ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមខែ​នេះ​ភ្ញៀវ​ទេសចរ​ជាង​៣១​ម៉ឺន​នាក់​ចេញ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍​បាន​អះអាង​ថា សម្រាប់​រយៈពេល​២​ស​ប្ដា​ហ៍ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​បាន​សម្រុក​ទៅ​កម្សាន្ត​តាម​រមណីយ​ដ្ឋា​នានា​នៅ​ទូ​ទាំង​ប្រទេស​សរុប​ប្រមាណ​ជាង​៣១៣,៣០០​នាក់ កើនឡើង ១.៦៧% បើ​ធៀប​នឹង​រយៈពេល​២​ស​ប្តា​ហ៍​ចុង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍​បាន​អះអាង​ថា សម្រាប់​រយៈពេល​២​ស​ប្ដា​ហ៍ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​បាន​សម្រុក​ទៅ​កម្សាន្ត​តាម​រមណីយ​ដ្ឋា​នានា​នៅ​ទូ​ទាំង​ប្រទេស​សរុប​ប្រមាណ​ជាង​៣១៣,៣០០​នាក់ កើនឡើង ១.៦៧% បើ​ធៀប​នឹង​រយៈពេល​២​ស​ប្តា​ហ៍​ចុង ខែមិថុនា ។

តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ លោក​ថោ​ង ខុន បាន​ថ្លែង​ថា ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣០៧,៨០៩​នាក់ កើនឡើង ២.៥៤% និង​ភ្ញៀវ​បរទេស​មាន​ចំនួន ៥,៤៩១​នាក់ ថយ​ចុះ​៣០.៨៩% ។

តាម​រយៈ​បម្រែបម្រួល​ភ្ញៀវ​ទេសចរ​តាម​ស​ប្តា​ហ៍​លោក​រដ្ឋមន្ត្រី​បាន​សង្កេត​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ហាក់​ស្ថិត​ក្នុង​ចំណុច​ថេរ​មួយ ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ក៏​ស្ថិត​ក្នុង​រង្វង់ ៦០-៦៥​ម៉ឺន​នាក់​ក្នុង​មួយ​ខែ​ថយ​ចុះ ៣៥-៤០% បើ​ប្រៀបធៀប​នឹង​មុន​វិបត្តិ​កូ​វី​ដ​១៩ ។ លោក​ថា ស្ថិរភាព​នៃ​ចំនួន​ខាងលើ​អាច​បណ្តាល​មក​ពី​រដូវ​នេះ​ជា​រដូវវស្សា ។

លោក​រដ្ឋមន្ត្រី សង្កត់ធ្ងន់​ថា ទេសចរណ៍​ដែល​ជា​យុវជន​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​តាម​បែប​ផ្សងព្រេង​ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍ ។ ចំពោះ​តំបន់​ទេសចរណ៍​ខេត្តសៀមរាប លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ខេត្តសៀមរាប​ដែល​ធ្លាប់តែ​ជា​គោលដៅ​ទេសចរណ៍​សំខាន់​នៅ​មិន​ទាន់​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដូច​មុន​កូ​វី​ដ​បាន​នៅឡើយ​ព្រោះ​កម្ពុជា​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​មានកា​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នានា ដើម្បី​ជួយ​ទាក់ទាញ​ភ្ញៀវ​ក្រៅពី​ទស្សនា​ប្រាសាទ ហើយ​សេវា​កម្សាន្ត​មួយ​ចំនួន ពិសេស​នៅ Pub Street មិន​ទាន់​មានការ​អនុញ្ញាត​ឲ្យ​មានដំណើរ​ការ​ឡើង​វិញ ខណៈ​គោលដៅ​ខេត្តសៀមរាប​ជា​គោលដៅ​ដែល​ភ្ញៀវ​ត្រូវ​តែ​សម្រាក​មួយ​យប់​យ៉ាងតិច​ខុស​ពី​ខេត្ត​គោលដៅ​មួយ​ចំនួន​ទៀត ដែល​ភ្ញៀវ​អាច​ទៅ​មក​វិល​ល្ងាច​បាន ។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​ករណី​ខេត្តសៀមរាប​ងើបឡើង​ប្រហាក់ប្រហែល​នឹង​ខេត្ត​ផ្សេង​នោះ​ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​អាច​នឹង​ហក់​ឡើង​ដល់​ចំណុច ៨០-៨៥% ថយ​ចុះ ២០-២៥% ប៉ុណ្ណោះ បើ​ប្រៀបធៀប​នៅ​មុន​ពេល​មាន​កូ​វី​ដ​១៩ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​សង្ឃឹមថា ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​នេះ​នឹង​ហក់​ឡើង​ខ្ពស់​មក​វិញ នៅ​ខែសីហា ដោយសារ​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​យូរ និង​នៅ​ខែកញ្ញា​ក៏​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ចំណែកឯ​ខែ​បន្តបន្ទាប់​ទៀត ក៏​សម្បូរ​ថ្ងៃ​ឈប់​សម្រាក ហើយ​ស្ថានភាព​កូ​វី​ដ​១៩ ក៏​អាច​នឹង​កាន់តែ​ធូរស្រាល​ជាង​នេះ ។

ឆ្លើយ​តប​ជាមួយ​បញ្ហា​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​បុគ្គលិក​បម្រើ​ការ​សេវា​ទេសចរណ៍ និង​អ្នកគ្រប់គ្រង​ត្រូវ​យកចិត្តទុកដាក់​អនុវត្តិ​វិធាន​សុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឲ្យ​បាន​ល្អ​ប្រសើរ​ជា​និច្ច ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ