រាជធានីភ្នំពេញ៖ មួយរយៈនេះមានអង្គការសង្គមស៊ីវិលមួយចំនួន រួមមានអង្គការសិទ្ធិមនុស្សលីកាដូ ជាតំណាង បានចេញរបាយការណ៍បន្តបន្ទាប់យ៉ាងតិចចំនួនបី ទាក់ទងបំណុលហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ។

សង្គមស៊ីវិលបានរកឃើញថាបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញា បានធ្វើឲ្យពលរដ្ឋធ្វើចំណាកស្រុក ដោយបានចេញរបាយការណ៍មួយ ថាការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន និងរបាយការណ៍ថា ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក ជាដើម។

នៅពេលខាងសង្គមស៊ីវិលចេញរបាយការណ៍ម្តងៗ តំណាងឲ្យធនាគារ មានសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញមុខមកទាត់ចោលរបាយការណ៍ សង្គមស៊ីវិល។ សមាគមធនាគារ ឬមីក្រូហិរញ្ញ ថារបាយការណ៍សង្គមស៊ីវិលកន្លងមកមិនពិត មានភាពមិនប្រក្រតី ឬជារបាយការណ៍មានចេតនាញុះញង់ បង្កចលាចលក្នុងសង្គម ធ្វើឲ្យប៉ះពាល់កិត្តិយសដល់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាដើម។

សមាគមធនាគារបានឲ្យខាងសង្គមស៊ីវិលកែសម្រួលរបាយការណ៍ខ្លួន ប៉ុន្តែសង្គមមិនថាមិនអាចធ្វើបានទេ ដោយប្រកាន់ជំហថាអ្វីដែលខ្លួនរកឃើញជាការពិត បានពីការចុះសម្ភាសផ្ទាល់ជាមួយពលរដ្ឋ ។ សង្គមស៊ីវិល ថែមសំណូមពរដល់ធនាគារឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ជួយសង្រួលលក្ខខណ្ឌរបស់ខ្លួន ជួយដល់ពលរដ្ឋពេលមានវិបត្តិសេដ្ឋកិច្ចនេះ ថែមទៀត
លោកជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងសាស្ត្រាចារ្យបង្រៀនច្បាប់ បានលើកឡើងថា ដើម្បីបញ្ជាក់ពីសុចរិតភាព និងអព្យាក្រឹត្យគេគួរមានវេទិកាតទល់គ្នារវាងស្ថាប័នទាំងពីរ ដើម្បីបញ្ជាក់ការពិត។

ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ផង លោកជិន ម៉ាលីនបានលើកឡើងដូច្នេះ « ជាយោបល់ផ្ទាល់ខ្លួន ដើម្បីកុំឱ្យមានការចោទប្រកាន់គ្នាទៅវិញទៅមក គួរតែរៀបចំឱ្យមានវេទិកាតទល់គ្នាមួយលើមូលដ្ឋាននៃការស្រាវជ្រាវ និងចេញរបាយការណ៍នេះ រវាងភាគីសង្គមស៊ីវីដែលចេញរបាយការណ៍ និងភាគីសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែលទទួលរងផលប៉ះពាល់ពីរបាយការណ៍នេះ ដោយមានតំណាងស្ថាប័នរដ្ឋាភិបាលជាអ្នករៀបចំនិងសម្របសម្រួល ក្នុងគោលដៅបញ្ជាក់ពីវិទ្យាសាស្ត្រភាព សុចរិតភាព និងអព្យាក្រឹត្យភាព នៃការស្រាវជ្រាវនិងផ្សព្វផ្សាយរបាយការណ៍នេះ» ៕
ចែករំលែកព័តមាននេះ