ទំហំខូចខាតឆេះហាង«រ៉ូយ៉ាល់កាសា» អស់ខ្ទង់លានដុល្លារឯណោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងលក់គ្រឿងសង្ហារឹមយីហោ រ៉ូយ៉ាល់កាសា បានក្លាយជាចំណីព្រះអគ្គីអស់ទាំងស្រុង ទោះបីត្រូវបានរថយន្តពន្លត់អគ្គិភ័យបានបន្តកន្ទុយគ្នាបាញ់ទឹកពន្លត់អស់១២០ជើងក្តី ក៏បានធ្វើឱ្យរងរបួសជនជាតិចិនពីរនាក់ប្តី-ប្រពន្ធផងដែរ ។អគ្គិភ័យនេះបានឆេះឡើងយ៉ាងសន្ធោសន្ធៅអស់រយៈពេលប្រមាណជាង២ម៉ោង ដោយបានបំផ្លាញអស់ហាងលក់គ្រឿងសង្ហារិមដ៏ធំមួយកន្លែង ជាប្រភេទផ្ទះថ្ម ប្រក់ស័ង្កសី៤ល្វែង និងមានរហូតទៅដល់កម្ពស់៣ជាន់ មានតាំងលក់សុទ្ធតែជា តុ សាឡុង គ្រែ ពូក រួមទាំងគ្រឿងតុបតែងផ្ទះផ្សេងៗយ៉ាងច្រើន ណែនណាន់តាន់តាប់ស្អេកស្កះ ។

ទំហំនៃការខូចខាតបើគិតជាទឹកប្រាក់អាចខាតបង់អស់រហូតទៅដល់ខ្ទង់លានដុល្លារឯណោះ ដោយគេសង្ស័យថា អគ្គិភ័យនេះកើតឡើង ដោយសារតែការឆ្លងចរន្តអគ្គិសនី ។ មហន្តរាយនេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសមត្ថកិច្ចជាច្រើននាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួនជិត២០គ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៥ ខែកក្កដាម្សិលមិញ នៅចំណុចហាងលក់គ្រឿងសង្ហារិមយីហោរ៉ូយ៉ាល់កាសា «ROYAL CASA» ផ្ទះលេខ៤០២ ABC មហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះជាជនជាតិចិនទាំង២នាក់ប្តីប្រពន្ធគឺជាបុគ្គលិកបានរលាកភ្លើងរងរបួស១-ឈ្មោះ CHEN TING អាយុ៣២ឆ្នាំ ជាប្តី និងទី២-ឈ្មោះ LIN JUON អាយុ៣១ឆ្នាំ ជាប្រពន្ធ ស្នាក់នៅក្នុងហាងលក់គ្រឿងសង្ហារិមនេះតែម្តង ។
មុនពេលកើតហេតុ នៅក្នុងហាងមានបុគ្គលិកជនជាតិចិន២នាក់ប្តី-ប្រពន្ធ បុគ្គលិកនារីជាជនជាតិខ្មែរចំនួន៣នាក់ រួមទាំងស្ត្រីជាអ្នកអនាម័យចំនួន២នាក់ទៀត សរុប៧នាក់ ។ ពេលនោះស្រាប់តែមានអណ្តាតភ្លើងក្រហមច្រាល បានឆេះឡើងយ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មៅហុយខ្មួលខ្មាញ់ចេញពីជាន់ទី១នៃអគារ ។

ភា្លមនោះ ទាំងបុគ្គលិកជនជាតិចិនទាំងពីរនាក់ប្តីប្រពន្ធស្រវេរស្រវារស្ទុះរត់ស្ទើរតែមិនទាន់ជាមួយនារីៗបុគ្គលិកជាជនជាតិខ្មែរ ចេញមកខាងក្រៅហាងនិងស្រែកឆោឡោឡើងឱ្យគេឯងជួយ ។ ភ្លាមៗនោះអ្នករស់នៅក្បែរខាងក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងខ្លះទាញទុយោទឹកទៅជួយបាញ់ពន្លត់ដែរតែអណ្តាតភ្លើង ឆេះកាន់តែសន្ធោសន្ធៅ រាលដាលខ្លាំងទៅៗមិនអាចជួយពន្លត់បានឡើយ ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ក្នុងពេលដែលកំពុងតែកើតមានចលាចលដោយសារអគ្គិភ័យកំពុងតែឆេះយ៉ាងខ្លាំង កម្លាំងមូលដ្ឋានជាច្រើននាក់ក៏បានចុះមកដល់ និងមានរថយន្តពន្លត់អគ្គិភ័យមកពីបណ្តាអង្គភាព ស្ថាប័ន និងក្រុមហ៊ុន ជាច្រើនរហូតទៅដល់២៩គ្រឿង ចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់អស់រយៈពេលប្រមាណជា២ម៉ោង ទើបភ្លើងរលត់និងមិនបន្តឆេះរាលដាលទៅដល់ផ្ទះដែលនៅក្បែរខាងបានទេ ។

មន្ត្រីផ្នែកពន្លត់អគ្គិភ័យបានបញ្ជាក់ថាហាងលក់គ្រឿងសង្ហារិមនេះ មានម្ចាស់ជាជនជាតិចិន និងមិនត្រូវបានស្គាល់អត្តសញ្ញាណទេ បានជួលផ្ទះ៤ល្វែង មានកម្ពស់៣ជាន់ ពីម្ចាស់ជាជនជាតិខ្មែរ ដើម្បីបើកលក់ តុ ទូ គ្រែ ពូក រួមទាំងឧបករណ៍តុបតែងយ៉ាងច្រើននៅគ្រប់ជាន់ទាំងអស់ពេញក្នុងអគារទាំង៤ល្វែងនិងគ្រប់ជាន់តែម្តង។
ពាក់ព័ន្ធទៅនឹងករណីភ្លើងឆេះនេះអាចកើតឡើង ដោយសារតែការឆ្លងចរន្តអគ្គិសនី ទើបបង្កជាអគ្គិភ័យ និងឆេះអស់ទាំងស្រុងតែម្តង ទាំងតួអគារ និងសម្ភារលក់ដូរ រួមទាំងទ្រព្យសម្បត្តិនៅខាងក្នុងនេះអស់គ្មានសល់ ។ចំណែកឯទំហំនៃការខូចខាតបើគិតជាទឹកប្រាក់ក៏នៅមិនទាន់ប៉ាន់ប្រមាណច្បាស់ដែរ ដោយសារតែមិនមានវត្តមានម្ចាស់ ជាជនជាតិចិននៅទីនេះ ។

ក្រោយពេលកើតហេតុ បុគ្គលិករងគ្រោះជាជនជាតិចិនពីរនាក់ប្តីប្រពន្ធ ត្រូវបានគេបញ្ជូនទៅធ្វើការព្យាបាលនៅគ្លីនិកឯកជនមួយនៅក្បែរនោះ ដោយមានរថយន្ត ពន្លត់អគ្គិភ័យរបស់ការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៣គ្រឿង ក្រសួងមហាផ្ទៃ៤គ្រឿង កោះពេជ្រ៥គ្រឿង ទីក្រុងជ្រោយចង្វា៦គ្រឿង និងរបស់ស្រាបៀរកម្ពុជា១គ្រឿង សរុប២៩គ្រឿង ចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ និងធ្វើឱ្យភ្លើងរលត់ទៅវិញបាននៅម៉ោង១២និង៣០នាទីថ្ងៃត្រង់ក្នុងថ្ងៃដដែល ៕





















ចែករំលែកព័តមាននេះ