ធ្លាប់បានទៅកម្សាន្តនៅទឹកធ្លាក់ស្រែអំពិលហើយឬនៅ?
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់ស្រែអំពិល គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង មានខ្យល់អាកាសបរិសុទ្ធ ទឹកហូរធ្លាក់ថ្លាយង់ពីជួរភ្នំឱរ៉ាល់ ។ រមណីយដ្ឋាននេះ ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។ បន្ទាប់ពីបិទទ្វារមួយរយៈដោយសារតែជំងឺកូវីដ-19 បច្ចុប្បន្នរមណីយដ្ឋានមួយនេះបានបើកទ្វារឲ្យភ្ញៀវជាតិចូលទៅលេងកម្សាន្តឡើងវិញហើយ ដែលតាមការអះអាងរបស់សហគមន៍ថានៅរាល់ថ្ងៃសៅរ៍ អាទិត្យមានភ្ញៀវទៅលេងកម្សាន្ត ប្រមាណ១ពាន់នាក់ ។

លោកអែម ជា អនុប្រធានសហគមន៍ទឹកធ្លាក់ស្រែអំពិល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថាកាលពីកូវីដ-19 កំពុងរាតត្បាតខ្លាំង រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលបានបិទទ្វារ ដូចជារមណីយដ្ឋានដទៃទៀតដែរ ដោយសារតែខ្លាចឆ្លងជំងឺកាចសាហាវមួយនេះ ប៉ុន្តែបច្ចុប្បន្នដោយសារតែក្រសួងប្រកាសឲ្យតំបន់ទេសចរណ៍ក្នុងតំបន់មួយចំនួនអាចដំណើរការដោយភ្ញៀវជាតិទៅលេងកម្សាន្ត ក៏បើកទ្វារឡើងវិញជាធម្មតា គឺស្របពេលដែលពេលនេះខែវស្សា សម្បូរទឹកធ្លាក់ពីលើកំពួលភ្នំផងដែរ ។ មានភ្ញៀវទៅលេងកម្សាន្តច្រើននៅថ្ងៃសៅរ៍-អាទិត្យ គឺមានរថយន្តពី៧០ទៅ៨០គ្រឿង មានម៉ូតូជាង២០០គ្រឿង និងមានភ្ញៀវពី៨០០ទៅជា១ពាន់នាក់ ។ ប៉ុន្តែបើខុសថ្ងៃសៅរ៍ អាទិត្យ ភ្ញៀវមានត្រឹមជាង១០រថយន្តប៉ុណ្ណោះ ។

រមណីយដ្ឋានបានធ្វើខ្យូសសម្រាប់ភ្ញៀវអង្គុយលេងកម្សាន្តចំនួន៣២ និងកំពុងធ្វើបន្ត ។ មានធ្វើស្ពានឈើ ស្ពានដែកឆ្លងទឹកធ្លាក់ទៀតផង ។ សម្រាប់តម្លៃវិញ ខ្យូស១ថ្លៃពី១ម៉ឺនទៅ២ម៉ឺនរៀលតាមតូចធំ ចំណែកខ្យូសមានទំហំ៥គុណ៧ម៉ែត្រ ខណ្ឌជា២ ក្នុង១កន្លែងថ្លៃ២ម៉ឺនរៀល ។ភាស៊ីរថយន្ត១គ្រឿងថ្លៃ៥ពាន់រៀល ម៉ូតូ១គ្រឿងថ្លៃ២ពាន់រៀល ចំពោះភ្ញៀវទៅលេងកម្សាន្តមិនគិតថ្លៃទេ ។ម្ហូបអាហារមានកំណត់ ដូចជាមាន់១ក្បាលភ្ញៀវអាចកុំម៉ង់ធ្វើម្ហូបបាន២មុខ ថ្លៃពី៣ម៉ឺនទៅ៤ម៉ឺនរៀលតាមតូចធំ ចំណែកភេសជ្ជៈ១កេស្តថ្លៃលើសទីផ្សារ៥ពាន់រៀល ។

លោកអែម ជា បានបញ្ជាក់ថា៖ សហគមន៍ទឹកធ្លាក់ស្រែអំពិល បានរៀបចំបង្កើតឡើងនៅឆ្នាំ២០១៦ ដោយមានការខិតខំប្រឹងប្រែងពីអាជ្ញាធរឃុំ និងសហគមន៍ ។ បច្ចុប្បន្នរមណីយដ្ឋានមួយនេះបានអភិវឌ្ឍ និងប្រែក្លាយទៅជារមណីយដ្ឋានមួយដែលថ្នាក់ជាតិទទួលស្គាល់ ។ រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល គឺជារមណីយដ្ឋានធម្មជាតិមួយដ៏ស្រស់បំព្រង មានទឹកធ្លាក់ថ្លាយង់ មើលឃើញបាតដី មានខ្យល់ជំនោរត្រជាក់ មានធម្មជាតិព្រៃភ្នំខៀវស្រងាត់ សម្រាប់ភ្ញៀវទៅទស្សនា ពិតជាជក់ចិត្ត និងចង់ទៅលេងម្តងហើយចង់ទៅម្តងទៀតជាពុំខាន ។ រមណីយដ្ឋានមួយនេះមានចម្ងាយជាង៦០គីឡូម៉ែត្រ ពីខាងលិចទីរួមខេត្តកំពង់ឆ្នាំង ៕
















ចែករំលែកព័តមាននេះ