ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​ទូកត្នោត​​​ថ្ងូរ​រ​ហុ​ឹ​ម​ថា ការ​លក់ដូរ​ទូកត្នោត​បាន​ធ្លាក់​ចុះ​សឹង​ដល់​លេខ​សូន្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ ទោះបី​ស្ថានភាព​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរ​ស្បើយ​​ក៏​ដោយ មុខរបរ​ធ្វើ​ទូកត្នោត​លក់​កំពុង​ប្រឈម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​យ៉ាង​ខ្លាំង ហើយ​ស្រប​ពេល​នេះ​អ្នក​ធ្វើ​ទូកត្នោត​នៅ​សល់​តិចតួច​ផង​ដែរ ។ លោក ឃឹម…

រាជ​ធានី​ភ្នំពេញ ៖ ទោះបី​ស្ថានភាព​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរ​ស្បើយ​​ក៏​ដោយ មុខរបរ​ធ្វើ​ទូកត្នោត​លក់​កំពុង​ប្រឈម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​យ៉ាង​ខ្លាំង ហើយ​ស្រប​ពេល​នេះ​អ្នក​ធ្វើ​ទូកត្នោត​នៅ​សល់​តិចតួច​ផង​ដែរ ។

លោក ឃឹម សុ​វី រស់នៅ​សាលា​លេខ​ប្រាំ ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង ដែល​ចាប់​យកមុខ​របរ​ធ្វើ​ទូកត្នោត ​និង​ដឹក​លក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​ចាប់​យកមុខ​របរ​ធ្វើ​ទូកត្នោត​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ កាលដែល​មិន​ទាន់​កើត​ជំងឺ​កូ​វី​ដ​១៩ លក់​ទូកត្នោត​ដាច់​គួរសម​និយាយ​រួម​ក្នុង​មួយ​ខែ​យ៉ាង​ហោច​ណាស់​លក់​បាន​២​ទៅ​៣​ទូក​ដែរ ទូក​មួយ​តម្លៃ​ជិត​១០០​ដុល្លារ ។ ក៏​ប៉ុន្តែ​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ប្រទេស​យើង​មាន​កើត​ជំងឺ​កូ​វី​ដ​១៩ មក​ការ​លក់ដូរ​ទូកត្នោត​បាន​ធ្លាក់​ចុះ​សឹង​ដល់​លេខ​សូន្យ ។ ដូច្នេះ​គាត់​ត្រូវ​បង្ខំចិត្ត​ដឹក​ទូកត្នោត​តាម​រ៉ឺ​ម៉ក​​ម៉ូតូ​លក់​ចល័ត​រហូត​ដល់​ភ្នំពេញ ថ្លៃ​ខ្លះ​លក់​បាន ថ្ងៃ​ខ្លះ​ដាច់​បាយ​តែ​ម្តង​ដោយសារ​គ្មាន​អ្នក​ទិញ ។

លោក ឃឹម សុ​វី បាន​រំលឹក​ថា ការ​ធ្វើ​ទូកត្នោត​នេះ​គេ​មិនមែន​ចេះ​តែ​យក​ដើម​ត្នោត​តាម​ចិត្ត​ចង់​នោះ​មក​ធ្វើ​ទេ គឺ​គេ​យក​ដើម​ត្នោត​ចាស់​ៗ​ដែល​លែង​មាន​ផ្លែ និង​មិន​អាច​យក​ទឹកបាន​តទៅ​ទៀត ។ គាត់​ថា ​ដើម​ត្នោត​ណា​ដែល​ចាស់ ទើប​គាត់​ទិញ​ពី​អ្នក​ភូមិ​ជិត​ឆ្ងាយ​ក្នុង​តម្លៃ​ពី​៣​ទៅ​៥​ម៉ឺ​ន​រៀល ក្នុង​មួយ​ដើម​ដឹក​យក​មក​ផ្ទះ​កែ​ច្នៃ​ជា​ទូកត្នោត​ដែល​មាន​ប្រវែង​យក​ត្រឹមតែ​២​ម៉ែត្រ​៨​តឹក សល់​ពី​នឹង​​ធ្វើ​ជា​សម្ភារ​ផ្សេង​ៗ ។ ដោយសារ​ប្រឈម​ការ​ខ្វះខាត​ក្នុង​ជីវភាព ព្រោះ​គ្មាន​អ្នក​មក​ទិញ​ទូក​ត្នោត​ដូច​ពេល​មុន ទើប​គាត់​បែកគំនិត ដឹក​ទូកត្នោត​ម្តង​ៗ​បាន​បួន​គ្រឿង​តាម​រ៉ឺ​ម៉ក់​ម៉ូតូ​លក់​ចល័ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ រហូត​ដល់​ភ្នំពេញ ។

ទូកត្នោត​ដែល​គាត់​ដឹក​លក់​នេះ គឺជា​ទូក​តាំង​លម្អ​នៅ​តាម​សណ្ឋាគារ រី​សត ភោជនីយដ្ឋាន វិឡា​និង​ភូមិ​គ្រឹះ​ផ្សេង​ៗ ក្នុង​តម្លៃ​មួយ​១២០​ដុល្លារ ។ ពិតជា​មិន​គួរ​ឲ្យ​ជឿ​សោះ​សម្រាប់​រូប​គាត់​ខំ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​រសៀល សូ​ម្បី​តែ​ទូក​មួយ​ក៏​លក់​មិន​ដាច់​គ្មាន​អ្នក​សួរ​មួយ​ម៉ាត់។

លុះ​គាត់​បើក​ម៉ូតូ​តាម​ផ្លូវ​លេខ​២៧១ ខាងកើត​មន្ទីរពេទ្យ​រុ​ស្សី មាន​ហាង​លក់​គ្រឿងសង្ហារិម​មួយ​កន្លែង ដែល​មាន​ផលិតផល​តាំង​លក់​ខ្លះ​ធ្វើ​មក​ពី​ដើម​ត្នោត ។ ឃើញ​ដូច្នេះ​គាត់​ដាច់​ចិត្ត​ចូល​សួរ​ម្ចាស់​ឲ្យ​ជួយ​ទិញ​ទូក​របស់​គាត់​បួន ​ព្រោះ​ពេលវេលា​ល្ងាច ហើយ​ណាមួយ​គាត់​ប្រញាប់​ទៅ​ផ្ទះ​ផង ។ ម្ចាស់​ហាង​ខាងលើ​ទំនងជា​មាន​ក្តី​អាណិត និង​ម្យ៉ាង​វិញ​មិន​មាន​ហាង​ណា​លក់​គ្រឿង​សង្ហារិម​មាន​តាំង​លក់​ទូកត្នោត បែប​នេះ​ទេ​នៅ​ភ្នំពេញ ទើប​គាត់​សម្រេចចិត្ត​ទិញ​ទូក​ទាំងអស់​ក្នុង​តម្លៃ​៧០​ដុល្លារ​ទូក​មួយ ។

លោក សាន ពៅ ម្ចាស់​សិប្បកម្ម​ធ្វើ​ទូកត្នោត​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា សិប្បកម្ម​របស់​គាត់​ធ្វើ​ទូកត្នោត​សម្រាប់​ដាក់​តាំងនៅ​លើ​វិឡា ភោជនីយដ្ឋាន ផ្សារ​ទំនើប រី​សត និង​ភូមិ​គ្រឹះ ក្នុង​មួយ​ខែល​ក់បាន​២​ទៅ​៣​ទូក​ដែរ ក្នុង​តម្លៃ​ចាប់ពី​៣០០​ទៅ​៤០០​ដុល្លារ​​ហើយ ច្រើន​អ្នកទិញ​ជា​អ្នក​មក​ពី​ភ្នំពេញ ។ ដើម​ត្នោត​ដែល​គាត់​ទិញ​មក​កែ​ច្នៃ​ធ្វើ​ទូកត្នោត​នេះ​គាត់​យក​តែ​ដើម​ត្នោត​ចាស់​ៗ ដែល​លែង​មាន​ផ្លែ ។ គាត់​ថា បើ​យក​ដើម​ត្នោត​ដែល​មាន​ផ្លែ គឺ​មិន​អាច​យក​ច្នៃ​ធ្វើ​អ្វី​បាន​នោះ​ទេ ។ ដើម​ត្នោត​ចាស់​ៗ​អស់​ថ្លៃ​គាត់​ទិញ​នៅ​ភូមិ​ក្នុងស្រុក​បាកាន​តែ​ប៉ុណ្ណោះ​ក្នុង​តម្លៃ​មួយ​ដើម​៥​ម៉ឺន​រៀល​មាន​ប្រវែង​ពី​១៥​ទៅ​២០​ម៉ែត្រ ហើយ​យក​មក​ធ្វើ​ទូក​ក្នុង​ទូក​មួយ​ប្រើ​ពេល​យ៉ាងតិច​១០​ថ្ងៃ ទើប​រួចរាល់​ទាំងស្រុង ។

លោក សាន ពៅ បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​មិន​មានការ​ធ្វើ​ទូកត្នោត​សម្រាប់​យក​ទៅ​អុំ​តាម​​បឹងបួរ​ទៀត​ឡើយ ព្រោះ​ទូក​ជ័រ​ដែល​គេ​ហៅ​ថា​ទូក​បី​ស្លឹក​មក​ពី​វៀតណាម មាន​លក់​ទូ​ទាំង​ប្រទេស ។ សូ​ម្បី​តែ​នៅ​ខេត្តពោធិ៍សាត់​យើង​នឹង​ប្រជាពលរដ្ឋ​និយម​ប្រើ​ទូក​វៀ​ណា​ម​តាម​ដង​ទន្លេ​បឹងបួរ​អស់​ទៅ​ហើយ ។ ទើប​សិប្បកម្ម​របស់​លោក​ធ្វើ​ត្នោត​សម្រាប់​តាំង​លម្អ​តែ​ប៉ុណ្ណោះ ។ តែ​បច្ចុ​ប្បន្ន​មាន​កើត​ជំងឺ​កូ​វី​ដ​១៩​បាន​ធ្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​គាត់ ។ តែ​ទោះ​យ៉ាងណា​ គាត់​មិន​អាច​បោះបង់​សិប្បកម្ម​ដែល​ផលិត​ពី​ដើម​ត្នោត​បាន​ឡើយ ។

គួ​រំលឹក​ផង​ដែរ​ថា ដើម​ត្នោត​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង ។ មិន​តែ​ប៉ុណ្ណោះ​វា​ជា​រុក្ខជាតិ​តំណាង​អត្តសញ្ញាណ​របស់​កម្ពុជា​ផង​ដែរ ។ ដើម​ត្នោត មាន​ភាគច្រើន​នៅ​ក្នុង​​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម កំពង់ធំ ព្រៃវែង និង​ខេត្តកណ្ដាល ។​ល​។ ដើម​ត្នោត​ជា​រុក្ខជាតិ​ប្រជាប្រិយ​តំណាង​ឱ្យ​សង្គម​ខ្មែរ ដែល​មាន​វត្តមាន និង​ផ្តល់​នូវ​គុណសម្បត្តិ​ច្រើន​យ៉ាង​ដល់​ប្រជាជាតិ​ខ្មែរ តាំងពី​សម័យ​កំណកំណើត​នគរ​ខ្មែរ និង​ជា​អត្តសញ្ញាណ​ជាតិ ដែល​ប្រជា​ជន​ខ្មែរ​សម្គាល់​នូវ​ទេសភាព​ទឹកដី​របស់​ខ្លួន​ពី​បុរាណកាល រហូត​មក​ដល់​បច្ចុប្បន្ន​ស្រប និង​ពាក្យស្លោក​ថា «​ដើម​ត្នោត​ជា​ជម្រក​ផ្ទះ​ខ្មែរ​» ។ ខ្មែរ​យើង​បាន​ចាត់​ទុក​ដើម​ត្នោត​ជា​រុក្ខជាតិ​តំណាង​​ឱ្យ​និមិត្តរូប​ជាតិ និង​តំណាង​ឱ្យ​វប្បធម៌​ដូច​មានការ​បញ្ជាក់​តាម​រយៈ​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ជា​សក្ខីភាព​ស្រាប់ ។

នៅ​ក្នុង​សង្គម​ខ្មែរ​ដើម​ត្នោត​បាន​ផ្តល់​នូវ​អត្ថ​ប្រ​យោ​ជ​ច្រើន​ណាស់ ក្នុង​នោះ​មាន​ដូច​ជា​ឫស​ត្នោត និង​ផ្កាត្នោត​ឈ្មោល គឺជា​ឱសថ​បុរាណ​សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺគ្រុនចាញ់​កាមរោគ ឬ​ជំងឺ​ស្ពឹក​ចុងដៃចុងជើង ។ និយាយ​រួម គ្រប់​ផ្នែក​របស់​រុក្ខជាតិ​ប្រភេទ​នេះ​គឺ​សុទ្ធតែ​អាចយ​កមក​កែ​ច្នៃ​ឱ្យ​ចេញ​ជា​ប្រយោជន៍​បាន​ទាំងអស់​ឱ្យ​រាប់​មិន​អស់​ដែរ សម័យ​កែ​ច្នៃ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ