រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់បានស្នើឲ្យអាជ្ញាធរចាត់វិធានការចំពោះអ្នកជួញដូរ និងសម្លាប់សត្វសុនខ ឬឆ្កែ ។

លោកហេង រតនា បានសរសេរលើបណ្ដាញសង្គម នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ 2020 យ៉ាងដូច្នេះថា ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ត្រង់មាត្រាទី១១២ ១១៣និង១១៥ បានកំរិតដាក់ទោសចំពោះអ្នកធ្វេីអាជីវកម្មសត្វដោយគ្មានការអនុញ្ញាតិ ។
លោកបានបន្តថា បេីសង្កេតមេីលការជួញដូរសាច់សត្វសុនខ សត្វឃាតសុនខ សុទ្ធតែគ្មានច្បាប់អនុញ្ញាតិនោះទេ ដូចនេះវិធានការច្បាប់មិនត្រូវព្រងេីយកន្តេីយចំពោះភាពអនាធិបតេយ្យលេីការជួញដូរសាច់សុនខ និងសត្វឃាតសុនខឡេីយ ។

ជាមួយគ្នានោះដែរ លោកអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាក៏បានលើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នជំនាញ ហេីយឃេីញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបបានចេញសេចក្តីប្រកាសអនុវត្តមុឺងម៉ាត់មាត្រាច្បាប់នេះ ក្រោយលោក ទៀ សីហា អភិបាលខេត្តសៀមរាបជំរុញឱ្យពង្រឹងអនុវត្តច្បាប់នេះ ! បេីពិនិត្យរបាយការណ៍នេះឃេីញថា ដឹងចលនា និងទីតាំងជួញដូរសាច់សុនខ សត្វឃាតសុនខ ស្ទេីរគ្រប់កន្លែង! ។

លោកបញ្ជាក់ថា« ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋយ៉ាងច្រេីនកុះករក្នុងទូទាំងប្រទេស ពិតជាចង់ឃេីញក្រសួង និងមន្ទីរកសិកម្មគ្រប់ខេត្ត/រាជធានីទូទាំងប្រទេសចាត់វិធានការអនុវត្តច្បាប់នេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់! ល្មមដល់ពេលវេលារឹតបន្តឹងច្បាប់នេះហេីយ ដេីម្បីលេីកកំពស់វប្បធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូររបស់ខែ្មរយេីង! ខែ្មរអាចធ្វេីបាន ដោយមិនបរិភោគសាច់សុនខ ។

សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប កាលពីពេលកន្លងមកនេះបានសម្រេចបិតទីតាំងលក់សាច់ឆ្កែ និងទីតាំងសម្រាប់ឆ្កែទាំងអស់នៅទូទាំងខេត្តសៀមរាបតែម្ដង ។ ក្រោយពីសម្រេចទីតាំងប្រជាពលរដ្ឋក៏ដូចជា មហាជនព្រមទាំងអង្គការសង្គមស៊ីវិលបានគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តសៀមរាបផងដែរ ៕
ចែករំលែកព័តមាននេះ