រាជធានីភ្នំពេញ ៖ នារីវ័យក្មេងជាជនជាតិវៀតណាមម្នាក់បានធ្វើការប្រតាយប្រតប់គ្នាជាមួយនឹងស្ត្រីជាម្តាយ រួម និងបងប្អូនបង្កើតស្រីៗចំនួន ២នាក់ទៀតនៅតាមផ្លូវ ដោយបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកនៅក្បែរខាង និងកម្លាំងមានសម្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២០ នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ក្រោយពេលដែលនាងបានចុះចេញពីផ្ទះ និងកូនរបស់ខ្លួនអស់រយៈពេលជាង ១ ខែមកហើយៗមករស់នៅផ្ទះជួលជាមួយ និងបុរសជាជនជាតិវៀតណាមដូចគ្នា ដែលមានប្រពន្ធ និងកូនចំនួន២នាក់ផងដែរ តែម្តាយ និងបងប្អូនមិនព្រមក៏តាមរកឃើញ និងហៅអោយទៅផ្ទះវិញ តែនាងមិនព្រមក៏កើតមានជម្លោះគ្នាជាមួយម្តាយ និងបងប្អូននោះ ។

ស្ត្រីជាម្តាយបានរៀបរាប់ប្រាប់ឱ្យដឹងថា កូនស្ត្រីរបស់គាត់មានអាយុ២០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនម្នាក់ អាយុ៣ខួប ដែលបានលែងលះជាមួយ និងប្តីរបស់គេតាំងពីនាងទើបតែមានផ្ទៃពោះ ២ ទៅ ៣ខែមកម្លេះ ដោយមានផ្ទះនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ មួយរយៈចុងក្រោយនេះ កូនស្រីរបស់គាត់បានស្រឡាញ់លួចលាក់ជាមួយ និងបុរសម្នាក់ (ជាជនជនជាតិវៀតណាមដូចគ្នា) ដែលមានប្រពន្ធ និងកូន ២នាក់ និងរស់នៅផ្ទះក្បែរគ្នានោះ តែរូបគាត់ជាម្តាយ និងប្តីរួមទាំងបងប្អូនរបស់វាមិនមានអ្នកណាម្នាក់យល់ព្រមឡើយ «ដោយសារតែគេមានប្រពន្ធ និងកូនដែលមិនទាន់មានការលែងលះគ្នាដាច់ស្រេចនៅឡើយទេ»នោះ ។

ស្ត្រីដដែលក៏បានប្រាប់បន្តទៀតថា លុះក្នុងរយៈពេលជាង១ខែមកហើយ កូនស្រី របស់គាត់បានចុះចេញពីផ្ទះ និងចោលកូនម្នាក់ទុកអោយគាត់ចិញ្ចឹម និងមកជួលផ្ទះ និងធ្វើការក្នុងហាងកាហ្វេមួយកន្លែង នៅម្តុំបឹងត្របែកនេះ ។ លុះដល់ព្រឹកនេះ គាត់បានដឹងពីកន្លែងដែលនាងធ្វើការក៏បានមកជាមួយនិងកូនស្រីៗ ចំនួន ២ នាក់ទៀតក្នុងបំណងនិយាយលួងលោមហៅអោយទៅផ្ទះវិញ តែកូនរបស់គាត់មានៈមិនព្រមទៅផ្ទះវិញទើបពួក គាត់ព្យាយាមចាប់ និងប្រទាញប្រទង់គ្នាតែម្តងទៅ។

ក្នុងពេលនេះដែរ ពេលដែលមានការប្រតាយប្រតប់គ្នារវាងម្តាយ និងកូនស្រីរបស់ខ្លួននោះក៏មានការភ្ញាក់ផ្អើលកើតឡើងទៅដល់អ្នកជិតខាង និងកម្លាំងមានសម្ថកិច្ចប៉ុស្តិ៍បឹងត្របែកចុះមកជួយឃាត់ និងនាំទៅធ្វើការសួរនៅប៉ុស្តិ៍ផងដែរ ។

ក្រោយពីកម្លាំងមានសមត្ថកិច្ចបាននាំទាំងម្តាយ និងកូនទាំង២នាក់ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលបឹងត្របែកនោះ នារីជាកូនបានបញ្ជាក់ប្រាប់ថា «នាងមិនត្រឡប់ទៅរស់នៅផ្ទះវិញជាដាច់ខាត ព្រោះខ្លាចម្តាយនាងវ៉ៃ និងម្យ៉ាងទៀត បុរសជាគូរស្នេហ៍របស់នាងក៏បានធ្វើការលែងលះជាមួយ និងប្រពន្ធរបស់គេ រួចហើយដែរ» ។

ដោយសារតែការសម្របសម្រួលគ្នារវាងម្តាយ និងកូនទាំង២នាក់ មិនត្រូវគ្នា កម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកក៏បានជូនទៅធ្វើការដោះស្រាយគ្នា នៅឯសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាបន្តទៅទៀត ដោយសារតែពួកគាត់មានទីលំនៅនៅទីនោះ ៕
ចែករំលែកព័តមាននេះ