ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីអភ័ព្វម្នាក់បានត្រូវប្តីទី៣ ដែលជាមនុស្សញៀនស្រាប្រើហិង្សាវាយទាត់ធាក់រហូតដល់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យទាំងម្តាយ និងកូនក្នុងផ្ទៃ ដែលមានផ្ទុកមេរោគអេសដ៍ទៀត ។
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ចនគរបាលប៉ុស្តិ៍កំពង់សំណាញ់ ក្រុងតាខ្មៅ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់បងប្អូន និងកូនជនរងគ្រោះ ក៏បានឃាត់ខ្លួនជនម្នាក់ដែលប្រើអំពើហិង្សាដោយចេតនាលើប្រពន្ធរហូតដល់បាត់បង់ជីវិត និងបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

បុរសជាប្តខាងលើដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ ណុប សុវណ្ណារៈ អាយុ៤៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរជាជាងភ្លើង និងមានផ្ទុកជំងឺអេដស៍ផងដែរ ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ស៊ុម ស្រីមឿន អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ មានផ្ទៃពោះ៦ខែ បានបាត់បង់ជីវិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ពាក់ព័ន្ធទៅនឹងអំពើហិង្សារហូតឆក់យកជីវិតប្រពន្ធនេះ តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះរៀបរាប់ឲ្យសមត្ថកិច្ចដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសំណង់ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជនសង្ស័យ
បានផឹកស្រាស្រវឹង ហើយឈ្លោះប្រកែកជាមួយប្រពន្ធ ។ បន្ទាប់មក ជននេះបានទាត់ប្រពន្ធ១ជើងចំចង្កេះ ហើយមកដល់ថ្ងៃទី៩ ខែកក្កដា វេលាម៉ោង១០ព្រឹក ដោយប្រពន្ធមានអាការក្តៅ និងរងារក្នុងខ្លួន ក៏បានជិះម៉ូតូឌុបមកជួបបងប្អូននៅស្ទឹងមានជ័យ រាជធានីភ្នំពេញ ។

ពេលនោះបងប្អូនបានជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យសុខភាព ដោយជនរងគ្រោះបានរៀបរាប់ប្រាប់បងប្អូន និងកូនប្រុសឈ្មោះ តូ លីហ័រ ជាកូនប្តីមុនថា គាត់ត្រូវប្តីវាយទាត់ធាក់ បណ្តាលឲ្យមានរបួសជាំត្រគាក ដៃឆ្វេង និងជាំភ្នែក ។ លុះសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន៧ថ្ងៃ មកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១និង៥៧នាទីរំលងអធ្រាត្រ ដោយសារអាការធ្ងន់ កូនក្នុងពោះក៏បាត់បង់ជីវិត ចំណែកឯម្តាយវិញមានជំងឺរលាកសួត និង មានផ្ទុកជំងឺអេដស៍ផងនោះ ក៏បានបាត់បង់ជីវិតដែរ ។
ក្រោយការបាត់បង់ជីវិតនេះ បងប្អូន និងកូនបានឯកភាពគ្នាយកសពទៅបូជានៅវត្តទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយពីធ្វើបុណ្យបូជាសពរួចរាល់ក្រុមគ្រួសារសាច់ញាតិ បងប្អូន និងកូនជនរងគ្រោះ បានសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ក្រុងតាខ្មៅ ដើម្បីឲ្យឃាត់ខ្លួនជនជាប្តីយកទៅចាត់ការតាមផ្លូវច្បាប់ ។

តាមក្រុមគ្រួសារបានឱ្យដឹងថា ស្ត្រីដែលបាត់បង់ជីវិតនេះមានកូន៤នាក់ និងមានប្តី៣នាក់ ដែល
ប្តីទី១ មានកូន៣នាក់ ក៏លែងលះគ្នា ។ ក្រោយមកយកប្តីទី២ មានកូនម្នាក់ និងបានបាត់បង់ជីវិតទៅ ដោយសារកើតជំងឺអេដស៍ ។ បន្តមកទៀត ក៏បានយកប្តីទី៣ទៀត ជាមនុស្សប្រមឹក មានកូនស្រីម្នាក់ បច្ចុប្បន្នអាយុ៣ឆ្នាំ និងកំពុងមានផ្ទៃពោះ៦ខែទៀត ។
ពេលនេះស្ត្រីអភ័ព្វបានបាត់បង់ជីវិតទៅជាមួយនឹងកូនក្នុងផ្ទៃបញ្ចប់ជីវិតរងកម្ម ឯបុរសជាប្តីរូបនេះវិញដែលក្លាយជាអ្នកទោសប្រហែលជាដេកក្នុងគុកគ្មានថ្ងៃចេញនោះទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ