រាជធានីភ្នំពេញ ៖ ក្រសួងស្ថាប័នជំនាញរបស់រដ្ឋបានផ្តើមជួបគ្នាដោះស្រាយបញ្ហានានាដែលជាឧបសគ្គដល់ការចិញ្ចឹមសត្វរបស់កសិករនៅក្នុងស្រុកនាពេលកន្លងមក ។ រដ្ឋកំពុងជំរុញឲ្យមានការផលិតចំណីសត្វនៅក្នុងស្រុក ទប់ស្កាត់ការនាំចូលសាច់សត្វពីបរទេស និងការប្រើប្រាស់ឲ្យអស់លទ្ធភាពរាល់វត្ថុធាតុដើមនៅក្នុងស្រុក ។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី១៦ ខែកក្កដានេះបានជួបជាមួយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីបញ្ហានេះ ។ រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា ជំនួបរវាងក្រសួងជំនាញទាំងពីរធ្វើឡើងតាមអនុសាសន៍របស់សម្តេច ហ៊ុន សែន ដែលបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វ ជ្រូក មាន់ ទា និងត្រីបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ ។

ក្នុងលើកកម្ពស់ឲ្យមានការចិញ្ចឹមសត្វនៅក្នុងស្រុកឲ្យកើនឡើងនោះ សម្តេចនាយករដ្ឋមន្ត្រីក្នុងឱកាសចុះពិនិត្យការចិញ្ចឹមត្រីនៅក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៤ កក្កដា បានស្នើឲ្យក្រសួងជំនាញទប់ស្កាត់ការនាំចូលសាច់សត្វពីបរទេស និងជំរុញការផលិតចំណីសត្វក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់ការចិញ្ចឹមសត្វរបស់ប្រជាកសិករ ។

លោក វេង សាខុន ថា ជំនួបរវាងលោក និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (ការនាំចេញ នាំចូល និងនាំឆ្លងកាត់) ការរឹតត្បិត ឬកាត់ បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យខាងតែបានការនាំចូលសត្វខុសច្បាប់ ។

លោកបញ្ជាក់ថា «វិធានការទាំងអស់នោះ ដើម្បីលើកកម្ពស់ ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់» ។

ប្រជាកសិករខ្មែរតែងតែត្អូញត្អែរថា ការចិញ្ចឹមសត្វមាន់ ជ្រូក ត្រី ឬសត្វផ្សេងៗទៀតដូចជាកង្កែបជាដើមនោះ មិនចំណេញឡើយ ។ មិនចំណេញដោយសារពួកគាត់ត្រូវចំណាយទុនច្រើនក្នុងការទិញវត្ថុធាតុដើមឬចំណីសត្វពីបរទេស ហើយដល់ពេលបានផលលក់មិនឈ្នះផលិតផលនាំចូលឡើយ ។ ផលិតផលនាំចូលដែលថ្លៃចិញ្ចឹមគេទាបជាងការចិញ្ចឹមក្នុងស្រុក លក់ដាច់ជាងផលិតក្នុងស្រុក ដែលធ្វើឲ្យកសិករខ្មែរមិនចង់ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារឡើយ ហើយពលរដ្ឋខ្មែរបើជាទទួលទានរបស់នាំចូលដែលគេសង្ស័យថា មានសារធាតុគីមីច្រើនទៀតផង ។
កសិករអ្នកធ្វើស្រែចម្ការ ដាំបន្លែ ដាំស្រូវ ក៏ត្រូវទិញជី ទិញថ្នាំកសិកម្ម ពីបរទេសទាំងអស់ ដែលធ្វើឲ្យថ្លៃដើមផលិតកសិកម្មនៅកម្ពុជាខ្ពស់ជាងផលិតផលនាំចូល ។ ទោះយ៉ាងណាលោករដ្ឋមន្ត្រីក្រសួងកសិកម្មថាកាលពីឆ្នាំ២០១៩ កន្លងនេះ ផលិតកម្មសត្វ មានការកើនឡើងជាងឆ្នាំមុនៗ គឺកើតបានប្រមាណជាង ២៣ម៉ឺនតោន ដែលអាចផ្គត់ផ្គង់តម្រូវការទីផ្សារបាន៨២% ដែលស្មើ២៩ម៉ឺនតោននោះ។
កសិករ រី វុទ្ធី អ្នកចិញ្ចឹមកង្កែបនៅខេត្តព្រៃវែង ថាបើរដ្ឋអាចទប់ស្កាត់ការនាំចូលសាច់សត្វពីបរទេសមែននោះ កសិករក្នុងស្រុកនឹងមានក្តីសង្ឃឹមក្នុងមុខរបរខ្លួន។ លោកបានលើកជាឧទាហរណ៍ថា សាច់កង្កែបក្នុងស្រុកលក់មួយគីឡូ១ម៉ឺនរៀលទើបចំណេញ តែសាច់កង្កែបនាំចូលគេលក់តែ៦ពាន់រៀលក្នុងមួយគូឡូក្រាបប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ