ខេត្តបន្ទាយមានជ័យ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាប់រឹបអូសប្រហិតនិងឆ្អឹងមាន់ខូចគុណភាពជិត១តោន ដែលឈ្មួញនាំចូលពីថៃ កាលពីល្ងាចថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ នៅក្រោយផ្សារត្រី ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ស្លាប ជើងមាន់និងឆ្អឹង ដែលខ្មែរយើងហៅថា មាន់ជាន់មីន ជារបស់ដែលថៃលក់សល់និងខ្លះគេបោះចោលចេញពីកសិដ្ឋានចិញ្ចឹម ឬលក់ថោកៗឱ្យឈ្មួញខ្មែរទិញយកមកលក់នៅរាជធានីភ្នំពេញ សម្រាប់អ្នកអាំងលក់តាមផ្សារ ។ សំណាងអ្នកហូប អ្នកពូកែក្លែម…ព្រោះសមត្ថកិច្ចស្ទាក់ចាប់បានមុនដឹកចេញ…អុីចឹងបានជាខ្មែរយើងឈឺច្រើនម្លុឹងៗ ។

វរសេនីយ៍ទោ យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត
ថ្លែងថា តាមការណែនាំនិងដាក់វិធានការពីឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរ បាលខេត្តកម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបនិងឃាត់ចាប់រទេះដឹកទំនិញចំនួន៣គ្រឿង ធ្វើការឆែកឆេររកឃើញមានសាច់មាន់និងឆ្អឹងមាន់ខូចគុណភាព សរុបទម្ងន់៧៤៨គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ។

លោកនាយរងការិយាល័យបញ្ជាក់ថា ក្រោយពេលកម្លាំងចម្រុះបង្ក្រាបសាច់មាន់ ឆ្អឹងមាន់ និងប្រហិតចម្រុះ ទាំងម្ចាស់និងវត្ថុតាង ត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ។ តាមចម្លើយសារភាព គឺសាច់មាន់និងឆ្អឹងមាន់នេះ យកមកលក់តាមផ្សារក្នុងខេត្តនិងនាំចេញទៅលក់នៅតាមបណ្តាខេត្តមួយចំនួនទៀត និងរាជធានីភ្នំពេញ មិនដែលសល់ទេ ។

ឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងនគរបាលខេត្ត ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ថ្លែងថា ចំពោះសាច់មាន់និងប្រហិតចម្រុះដែលសមត្ថកិច្ចចាប់បាននៅក្រុងប៉ោយប៉ែតជាទំនិញខូចគុណភាព ដែលឈ្មួញលួចនាំចូលតាមច្រករបៀង ជាទំនិញដែលប្រទេសគេបោះចោលទៅហើយ ។ ចំណែកម្ចាស់ទំនិញទាំង៣នាក់ ក្រោយពេលនាំខ្លួនទៅសាកសួរហើយ មិនបានជាន់កដកស្លាបគំរាមយកប្រាក់ទេ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ។ រីឯទំនិញដែលខូចគុណភាពយកទៅដុតកម្ទេចចោលនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០៕



ចែករំលែកព័តមាននេះ