រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះប្រការដែលអាចឆ្លងវីរុសកូវីដ ១៩ ដល់ខ្លួនអ្នក ក្រុមគ្រួសាររបស់អ្នក និងសហគមន៍របស់អ្នក ព្រោះកម្ពុជានៅតែមានហានិភ័យនៃវីរុសកូវីដ ១៩ ក្រោយពីការរកឃើញករណីវីជ្ជមានថ្មីចំនួន ៥នាក់ ក្នុងនោះមានជនជាតិអាមេរិកាំង ២នាក់ផងដែរនោះ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ នេះថា «ខ្ញុំសូមគោរព និងជម្រាបជូន បងប្អូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ការរកឃើញ ៥ ករណីវិជ្ជមាន វីរុសកូវីដ១៩ ថ្មី ៥នាក់ថែមទៀតនេះ គឺបញ្ជាក់ច្បាស់ហើយថា យើងមិនទាន់រួចផុតពីហានិភ័យនៃការ ចម្លងវីរុសកូវីដ ១៩ នោះទេ ថ្វីត្បិតតែ កន្លងមកនេះ ចំនួន ដែលបានរកឃើញនេះសុទ្ធសឹងតែ ជាចំនួននាំចូលមកពីប្រទេសក្រៅក៏ពិតមែន ក៏ប៉ុន្តែប្រសិន បើបងប្អូនប្រជាពលរដ្ឋរបស់យើងនេះ មានការធ្វេសប្រហែស ដោយមិនបានយកចិត្តទុកដាក់ ក្នុងការការពារខ្លួន ឲ្យបានត្រឹមត្រូវទេនោះ ចាស ហានិភ័យនៃការចម្លងវីរុសកូវីដ ១៩ គឺនៅតែមានទេចាស» ។

លោកជំទាវបានបន្តថា ដោយសារតែយើងមិនដឹងបុគ្គល ណាខ្លះដែលគាត់មាន ហៅថា ផ្ទុកនូវវីរុសកូវីដ ១៩ ក្នុងកំឡុងពេលដែលគាត់ធ្វើដំណើរ ហើយក៏ដូចជាក្នុងពេលដែលបុគ្គល ចល័តពីកន្លែងមួយ ទៅកន្លែងមួយ ។ ដូច្នេះហើយបានជា វិធានការនៃការធ្វើចត្តាឡីស័ក ចំនួន១៤ ថ្ងៃនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនយើង ដែលមានការប៉ះពាល់ ផ្ទាល់ក្តី ឬការប៉ះពាលដោយប្រយោលក្តី ដែលចាំបាច់ត្រូវតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែក តាមត្រឹមត្រូវក្នុងរយៈពេល ១៤ ថ្ងៃ នេះចាស ដើម្បីតាមដានសុខភាពផ្ទាល់ខ្លួន នេះក៏ដើម្បីជាប្រយោជន៍ដល់សុខភាពផ្ទាល់ខ្លួន ដើម្បីសុខភាពក្រុមគ្រួសារផ្ទាល់ខ្លួន ក៏ដូចជាដើម្បីសុខភាពសហគមន៍របស់យើង មិនមានការចម្លង ចូលទៅក្នុងសហគមន៍របស់យើង ។

ចាស! ហើយក្រសួងសុខាភិបាលនៅថ្ងៃនេះក៏បាន ចេញនូវសេចក្តីណែនាំ សម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើង យកទៅអនុវត្ត យកទៅប្រតិបត្តិ នៅក្នុងអំឡុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតិឲ្យឈប់សម្រាកសង ពេលបុណ្យចូលឆ្នាំខ្មែរកន្លងមក ។
លោកជំទាវអ្នកនាំពាក្យរូបនេះបានបន្ថែមថា «ហើយការឈប់សម្រាកនាពេលខាងមុខនេះនឹងមានរយៈពេលយូរ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ប្រហែលជាមានបងប្អូនយើងមួយចំនួន អាចវិលត្រឡប់ទៅជួបជុំបងប្អូនក្រុមគ្រួសារនៅផ្ទះសម្បែង លំនៅឋានរបស់ខ្លួននៅភូមិ នៅភូមិឃុំរបស់ខ្លួន ដើម្បីជួបជុំញាតិមិត្តក្រុមគ្រួសារ ហើយក៏មានបងប្អូនមួយចំនួនប្រហែលជាមានផែនការដើម្បីធ្វើដំណើរទៅកម្សាន្តនៅទីនានា អ៊ីចឹងសូមបងប្អូនអនុវត្តនូវវិធានការពារខ្លួន ដើម្បីជៀសផុតពីការចម្លងវីរុសកូវីដ ១៩ ដល់ខ្លួន ក្រុមគ្រួសារខ្លួន និងចូលទៅសហគមន៍របស់យើង» ៕
ចែករំលែកព័តមាននេះ