រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួនជាង១០គ្រួសារបាននាំគ្នាបញ្ចេញប្រតិកម្មយ៉ាងខ្លាំងតបតទៅ និងសកម្មភាពរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលបានដាក់គ្រឿងចក្រទៅវាយកម្ទេចរបងផ្ទះ ខណៈដែលម្ចាស់ផ្ទះខ្លះយល់ព្រមរុះរើដោយខ្លួនឯង និងរុះរើខ្លះៗទៅហើយនោះ ។

ពួកគាត់ក៏បានបញ្ជាក់ថា ការតវ៉ានេះពុំមែនជាការជំទាស់ ឬរារាំងផែនការអភិវឌ្ឍរបស់អាជ្ញាធរនោះទេ អ្នកដែលប៉ះពាល់តម្រូវឲ្យរុះរើមានទាំងសងខាងផ្លូវពុំមែនមានតែខាងពួកគាត់ម្ខាងនោះ ។ ពួកគាត់ព្រមរុះរើពេលណាក៏បាន ប៉ុន្តែសុំឲ្យអាជ្ញាធរធ្វើអ្វីទៅតាមគោលការណ៍ច្បាប់ និងការស្មើភាពគ្នា កុំមកវាយរុះរើតែខាងពួកគាត់ រីឯអ្នកដែលស្ថិតនៅចំណែកផ្លូវម្ខាងទៀតប៉ះពាល់ដូចគ្នាដែរ មិនព្រមរុះរើសោះបែបនេះ ។ ហេតុការណ៍តវ៉ានេះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនបានជំទាស់ទៅ និងការអភិវឌ្ឍនោះទេ ផ្ទុយទៅវិញមានតែត្រេកអរខ្លាំងណាស់ ដែលបានផ្លូវធំសម្រាប់ប្រើប្រាស់ ប៉ុន្តែអាជ្ញាធរក៏ពុំគួរធ្វើអ្វីស្រេចតែចិត្តបែបនេះដែរ ត្រូវមានការចូលរួមសហការណ៍ពីសំណាក់ពួកគាត់ឲ្យបានត្រឹមត្រូវផងទើបការអភិវឌ្ឍទទួលបានភាពជោគជ័យ និងរលូនហើយមានភាពសុខសាន្តទាំងអស់គ្នាទៅបាន មិនមានអ្នកសើចហើយក៏គ្មានអ្នកយំ ។ ប៉ុន្តែការធ្វើឡើងនាពេលនេះ គឺអាងអំណាចទាំងស្រុង និងខ្វះធម៌មេត្តា ខ្វះសុជីវធម៌ និងការប្រាស្រ័យទាក់ទងគ្នាពេកហើយ នេះគឺពួកគាត់មិនចង់និយាយដល់ពាក្យអ្វីលើសពីនេះទៀតទេ ឆ្លៀតពេលដែលពួកគាត់មិននៅបែរជានាំគ្នាដាក់គ្រឿងចក្រវាយខ្ទេចខ្ទីរបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិដូចជា ម៉ាសុីនភ្លើងគាត់ថែមទៀតផង ។

ប្រជាពលរដ្ឋខាងលើបានបន្តទៀតថា អាជ្ញាធរខណ្ឌបានជូនដំណឹងឲ្យធ្វើការរុះរើកាលពី២សប្ដាហ៍មុន ក្រោយមកបានហៅទៅចូលរួមក្នុងវេទិការសាធារណៈនៅក្នុងវត្តពោធិ៍ចិនតុង អំពីការរុះរើពង្រីកផ្លូវ ពេលនោះពួកគាត់មិនបានជំទាស់ឡើយ តែសុំរុះដោយខ្លួនឯង ពុំមែនឲ្យអាជ្ញាធរវាយកម្ទេចបែបនេះឡើយ ។ ម្យ៉ាងសុំឲ្យអាជ្ញាធរធ្វើអ្វីស្របទៅតាមគោលការណ៍ច្បាប់ និងធ្វើដោយស្មើរភាពគ្នាត្រូវរុះរើរាល់ផលប៉ះពាល់ទូទៅទាំងសងខាងផ្លូវ ហើយផលប៉ះពាល់ពុំមែនតែផ្ទះពួកគាត់ផ្ទះអ្នកដ៏ទៃផ្សេងទៀតនោះទេ តែក៏នៅមុខរបស់សាលារៀន និងរបងវត្តក៏តម្រូវឲ្យរុះរើផងដែរ ។

ពួកគាត់បាននិយាយប្រាប់អាជ្ញាធរហើយប្រាប់ទៀតថា ឲ្យតែរុះទាំងអស់គ្នា គឺពួកគាត់មិនជំទាស់ដាច់ខាត តែទោះជាយ៉ាងណារហូតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ពួកគាត់ក៏បាននាំគ្នារុះរើខ្លះៗហើយដែរ ព្រោះមិនចង់ឲ្យអាជ្ញាធរវាយកម្ទេចនាំឲ្យខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ ។ តែបន្ទាប់ពីរុះបានខ្លះពួកគាត់បានសម្រាកសិនរង់ចាំពេលទំនេររុះបន្តទៀត ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ខណៈដែលពួកគាត់ខ្លះរវល់ចេញក្រៅអាជ្ញាធរក៏បានដាក់គ្រឿងចក្រទៅវាយរបងខ្ទេចខ្ទីរដោយពុំបានប្រាប់មួយម៉ាត់ ហើយនិយាយឡើងការអភិវឌ្ឍ តែរុះរើត្រង់នេះ១ដុបត្រង់នោះ១ដុប មិនស្មើភាពគ្នាសោះ ខាងណារុះបានរុះ តែខាងនោះឯខាងណាម្ចាស់គេតឹងរ៉ឹងអត់ហ៊ានរុះរបស់គេឡើយ ។

ដោយឡែកអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចេញលិខិតជូនដំណឹងមួយឲ្យរុះរើរួចហើយតាំងពីថ្ងៃទី២៦ ខែមិថុនា មកម្ល៉េះ ជម្រាបជូនដល់ម្ចាស់រោងចក្រសហគ្រាស និងបងប្អូនប្រជាពលរដ្ឋដែលមានលំដ្ឋាននៅអមសងខាងផ្លូវលេខ២០០៩ ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១នោះ ។ ធ្វើការរុះរើសំណង់ប៉ះពាល់ចេញ ព្រោះរដ្ឋបាលសាលារាជធានីភ្នំពេញមានគម្រោងពង្រីកផ្លូវទំហំ១០ម៉ែត្រ និងដាក់លូ១ខ្សែ តាមបណ្ដោយផ្លូវដែលមានបណ្ដោយ ប្រវែង៧៥០ម៉ែត្រ រហូតដល់ព្រំប្រទល់ខណ្ឌសែនសុខរហូតពេលនេះដល់កំណត់ត្រូវរុះរើក៏ដាក់គ្រឿងចក្រវាយរុះរើតែម្ដង ដើម្បីឲ្យអ្នកមិនទាន់រុះនាំគ្នារុះចេញតែម្ដង ៕





ចែករំលែកព័តមាននេះ