រាជរដ្ឋាភិបាលសម្រេចឲ្យមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន ឈប់សម្រាប់ចំនួន៥ថ្ងៃ នៅពាក់កណ្តាលខែសីហាខាងមុខនេះ ជំនួសការមិនបានឈប់សម្រាកកាលពីឱកាសចូលថ្មីប្រពៃណីជាតិក្នុងខែមេសាកន្លងមកដោយសារការពារជំងឺកូវីដ១៩នោះ ។

ការឈប់សម្រាបពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហាខាងនេះ មានការប៉ាន់ស្មានថា ពលរដ្ឋខ្មែរនឹងដំណើរកម្សានតាមរមណីយដ្ឋានជាច្រើន នៅទូទាំងប្រទេស ។ ការធ្វើដំណើរ និងការជួបជុំគ្នា ពេលដំណើរកម្សាន្តនោះ ជាការប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រសិនពលរដ្ឋមិនបានប្រកាន់ភ្ជាប់នូវវិធានការពាររបស់ក្រសួងសុខាភិបាលដាក់ចេញនោះទេ ។

មានការសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ពិសេសនៅពេលពលរដ្ឋធ្វើដំណើរកម្សាន្តម្តងៗ ហាក់បានធ្វេសប្រហែសការពារខ្លួនដូចជា ពុំបានពាក់ម៉ាស មិនបានរក្សាគម្លាតសុវត្ថិភាព ធ្វើដំណើរតាមរថយន្តសាធារណៈ ដែលមានមនុស្សជិះច្រើន ។ សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋានមួយចំនួនពុំបានយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការផ្តល់អាកុល ឬទឹកស្អាត និងសាប៊ូឲ្យភ្ញៀវលាងសម្អាតដៃ ខ្វះអនាម័យលើសម្ភារៈប្រើប្រាស់រួមជាដើម ។

ប្រជាពលរដ្ឋទាំងអ្នកធ្វើដំណើ រនិងអ្នករកទទួលទានហាក់មានសុទិដ្ឋិនិយម ជាមួយនឹងកូរ៉ូណា ប៉ុន្តែគ្រូពេទ្យតែងតែដាស់តឿនថា «យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែជំងឺនេះ មិនភ្លេចពលរដ្ឋឡើយ ។ វាចាំតែឱកាសនឹងឆ្លងមនុស្សប៉ុណ្ណោះ» ។
របាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា ២សប្ដាហ៍ដើមខែកក្កដា នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសមានជាង ៣១ម៉ឺននាក់ កើនឡើង ១.៦៧% បើធៀបនឹងរយៈពេល២សប្តាហ៍ចុងខែមិថុនា។មានការព្យាករណ៍ថា នៅឱកាសឈប់សម្រាកក្នុងសីហាខាងមុខនេះនឹងមានពលរដ្ឋធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយដើម្បីកម្សាន្ត ។ ដើម្បីបង្ការដល់ឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងឱកាសឈប់សម្រាកច្រើនថ្ងៃនាពេលខាងមុខនេះ កាលពីថ្ងៃទី១៩កក្កដា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំមួយថ្មីទៀត ជាការដាស់តឿនពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្នការពារខ្លួន កុំឆ្លងជំងឺកូវីដ១៩។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំពលរដ្ឋឲ្យជ្រើសរើសការជួបជុំ ឬដំណើកម្សាន្តប្រកបដោយសុវត្តភាពមិនមានការចម្លងជំងឺកូវីដ១៩ ដូចជាជ្រើសរើសដំណើរកម្សាន្តដោយឡែក ជាលក្ខណៈគ្រួសារមិនមានការជួបជុំគ្នា ។ ជៀសវាងការជួបជុំគ្នាលេងល្បែងស៊ីសង ច្រៀងរាំ ដែលមិនមានគម្លាតសុវត្ថិភាពនោះ។
ក្រសួងសុខាភិបាលបានលើកឡើងថា បើធ្វើដំណើរកម្សាន្តតាមរថយន្តពលរដ្ឋគួរចៀសវាងប្រើប្រាស់មធ្យោបាយសាធារណៈ ដែលមានផ្ទុកមនុស្សច្រើន ។ បើ ចាំបាច់ត្រូវធ្វើដំណើរតាម មធ្យោបាយសាធារណៈត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតពីម្នាក់ទៅម្នាក់ឲ្យបានមួយម៉ែត្រកន្លះ និងត្រូវយកតាមខ្លួននូវទឹកអាកុល ឬទឹកជែលសម្រាប់លាងសម្អាតដៃ។

ក្រសួងជំនាញបានណែនាំពលរដ្ឋឲ្យជ្រើសរើសកន្លែងស្នាក់នៅ ជាសណ្ឋាគារ ឬផ្ទះសំណាក់ឲ្យមានសុវត្ថិភាព ផងដែរ គឺចូលសម្រាកនៅតែសណ្ឋាគារ ឬផ្ទះសំណាក់ណាដែលបានអនុវត្តវិធានការការពារ និងអនាម័យល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាមានដាក់ទឹកស្អាតនិងសាប៊ូឬទឹកអាកុលសម្រាប់លាងដៃ បន្ទប់មានអនាម័យ និងមានការសម្អាតសម្ភារៈប្រើប្រាស់បានល្អ ជាដើម ។
នាយកដ្ឋានជំងឺឆ្លងក្រសួងសុខាភិបាល ទទួចសុំឲ្យពលរដ្ឋមានការប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ៕
ចែករំលែកព័តមាននេះ