រាជធានីភ្នំពេញ ៖ សមិទ្ធផលថ្មីមួយទៀតហើយ ដែលរដ្ឋបាលខណ្ឌច្បារអំពៅ សម្រេចបាន១០០ភាគរយដើម្បីបំពេញ និងបម្រើដល់សេវាតម្រូវការរបស់បងប្អូនប្រជពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមិទ្ធផលថ្មីនេះ គឺជាអាគារស្នាក់ការភូមិអូរអណ្តូង ដែលទើបនឹងសាងសង់រួចរាល់ ហើយត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោកជំទាវឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌច្បារអំពៅ , និងក៏វត្តមានលោកអ៊ំុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលខណ្ឌ លោកលោកស្រីជាអភិបាលរង , លោកអធិការនគរបាល លោកមេបញ្ជាការកងរាជអាវុធហត្ថ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ជិត៣០០នាក់ផងដែរ ។

ក្នុងឱកាសខាងលើ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍អោយដឹងថា ៖ អាគារទីស្នាក់ការភូមិអូរអណ្តូងថ្មីសន្លាងខាងលើនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ហើយបញ្ចប់ការសាងសង់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ដដែល ដោយមានទំហំទទឹង៥ម៉ែត្រ គុណ បណ្តោយ៦ម៉ែត្រ កំពស់២ជាន់ និងចំណាយទឹកប្រាក់សរុបអស់ជាង១១២លានរៀល ស្មើនិងជាង២៧០០០ដុល្លារ ។

លោកអភិបាលបន្តថា ប្រភពថវិការនៃការសាងសង់អគារថ្មីនេះ បានមកពីសប្បុរសជន ចូលរួមចំណែកជាមួយគណៈអភិបាលខណ្ឌនិងសង្កាត់ ទើបសម្រេចបាននូវសមិទ្ធផលមួយបន្ថែមទៀត សម្រាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

លោកអភិបាលខណ្ឌបញ្ជាក់ថា សមិទ្ផលខាងលើនេះ គឺជាទីតាំងសម្រាប់ផ្តល់នូវសេវាតម្រូវការផ្សេងជូនពលរដ្ឋ និងក៏ជាទីតាំងសម្រាប់ទទួលនូវព័ត៌មាន ឬបណ្តឹងផ្សេងៗរបស់បងប្អូនពលរដ្ឋ ក្នុងករណីកើតមានបញ្ហាកើតទុក្ខមិនសុខចិត្តរឿងអ្វីដែលបងប្អូនកំពុងជួបប្រទះ មិនថា បញ្ហាក្មេងទំនើង គ្រឿងញៀន ឬអំពើអសន្តិសុខ ជាដើម ដោយក្នុងនេាះ គឺមានអ្នកប្រចាំការនៅស្នាក់ការភូមិ២៤ម៉ោងលើ២៤ម៉ោង ពោលគឺឆ្លាស់វេនគ្នាប្រចាំការជានិច្ច រង់ចាំដោះស្រាយបញ្ហាផ្សេងៗទាំងអស់ជូនពលរដ្ឋ ។

នៅក្នុងអង្គពិធីដដែលនោះ លោកជំទាវឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ បានថ្លែងកោតសរសើរដល់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ , ក្រុមប្រឹក្សាខណ្ឌ-សង្កាត់ ដែលបានខិតខំរួមគ្នាក្នុងការគៀងគររកសប្បុរសជនជួយឧបត្ថម្ភជាសម្ភារៈ និងថវិការ ក្នុងការសាងសង់អគារថ្មីទីស្នាក់ភូមិអូរអណ្តូង ដើម្បីបំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ សមិទ្ធិផលនេះសបញ្ជាក់ជាជាវឌ្ឍនភាពថ្មីមួយទៀតរបស់រដ្ឋបាលខណ្ឌច្បារអំពៅផងដែរ ។

ចែករំលែកព័តមាននេះ