ខេត្តព្រះសីហនុ ៖ នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២០ នេះ កងនគរបាលបានឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់ប្រកបអសេវាកម្មផ្លូវភេទរបស់ជនបរទេសមួយកន្លែងនៅចំណុចភ្នំខៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលគេនាំគ្នាហៅទីក្រុងចិន ក្នុងនោះមនុស្សប្រុស ស្រីជាង៣០នាក់ជាជនបរទេស មានទាំងជនជាតិចិន ជនជាតិវៀតណាម និងជនជាតិរុស្សីជាដើម ត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី ។

ប្រតិបត្តិការនេះ ចូលរួមពីកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនស្នងការដ្ឋាននគរបាលខេត្ត និងនគរបាលមូលដ្ឋាន ដឹកនាំសម្របសម្រួលផ្លូវច្បាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុផងដែរ ។

បើតាមលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុឱ្យដឹងថា ការចុះបង្ក្រាបនេះ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្នុងនោះក្រៅពីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធច្រើននាក់ នគរបាលដកហូតវត្ថុតាងមួយចំនួន ហើយទីតាំងអាជីវកម្មជួញដូរផ្លូវភេទនេះក៏ត្រូវបានបិទទ្វារជាបន្ទាន់ផងដែរ ។

លោកវរសេនីយ៍ឯក កី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ក្នុងយុទ្ធនាការបង្ក្រាបទីតាំងជួញដូរផ្លូវភេទនេះ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សចំនួន៣០នាក់ ក្នុងនោះស្ត្រី១៥នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ៕ (កែសម្រួលដោយ ៖ បុប្ផា)




ចែករំលែកព័តមាននេះ