំងំពួននៅក្នុងលូប្រឡាយចិន និងក៏ត្រូវសមត្ថកិច្ចព័ទ្ធជាប់ចាប់បាននៅទីនោះតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ បុប្ផា)



អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ