ខេត្តរតនគិរី ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្រុកវើនសៃ បានចុះល្បាត និងស្ទាក់ចាប់ ករណីបរបាញ់សត្វព្រៃខុសច្បាប់ក្នុងតំបន់ការពាររបៀងអភិរក្សជីវចម្រុះ ស្ថិតក្នុងស្រុកវើនសៃ ខេត្តរតនគិរី ។ នេះបើយោងតាមផេកក្រសួងបរិស្ថានបានចេញផ្សាយនាថ្ងៃទី១៨ ខែកក្កដានេះ ។

ក្នុងនោះក្រុមការងារបានពិនិត្យកន្លែងកើតហេតុជាក់ស្តែងឃើញមានអាវុធកែច្នៃប្រើរំសេវជាតិផ្ទុះចំនួន០២ដើម រំសេវមួយប្រអប់តូច គ្រាប់វាលកងមួយប្រអប់តូច និងឈ្លុសចំនួន០២ក្បាល ក្តាន់ញ៉ែងចំនួន០១ក្បាល ។

គួរឱ្យដឹងថា ជនសង្ស័យមានពីរនាក់ គឺឈ្មោះ អាង ប៊ុន និងឈ្មោះ ពឺត ចិត្ត។ ដោយឡែកវត្ថុតាងសត្វព្រៃទាំងបីក្បាលត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង ហើយអាវុធកែឆ្នៃចំនួន០២ដើម រំសែវ០១ប្រអប់តូច និងគ្រាប់វាលកង ត្រូវបានយកមករក្សាទុកនៅមន្ទីរបរិស្ថានបណ្តោះអាសន្ន ។

ចំណែកជនសង្ស័យទាំងពីរនាក់ខាងលើមន្ទីរបានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវីធីច្បាប់ ៕
ចែករំលែកព័តមាននេះ