រាជធានីភ្នំពេញ ៖ ជារឿងគួរឲ្យភ័យខ្លាច និងបង្កឲ្យមានការយល់ច្រឡំជុំវិញបញ្ហាដែលសាលារៀនមួយចំនួនបានយកសំណល់គ្រាប់ពីសង្គ្រាមគ្រប់ប្រភេទមកធ្វើជាជួង ។

ជាក់ស្តែងបើតាមហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីមហាជនអំពីទីតាំងសាលារៀនមួយនៅស្រុកបាភ្នំ ខេត្តព្រៃវែង យកសំណល់គ្រាប់បែកធ្វើជាជួងនោះ លោកក៏បានទាក់ទងក្រុមមន្ត្រីជំនាញរបស់ស៊ីម៉ាក់ចុះទៅទីតាំងខាងលើ និងបានដោះជួងគ្រាប់បែកចេញដោយសុវត្ថិភាព ។

លោក ហេង រតនា បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានរឿងនេះមន្ត្រីបានចាត់ការភ្លាមៗ ហើយលោកបានបង្ហោះសារថា «ឈប់លឺសំឡេងជួងគ្រាប់បែកទៀតហើយ!! ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ដកហូតបានសំរេច! សូមអរគុណលោកនាយកសាលា និងប៉ូលិសមូលដ្ឋានចូលរួមសហការ! និងសូមអរគុណលោកម្ចាស់ fab account ឈ្មោះAngkor Thom ដែលបានផ្តល់ពត៌មាននេះ»។


ទីតាំងវិទ្យាល័យដែលប្រើប្រាស់គ្រាប់បែកធ្វើជាជួងនេះ គឺមានការរាយការណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដល់លោក ហេង រតនា ផ្ទាល់តែម្តង ដែលជួងគ្រាប់បែកនេះ ត្រូវបានប្រើប្រាស់នៅវិទ្យាល័យ ជា ស៊ីម រក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ នេះមិនមែនជាករណីទី១ទេ ដែលសាលារៀនមួយចំនួនបានយកសំណល់គ្រាប់ពីសង្គ្រាមគ្រប់ប្រភេទមកធ្វើជាជួងនោះ ។

បើតាមលោក ហេង រតនា កន្លងមកអនុវិទ្យាល័យម្រាម ភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ខេត្តខេត្តស្វាយរៀង ក៏បានយកសំណល់គ្រាប់មកធ្វើជាជួង ហើយក៏ត្រូវបានដកហូតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ។

ជាមួយគ្នានេះផងដែរ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ បានអំពាវនាវ «លោកគ្រូអ្នកគ្រូ សូមមេត្តាជួយអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ ដែលហាមយកសំណល់គ្រាប់ពីសង្គ្រាមគ្រប់ប្រភេទមកធ្វើជាជួង! ព្រោះថាទង្វើនេះជាការនាំក្មេងៗគិតខុសថាគ្រាប់សំណល់ពីសង្គ្រាមមានសុវត្ថិភាពក្នុងការប្រើប្រាស់» ៕
ចែករំលែកព័តមាននេះ