រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសុខាភិបាល ដោយមានការចូល
រួមសហការពីអាជ្ញាធរមូលដ្ឋាន បានទៅធ្វើការត្រួតពិនិត្យទីតាំងផលិតទឹកសម្រាប់ថែបំប៉នសុខ
ភាពមួយកន្លែងយីហោ «ខ្មែរអេកូតិចណូឡូជី» ដែលសង្ស័យថាការផលិតទឹកស្អាតពុំទាន់ត្រឹម
ត្រូវតាមស្តង់ដារ ហើយការចុះត្រួតពិនិត្យនេះគឺដើម្បីបង្ការក្រែងអាចបង្កឲ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ។

ការទៅត្រួតពិនិត្យ បានធ្វើឡើងកាលពី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដែលទីតាំងស្ថិតនៅតាមផ្លូវលំលេខ៤២ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅពេលចុះទៅដល់ សមត្ថកិច្ចចម្រុះបានរកឃើញទឹកជាច្រើនប៊ីដុងដែលក្នុង១ប៊ីដុងមានចំណុះ៣០លីត្រ ព្រមទាំងទឹកបំប៉នសុខភាពផលិតរួចដែលមានស្លាកយីហោ«ខ្មែរអេកូតិចណូឡូជី»មួយចំនួនទៀត រួមនឹងម៉ាស៊ីនសម្រាប់បម្រើការក្នុងការផលិតផងដែរ ។ ទឹកទាំងនោះមិនទាន់ត្រូវបានមន្ត្រីជំនាញប្រាប់ឲ្យដឹងថា ជាទឹកដែលមានសារធាតុអ្វីនៅឡើយទេ ព្រោះកំពុងស្ថិតនៅក្នុងការពិសោធន៍យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកភាពប្រក្រតីសំដៅការពារសុខភាពជូនអ្នកប្រើប្រាស់ទូទៅ ។

ដោយឡែក តំណាងបម្ចាស់ទីតាំងបានអះអាងថា ទឹកជាច្រើនកានខាងលើនេះគឺជាទឹករ៉ែ ដើម្បីផលិតជាទឹកបំប៉នសុខភាព ហើយអត្ថប្រយោជន៍នៃទឹកបំប៉នសុខភាពនោះ គឺមិនមានផលប៉ះពាក់ដល់សុខភាពទេ ។ ផ្ទុយទៅវិញ បានធ្វើឲ្យប្រសើរឡើងវិញអំពីបញ្ហាសុខភាព កម្ចាត់មេរោគជាតិពុលបានល្អប្រសើរ និងធ្វើឲ្យសរីរាង្គខាងក្នុងខ្លួនមនុស្សដែលមានបញ្ហា បានល្អប្រសើរឡើងវិញជាធម្មតា ។
ចំណែកឯការផលិតវិញ ក៏បានធ្វើឡើងតាមស្ដង់ដារត្រឹមត្រូវ ហើយចំពោះទីតាំងមួយនេះពុំមែនជាកន្លែងផលិតនោះទេ តែជាកន្លែងសម្រាប់ពិសោធន៍និងធ្វើតេស្តទឹកប៉ុណ្ណោះ រីឯទីកន្លែងផលិតនៅក្នុងខណ្ឌទួលគោក ។

ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រោយមកកម្លាំងសមត្ថកិច្ចចម្រុះខាងលើពុំបានធ្វើការដកហូតទឹកឬសម្ភារផ្សេងៗនោះទេ ប៉ុន្តែបានបន្តដំណើរធ្វើការត្រួតពិនិត្យទីតាំងផលិតធំបន្តទៀតដែលស្ថិតនៅផ្ទះលេខ៣ ស្ថិតនៅចំណុចកែងរវាងផ្លូវលេខ២២១និងផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ដែលជាអតីតជាផ្ទះសំណាក់មួយ ប៉ុន្តែនៅមិនទាន់ដឹងថា តើលទ្ធផលនៃការពិនិត្យនោះបែបណានៅឡើយទេ? (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ