រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាករយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ការអនុញ្ញាតឲ្យឈប់សម្រាកយូរនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ឬអាចធ្វើដំណើរកម្សាន្តផងដែរ ។

ក្រសួងសុខាភិបាល បានព្រមានថា ការរាតត្បាតនៃជំងឺកូវីដ១៩ មិនទាន់សាបរលាបនៅឡើយនោះទេ ហើយបានទទូចឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការបង្ការការឆ្លងជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួននៅក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃនៅខែសីហាខាងមុខនេះ ។ សម្រាប់ក្រសួងសុខាភិបាល នៅតែមានការព្រួយបារម្ភខ្លាចមានការចម្លងជំងឺកូវីដ១៩ ក្នុងកំឡុងពេលនៃថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ ។

ចំពោះវិធានការពេលឈប់សម្រាក ៥ថ្ងៃខាងមុខនេះ ក្រសួងសុខាភិបាល មាន៦ ចំនុចធំៗ និងអំពាវនាវពលរដ្ឋអនុវត្តន៍វិធានបង្ការជំងឺកូវីដ១៩ នេះឲ្យបានខ្ជាប់ខ្ជូនក្នុងថ្ងៃឈប់សម្រាកនៅខែក្រោយនេះ ។

ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការចំនួន៦រួមមាន ៖
ជ្រើសរើសការជួបជុំគ្រួសារ ឬដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពមិនមានការចម្លងជំងឺ , ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិប្បរិមានូវការចម្លងជំងឺ, ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ, ជ្រើសរើសការទទួលទានអាហារប្រកបដោយសុវត្ថិភាពមិនបង្កការចម្លងជំងឺ, បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនចូលរួមអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានការចម្លងទៅសហគមន៍ ។ សូមកុំភ្លេចខ្លួន យើងអាចភ្លេចកូវីដ១៩បាន តែកូវីដ១៩ មិនភ្លេចយើងឡើយ ៕
ចែករំលែកព័តមាននេះ