រាជធានីភ្នំពេញ៖ រូបភាពជាច្រើនសន្លឹករបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមដំណើរដោយភរិយារបស់លោក និងសហការី ជាច្រើនរូប ធ្វើដំណើរដល់ខេត្តបន្ទាយមានជ័យ សួរសុខទុក្ខអតីតសមាជិកគណបក្ស និងការធ្វើពិធីបួងសួងនៅខេត្តសៀមរាប កំពុងធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍ជាខ្លាំង ហើយនេះក៏ចាត់ទុកជាដំណើរផ្លូវឆ្ងាយលើកទី២ បន្ទាប់ពីលោកបានទៅកាន់ចំការនៅខេត្តត្បូងឃ្មុំ ក្រោយទទួលបានការបន្ធូរបន្ថយកម្រិតនៃការដើរហើរពីតុលាការនោះ ។

តាមរយៈការបង្ហោះរូបភាពដោយលោក មុត ចន្ថា អ្នកនាំពាក្យរបស់ លោក កឹម សុខា បានបង្ហាញវត្តមានលោក កឹម សុខានិងភរិយា ទៅសួរសុខទុក្ខអតីតសមាជិកបក្សនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៧ និងរូបថតជាច្រើនទៀតរបស់លោក កឹម សុខា និងភរិយាលោក រួមទាំងសហការី ក្នុងនោះក៏មានវត្តមានមេធាវីរបស់លោក កឹម សុខា គឺលោក ចាន់ ចេន អមដំណើរផងនោះ បានធ្វើពិធីបន់ស្រន់នៅសៀមរាប និងការដើរកំសាន្តនៅតំបន់អង្គរផងដែរ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទឹកមុខរបស់លោក កឹម សុខា រៀងស្រស់ស្រាយជាងពេលមុនៗ ។

ងាកទៅសំណេររបស់លោក មុត ចន្ថា ដែលបានសរសេរអមនឹងរូបថតនោះ ហាក់ចង់ដៀមដាមទៅនរណាម្នាក់ ឬក៏ក្រុមរបស់លោក សម រង្ស៊ី ដោយសំណេរផ្តើមដោយពាក្យថា « គំនិតឈ្នានីស!» និងសារបន្ទាប់មានខ្លឹមសារថា «អ្នកដេកលក់ស្រួលដាស់ទេ ប៉ុន្តែអ្នកដែលដេកមិនលក់ ហើយធ្វើពុតជាដេកលក់ ធាក់បីជើងក៏មិនចង់ភ្ញាក់ផង» ។

លោក មុត ចន្ថា បានសរសេរបន្តថា «លោកប្រធាន កឹម សុខា ដឹងច្បាស់ណាស់ថា អ្វីដែលលោកអាច ឬមិនអាចធ្វើបាន អ្វីដែលគួរ ឬមិនគួរធ្វើ លោកមិនធ្វើតាមតែអារម្មណ៍ខ្លួន ហើយរិតតែមិនធ្វើអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ។ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ លោកប្រធាន កឹម សុខា មានសិទ្ធិមានជំនឿ គោរពប្រតិបត្តិសាសនា ទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ជាតិខ្មែរ ជាពិសេសលោកមានសិទ្ធិធ្វើបូជនីយកិច្ចចំពោះវិញ្ញាណក្ខន្ឌបុព្វបុរស ដូចជាវីរក្សត្រខ្មែរ ដែលបានបង្កើតទឹកដីខ្មែរ និងកសាងប្រាង្គប្រាសាទ និងវីវរបុរសស្នេហាជាតិ ដូចជាលោកតាឃ្លាំងមឿង ជាដើម។ លោកប្រធាន កឹម សុខា ក៏មានករណីកិច្ចចូលរួមថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងដួងព្រលឹងវប្បធម៌ខ្មែរផងដែរ» ។
ក្នុងនោះផងដែរ អ្នកនាំពាក្យឲ្យលោកកឹម សុខា ក៏បានបន្ថែមថា «នេះជាសម្បជ្ជញ្ញកតញ្ញូរបស់លោកប្រធាន កឹម សុខា។ អ្នកផ្កាប់មុខ ខ្មៅងងឹតជ្រុលនិយមដោយអគតិទាំងបួនយ៉ាង (ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ) គ្មានសម្បជ្ជញ្ញៈ ល្មមភ្ញាក់ ល្មមយល់ដឹងខ្លះហើយ។ គំនិតឈ្នានីសដោយអគតិទាំងបួនយ៉ាងនេះ គឺជាជនដែលសង្គមស្អប់ខ្ពើម ព្រោះពួកសាងតែអំពើបាបកម្ម និងសាបព្រោះតែអកុសលកម្មដល់សង្គម និងមនុស្សម្នា » ។

ជុំវិញរឿងរ៉ាវលោក កឹម សុខា ដើរហើរឆ្ងាយៗពីផ្ទះនោះ កន្លងមកមេធាវីការពារក្តីរបស់លោកបានបកស្រាយថា វាមិនមែជាការខុសច្បាប់ ឬដើរលើសបន្ទាត់ក្រហមឡើយ ព្រោះថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួនកាលពីថ្ងៃទី១០.១១.២០១៩ ហើយសម្រេចអោយលោក កឹម សុខា ជាប់កាតព្វកិច្ច៣ចំណុចដូចខាងក្រោមវិញ គឺ៖ ក. មិនត្រូវចេញក្រៅព្រំប្រទល់ដែនរាជាណាចក្រកម្ពុជា ។ មានន័យថា លោក កឹម សុខា អាចធ្វើដំណើរបាននៅទូទាំងប្រទេសកម្ពុជា លើកលែងតែការធ្វើដំណើរទៅក្រៅប្រទេស ។ ខ. មិនត្រូវធ្វើសកម្មភាពនយោបាយ ។ មានន័យថា ទោះជា លោក កឹម សុខា មានសិទ្ធិធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាក៏ដោយ តែ លោក កឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយបានឡើយ ។ គ. ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

កន្លងមក តុលាការក៏បានបន្ធូរបន្ថយចំណុច ដែលហាមមិនអោយជួបជនបរទេសត្រូវបានលុបចោល ហេតុនេះហើយទើបកន្លងមក បណ្តាទូតបានអញ្ជើញមកជួប លោក កឹម សុខា ដល់គេហដ្ឋាន ចាប់តាំងពីមានសេចក្តីសម្រេចកែប្រែកាតព្វកិច្ចចុះថ្ងៃទី១០.១១.២០១៩។
ហើយសំខាន់ជាងនេះទៅទៀតនោះ គឺលោក កឹម សុខាមិនទាន់មានសាលក្រម ឬសាលក្រមស្ថាពរសម្រេចផ្តន្ទាទោសពីបទក្បត់ជាតិទេ ។ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនណាដែលមិនទាន់មានសាលក្រមផ្តន្ទាទោសជាស្ថាពរ ជននោះនៅតែចាត់ទុកជាជនគ្មានទោស ។ ហេតុនេះ រហូតមកដល់បច្ចុប្បន្នលោក កឹម សុខា មិនមែនជាជនក្បត់ជាតិឡើយ ៕ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ