ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​រួចខ្លួន​ទេ! ស្ត្រីដើរតួសងសឹក​ជំនួស​​​កូនប្រុស​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត់​រួចខ្លួន​នោះ​ទេ ស្ត្រី​ដែល​ជា​ជន​ដៃដល់​ក្នុង​ការ​ឆូត​មុខ​ក្មេង​ស្រី​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ព្រោះតែ​ដើរតួ​ជា​អ្នក​សងសឹក​ជំនួស​កូនប្រុស​របស់​ខ្លួន ដែល​ត្រូវ​បាន​ក្មេង​ស្រី​ម្នាក់​គប់​បែកក្បាល​នោះ និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ ព្រមទាំង​ទាមទារ​សំណង​ខូចខាត​ពី​សំណាក់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះជា​ទឹកប្រាក់​ចំនួន​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ។ បាតុភាព​ដែល​បាន​បង្ក​ឡើង​ដោយ​ស្ត្រី​ដៃ​ឆៅ​នេះ​ពិតជា​រឿង​គួរ​ឱ្យ​ហួសចិត្ត​បំផុត…

រាជធានី​ភ្នំពេញ ៖ អត់​រួចខ្លួន​នោះ​ទេ ស្ត្រី​ដែល​ជា​ជន​ដៃដល់​ក្នុង​ការ​ឆូត​មុខ​ក្មេង​ស្រី​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ព្រោះតែ​ដើរតួ​ជា​អ្នក​សងសឹក​ជំនួស​កូនប្រុស​របស់​ខ្លួន ដែល​ត្រូវ​បាន​ក្មេង​ស្រី​ម្នាក់​គប់​បែកក្បាល​នោះ និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ ព្រមទាំង​ទាមទារ​សំណង​ខូចខាត​ពី​សំណាក់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះជា​ទឹកប្រាក់​ចំនួន​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ។

បាតុភាព​ដែល​បាន​បង្ក​ឡើង​ដោយ​ស្ត្រី​ដៃ​ឆៅ​នេះ​ពិតជា​រឿង​គួរ​ឱ្យ​ហួសចិត្ត​បំផុត និង​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​នានា​ស្រែក​ថ្កោលទោស​យ៉ាង​ចាស់ដៃ ។ ពេល​នេះ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​ក៏​មាន​អាជ្ញាធរ​និង​សប្បុ​រសជន​នានា បាន​ទៅ​សាកសួរ​សុខទុក្ខ​ដល់​មន្ទីរពេទ្យ ព្រមទាំង​ជួយ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់ ព្រោះតែ​អាណិត​នាង​តូច​ដែល​រង​គ្រោះ​ឆូត​ដោយ​កាំបិត​លើ​ផ្ទៃមុខ មិនដឹង​ថា​ ត្រូវ​ព្យាបាល​បែប​ណា ដើម្បី​កុំឱ្យ​មាន​ស្លាកស្នាម ។

មហាជន​ជា​ច្រើន​បាន​ទន្ទឹងរង់ចាំ​មើល​នូវ​ចំណាត់ការ​តាម​ផ្លូវច្បាប់​ពី​តុលាការ​ទៅ​លើ​ស្ត្រី​ដៃដល់ និង​ចង់​ដឹង​ថា​តើ​ស្ត្រី​នោះ​អាច​និង​ជាប់​ពន្ធនាគារ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ។
បើ​យោង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ពី​សកម្មភាព​នានា​ក្រោយ​ពេល​កើតហេតុ ដោយ​ក្នុង​នោះ​អាជ្ញាធរ​ខណ្ឌ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធិ បាន​ចុះ​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ទាំង​យប់ និង​ឧបត្ថម្ភ​ប្រាក់​រួម​គ្នា​សរុប​៧៥០​ដុល្លារ​។

រីឯ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏​បាន​ជួយ​ព្យាបាល​ដោយ​មិន​គិត​ប្រាក់​ដែរ ។ បន្តបន្ទាប់​ទៀត គឺ​លោក​ឧកញ៉ា ឌួ​ង ឆាយ ក៏​បាន​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ដែរ ហើយ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ផ្ទាល់​ចំនួន​១​ពាន់​ដុល្លារ​ទៀត​ផង ។ តែ​អ្វី​ដែល​កក់ក្តៅ​ជាងគេ​នេះ​លោក​ឧកញ៉ា​បាន​ធានា​ថា នៅ​ពេល​ដែល​ក្មេង​ស្រី​រូប​នេះ​ជា​មុខរបួស លោក​នឹង​នាំ​ទៅ​អ៊ុត​បំបាត់​ស្នាម​របួស​នៅ​ឯ​ប្រទេស​កូរ៉េ​ឬ​ប្រទេស​ថៃ ។

ចំណែក​សប្បុរសជន​ម្នាក់​ទៀត​ដែល​ជា​ថៅកែ​ហាង​ពេជ្រ​ដ៏​ល្បី​គឺ​លោកស្រី ទ្រី ដា​ណា និង​ស្វាមី ក៏​បាន​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ ហើយដោយ​សារ​តែ​រន្ធត់​និង​អាណិត​ក្មេង​ស្រី​ខ្លាំង​ពេក​ទប់ទឹក​ភ្នែក​មិន​បាន​លោកស្រី ទ្រី ដា​ណា បាន​យំ​តែ​ម្ដង ហើយ​លោកស្រី​ឧបត្ថម្ភ​ប្រាក់​ចំនួន​២​ពាន់​ដុល្លារ​ផង​ដែរ ។ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នា​វេលា​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ បាន​ធ្វើការ​សាកសួរ​ជន​ដៃដល់​រូប​នេះ​ចប់​សព្វគ្រប់​ហើយ មិនតែប៉ុណ្ណោះ​ក៏​បាន​កសាង​សំណុំរឿង រួចរាល់​អស់ហើយ​ដែរ ។

ប៉ុន្តែ​កំពុង​រត់ការ​ចុះហត្ថលេខា​លើ​សំណុំរឿង​ពី​ថ្នាក់លើ​ ដើម្បី​បញ្ជូន​ជន​ដៃដល់​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ហើយ​បើ​បញ្ជូន​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​មិន​ទាន់​ទេ និង​បញ្ជូន​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ដោយ​មិន​មានការ​ពន្យារពេល​ណាមួយ​នោះ​ឡើយ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ដាក់បន្ទុក​លើ​ស្ត្រី​ដៃដល់​រួចរាល់​អស់ហើយ​ដែរ ។ នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ បាន​សំណូមពរ​២​ចំណុច​គឺទី​១-​បាន​ទាមទារ​សំណង​ការ​ខូចខាត​កូនស្រី​ជា​ទឹក​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ទី​២-​សំណូមពរ​សុំ​ឲ្យ​ជួយ​ចាត់ការ​ជន​នេះ ទៅ​តាម​ច្បាប់ ។

ដោយឡែក ​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​នោះ​មាន​ប្ដី​ជា​មន្ត្រី​កងទ័ពជើងគោក ហើយ​បុរស​ជា​ប្ដី​ក៏​បាន​ទៅ​មើល​និង​យក​បាយ​ទឹក​ឲ្យ​ប្រពន្ធ​ហូប​ផង​ដែរ ។សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​​មុខ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង​​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ស្ត្រី​ម្នាក់​ឈ្មោះ លីវ ប៊ុ​ន​ធឿ​ន អាយុ​៤៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ ក្នុង​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​ក្មេង​ស្រី​ឈ្មោះ ឡាស់ ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២០ ក្នុង​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២​នេះ​ដែរ​ប៉ុនប៉ង​អារ​.​ក​សម្លាប់ តែ​មិន​បាន​សម្រេច​បណ្ដាល​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​រង​របួស​ដោយ​កាំបិត​មុត​ឆូត​កាត់​ទទឹង​ផ្ទៃមុខ ច្រមុះ ក និង​ដៃ​យ៉ាងធ្ងន់ធ្ងរ​ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ដើរ​លេង​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​មុន​ពេល​កើតហេតុ​២​ថ្ងៃ កូនប្រុស​របស់​ស្ត្រី​ដែល​ជា​ជន​ដៃដល់​ខាងលើ​បាន​ឈ្លោះ​គ្នា​ជាមួយនឹង​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ ដោយ​បាន​រើស​ដុំ​ថ្ម​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​គប់​ត្រូវ​ក្បាល​បែក​រយះ​ចេញ​ឈាម ។ ខណៈនោះ​ម្ដាយ​ក្មេង​ស្រី​ខាងលើ​ក៏​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ​ហើយ​ពេទ្យ​បាន​ដេរ​របួស​១​ថ្នេរ ។

តាម​ការ​សារភាព​របស់​ស្ត្រី​ដៃដល់​នេះ​ថា ​ខ្លួន​ខឹង​ខ្លាំង​ណាស់​និង​គំ​គួ​ន​ក្មេង​ស្រី​យ៉ាង​ខ្លាំង លុះដល់​ថ្ងៃ​កើតហេតុ​ខណៈ​ដែល​ក្មេង​ស្រី​រង​គ្រោះ​ដើរ​លេង​កាត់មុខ​ផ្ទះ​របស់​ខ្លួន ស្ត្រី​ខាងលើ​ក៏​បាន​កាន់​កាំបិត​ស្ទុះ​ចូល​ទៅ​ចាប់​ក្រៀក​បម្រុង​អារ​.​ក​សម្លាប់​ចោល​បញ្ចេញ​កំហឹង​ជំនួស​កូន ។ ប៉ុន្តែ​ក្មេង​ស្រី​ស្រែកយំ​ខ្លាំង​ៗ​ឮ​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ចេញ​មើល​និង​ស្រែក​ឃាត់ ទើប​ស្ត្រី​ដៃដល់​ឆូត​មុខ ច្រមុះ​ព្រមទាំង​ដៃ​និង​ក ក្មេង​ស្រី​រង​គ្រោះ​បណ្ដាល​ឲ្យ​ដាច់​រយះ​ហូរ​ឈាម​កក្លាក់ រួច​រត់​ចូល​ទៅ​សម្ងំ​នៅ​ក្នុងផ្ទះ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ក្មេង​ស្រី​រង​គ្រោះ​បានរ​ត់ទៅ​ផ្ទះ​ទាំង​ឈាម​ហូរ​ជោគ​មុខ​និង​ខ្លួនប្រាណ ។ ចំណែក​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​និង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​និង​បាន​ឃាត់ខ្លួន​ស្ត្រី​ដៃដល់​ខាងលើ នាំ​ទៅ​ប៉ុស្តិ៍​សំរោង​ក្រោម​ដើម្បី​សាកសួរ ។

ស្ត្រី​នេះ​បាន​និយាយ​យ៉ាង​ខែង​រែង​ថា គាត់​មានកូន​តែ​២​នាក់​ទេ គឺ​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់ ហើយ​កូនប្រុស​នោះ​ធំ​ឡើង​ឲ្យ​ធ្វើ​ជាតា​រា​ផង មិន​គួរ​ណា​មក​ធ្វើ​ឲ្យ​កូន​គាត់​ចេញ​ឈាម​បែប​នេះ​ទេ ហើយ​គាត់​ខឹង​ខ្លាំង​ណាស់​ដេក​អត់​លក់​២​យប់​ហើយ ។ កូន​គាត់​របួស​ប៉ុណ្ណឹង​ហើយ​អត់​មាន​នរណា​សួរ​មួយ​ម៉ាត់ ដូច្នេះ​គាត់​សុំ​ត្រឹមតែ​ឲ្យ​ចេញ​ឈាម​វិញ​ដូច​គ្នា ។ បាន​សារភាព​ទៀត​ថា នៅ​វេលា​រសៀល​ថ្ងៃ​កើតហេតុ គាត់​បាន​ទៅ​ទិញ​កូនកាំបិត​មួយ​រួច​ក៏​ចាប់​ក្មេង​ស្រី​នោះ​អារ​និង​ឆូត​មុខ ច្រមុះ និង​ដៃ​ព្រមទាំង​ក​តែ​ម្ដង ។ គាត់​ថា នេះ​ជា​ការ​តបស្នង​ហើយ​អ្នក​ដាំ​ផ្លែ​អ្វី គឺ​បាន​ផល​នោះ​អី​ុ​ចឹ​ង​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ