រាជធានីភ្នំពេញ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក្រសួងមាហផ្ទៃ បានឲ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២០នេះ មានជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា បានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យាមានជាង១៦ម៉ឺននាក់ ។ ចំនួននេះបានថយចុះជាងឆ្នាំ២០១៩ ដោយសារជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា រយៈពេល៦ខែឆ្នាំ២០២០នេះ មានបញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យជនបរទេសមកកម្ពុជាមានការថយចុះ ហើយកម្ពុជាទទួលជនបរទេសជាង១លាននាក់ បើប្រៀបធៀបរយៈពេលដូចគ្នានេះឆ្នាំ២០១៩ គឺទទួលបានជាង៣លាននាក់។

មន្ត្រីជាន់ខ្ពស់ខាងលើ បានលើកឡើងថា «តាមប្រព័ន្ធព័ត៌មានវិទ្យា ដែលយើងបានបង្កើតឡើង ហើយយើងអនុញ្ញាត ឲ្យម្ចាស់គោលដៅ និងម្ចាស់ទីតាំង ឬម្ចាស់លំនៅដ្ឋាន ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅក្នុងប្រទេស ចុះវត្តមានជនបរទេសស្នាក់នៅលំនៅដ្ឋានរបស់ខ្លួន ។ មកដល់ម៉ោងនេះ យើងទទួលបានជាង១៦ម៉ឺននាក់ ដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធយើង ប៉ុន្ដែប្រព័ន្ធក៏បានបញ្ជាក់ថា វត្តមានជាក់ស្ដែង ប្រហែលជាង១១ម៉ឺននាក់ប៉ុណ្ណោះ»។
លោក គៀត ច័ន្ទថារិទ្ធថា ប្រព័ន្ធព័ត៌មានវិទ្យាកំពុងតែតាមដានបន្ដទៀត ចំពោះជនបរទេសស្នាក់នៅកម្ពុជា ដូច្នេះជនបរទេសអាច នឹងមានការកើនឡើងបន្ថែមទៀត ដោយសារតែអគ្គនាយកដ្ឋានអន្ដោប្រវរសន៍ បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មានវិទ្យានេះ ។ លោកសង្ឃឹមថា ការចុះបញ្ជីជនបទេសតាមប្រព័ន្ធព័ត៌មានវិទ្យា នឹងកាន់តែល្អបន្ថែមទៀត ព្រោះការងារនេះក៏ជាជំហានដំបូងនៅកម្ពុជា ហើយការងារនេះក៏បានជួបបញ្ហាមួយចំនួនផងដែរ ។
លោកក៏បានសូមណូពរ ដល់ម្ចាស់ទីតាំង ម្ចាស់លំនៅដ្ឋាន ម្ចាស់អគារ ជាដើម ត្រូវចូលរួមទាំងអស់គ្នាដើម្បីឲ្យទទួលបានការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព ព្រោះការងារទាំងនេះក៏បានកំណត់ដោយច្បាប់ផងដែរ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ប្រសិនបើមានម្ចាស់ទីតាំងណាមួយឲ្យជនបរទេសស្នាក់នៅ ហើយមិនសហការជាមួយសមត្ថកិច្ច នោះម្ចាស់ទីតាំងនឹងទទួលពិន័យតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ