រាជធានីភ្នំពេញ ៖ សត្វឆ្កែ ឬ សុនខ ជាកម្លាំងសំខាន់មួយនៅក្នុងការរុករកកាកសំណល់សង្គ្រាម ឬមីនកប់ក្នុងដី ។ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា CMAC មានឆ្កែជាច្រើនក្បាលបានចូលរួមបេសកកម្មនេះ ហើយទំនងមានសុនខ មិនតិចនោះទេ ដែលបានបាត់បង់ជីវិតនៅក្នុងបេសកកម្មដ៍គ្រោះថ្នាក់នោះ។

លោក ហេង រតនា ប្រធានមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា បានបង្ហាញរូបពីទីលានបញ្ចុះសពសុនខ ពីរកន្លែងរបស់ CMAC គឺនៅសារមន្ទីសន្តិភាពសកម្មភាពមីនសៀមរាប និងនៅមជ្ឈមណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង ។ សុនខដែលបាត់បង់ជីវិតក្នុងបេសកកម្មដោះមីន ត្រូវបានគេកប់ និងលើកស្លាកឈ្មោះមុខផ្នូរទៀតផង ដែលមើលទៅគុណបំណាច់របស់ឆ្កែនៅក្នុងបេសកកម្មសម្អាតមីនមិនចាញ់មនុស្សឡើយ ។
នៅកន្លែងបញ្ចុះសពសត្វសុនខ របស់ CMAC មានឆ្លាស់រូបឆ្លែយ៉ាងសង្ហាបង្ហាញជានិមិត្តរូបទៀតផង ។

លោក ហេង រតនា បានសរសេរថា «ទីលានបញ្ចុះសពសុនខ និងរំលឹកគុណបំណាច់ការងារសុនខហិតមីនរបស់អង្គភាពស៊ីម៉ាក់ ។ សុនខហិតមីន និងសំណល់ជាតិផ្ទុះរបស់អង្គភាពស៊ីម៉ាក់បានចូលរួមបំពេញភារកិច្ចមនុស្សធម៌ និងសង្គ្រោះជីវីតមនុស្ស!» ។

នៅពេលអាជ្ញាធរខេត្តសៀមរាបចេញលិខិតបញ្ឈប់ការជួញដូរសត្វឆ្កែ កាលពីដើមខែកក្កដានេះ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជាបានគាំទ្រជាខ្លាំង និងបានលើកឡើងថា ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ត្រង់មាត្រាទី១១២ ១១៣និង១១៥ បានកំរិតដាក់ទោសចំពោះអ្នកធ្វើអាជីវកម្មសត្វដោយគ្មានការអនុញ្ញាតិ ។
បើសង្កេតមើលការជួញដូរសាច់សត្វសុនខ សត្វឃាតសុនខ សុទ្ធតែគ្មានច្បាប់អនុញ្ញាតិនោះទេ ដូចនេះវិធានការច្បាប់មិនត្រូវព្រងើយកន្តើយចំពោះភាពអនាធិបតេយ្យលើការជួញដូរសាច់សុនខនិង សត្វឃាតសុនខឡើយ។
ប្រធានមជ្ឈមណ្ឌលចំចាត់មីនកម្ពុជា បានលើកឡើងថា «ការអនុវត្តច្បាប់នេះដោយស្មារតីទទួលខុសត្រូវខ្ពស់។ ល្មមដល់ពេលវេលារឹតបន្តឹងច្បាប់នេះហើយ ដើម្បីលើកកម្ពស់វប្បធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូររបស់ខែ្មរយើង។ ខែ្មរអាចធ្វើបាន ដោយមិនបរិភោគសាច់សុនខ» ។
ពលរដ្ឋខ្មែរមួយចំនួនបាននិយមទទួលទានសាច់សត្វឆ្កែ ហើយបានដាក់ឈ្មោះថាសាច់ពិសេស។ ការនាំគ្នាទទួលទានសាច់សត្វឆ្កែនេះ បានបណ្តាលឲ្យមានការជួញដូរសត្វសុនខនេះ បែបអាណាធិបតេយ្យនិងគ្មានសីលធម៌។
មន្ទីរកសិកម្មខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២០ បានចេញសេចក្តីប្រកាសមួយពីហាមមិនឲ្យមានការជួញដូរ និងសម្លាប់សត្វឆ្កែធ្វើអាហារនៅលើទឹកដីទេសចរណ៍ និងវប្បធម៌នេះទៀតឡើយ ។ ប្រកាសនេះបានទទួលការគាំទ្រជាសាធារណៈយ៉ាងច្រើន៕
ចែករំលែកព័តមាននេះ