បើកទ្វារព្រំដែន អាជីវករខ្មែរត្រូវបានអនុញ្ញាតចូលទៅមើលទំនិញក្នុងផ្សាររុងក្លឿ
- ប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ដូចអ្វីដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ ស្នើសុំទៅភាគីថៃកន្លងមក នៅព្រឹកថ្ងៃទី១៥ កក្កដា ២០២០ អាជ្ញាធរខេត្តស្រះកែវថៃ ក៏បានអនុញ្ញាតឲ្យអាជីវករខ្មែរចូលទៅពិនិត្យមើលទំនិញរបស់ខ្លួនដែលដាក់លក់នៅផ្សាររុងក្លឿ ឬអាចដឹកចេញមកវិញបាន ប៉ុន្តែមានកំណត់ទៅតាមឈ្មោះផ្សារ ។ អាជីវករខ្មែរ៦៨នាក់ជាមួយរថយន្តចម្រុះ៣៩គ្រឿង ត្រូវភាគីថៃអនុញ្ញាតឲ្យចូលទៅកាន់ផ្សារបេនចាវ៉ាន់ ដើម្បីពិនិត្យទំនិញតាមតូបរៀងខ្លួនៗតែលទ្ធផលយ៉ាងណាមិនទាន់ដឹងទេ ។
តាមមន្ត្រីបម្រើការងារនៅទីតាំងទទួលពាក្យស្នើសុំចូលផ្សាររុងក្លឿនៅស្ថានីយរថភ្លើង ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែតប្រាប់ថា តាមគោលការណ៍របស់ថៃគេអនុញ្ញាតឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿមានកំណត់ គឺក្នុង១ថ្ងៃរថយន្ត៥០គ្រឿង និងមនុស្ស១០០នាក់អាចចូលបាន ពោលគឺរថយន្ត១គ្រឿង មនុស្ស២នាក់ អ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់ ។

មន្ត្រីខាងលើបន្តថា ការចូលទៅទីនោះក៏ត្រូវតាមគោលការណ៍គេតម្រូវផងដែរ ។ ដូចថ្ងៃនេះអាចចូលទៅផ្សារបេនចាវ៉ាន់ ហើយក្រៅពីអាជីវករផ្សារបេនចាវ៉ាន់ គឺមិនអាចចូលបានទេ ព្រោះគេមិនអនុញ្ញាតឲ្យដើររហេតរហូត ឡើយ ។ ចំពោះអាជីវករដែលលក់នៅទីតាំងផ្សារផ្សេងៗទៀត ដូចជាផ្សារឥណ្ឌូចិន ផ្សារហ្គោលដឹនក្រែន ផ្សារអ,ប,ច ផ្សាររ៉ាត់តាន់ណាក់ថាំ និងផ្សារដែតថៃ ត្រូវទៅបំពេញបែបបទស្នើសុំនៅទីតាំងខាងលើ(ស្ថានីយរថភ្លើងក្នុងភូមិប៉ោយប៉ែត) ជាបន្តបន្ទាប់ ចាប់ពីថ្ងៃនេះតទៅ ពោលគឺមុនថ្ងៃចូលដីថៃ១ថ្ងៃ ។

មុនពេលកំណត់ម៉ោង៨ព្រឹកដែលភាគីថៃអនុញ្ញាតឲ្យរថយន្តអាជីវករខ្មែរ ចូលទៅដីគេឃើញលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អមដោយមន្ត្រី និងសមត្ថកិច្ចនៅមាត់ច្រកទ្វារជួបនិងជួយសម្រួលការងារដោះស្រាយជូនអាជីវករ ហើយក៏មានវត្តមានអភិបាលស្រុកអារញ្ញ អមដោយមន្ត្រីនិងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិខ្លងលឹក ជួបចាប់ដៃគ្នា ដើម្បីស្វាគមន៍អាជីវករខ្មែរផងដែរ ។

លោក ង៉ោ ម៉េងជ្រួន ប្រាប់អ្នកយកព័ត៌មានថា កន្លងមកភាគីថៃតម្រូវឲ្យអាជីវករខ្មែរចូលទៅពិនិត្យទំនិញបានត្រឹមតែមនុស្ស១០០នាក់ ជាមួយរថយន្ត៥០គ្រឿង ក្នុងមួយថ្ងៃ ប៉ុន្តែថ្មីៗនេះអាជ្ញាធរខេត្តនិងក្រុងប៉ោយប៉ែតបានស្នើសុំភាគីថៃបន្ថែមចំនួនមនុស្ស ពីរថយន្ត១គ្រឿង២នាក់ ទៅរថយន្ត១គ្រឿង មនុស្ស៤ទៅ៥នាក់ ដើម្បីសម្រួលដល់អ្នកគ្មានរថយន្ត ចូលទៅទឹកដីថៃ តែភាគីថៃមិនទាន់មានកាឆ្លើយតបនៅឡើយទេ ។

ឆ្លើយតបនិងបញ្ហាមួយចំនួនដែលមានគេបង្ហោះហ្វេសប៊ុកថា ចង់ចូលទៅទឹកដីថៃបានលឿនត្រូវបង់ប្រាក់ម្នាក់១០០០បាតឬ២០០០បាត អភិបាលរងខេត្តរូបនេះបានបដិសេធថា មិនមែនជាការពិតឡើយ ។ លោកបញ្ជាក់ថា នៅទីតាំងទទួលសំណើរបស់គណៈកម្មការចំណុចស្ថានីយរថភ្លើង ក្នុងភូមិសង្កាត់ប៉ោយប៉ែតក្រុមមន្ត្រីបំពេញបែបបទជូនអាជីវករផ្សាររុងក្លឿ មិនតម្រូវឲ្យយកប្រាក់មួយរយរៀលឡើយ ។

មិនតែប៉ុណ្ណោះលោកបញ្ជាក់ថា សូម្បីអ្នកដែលមានលិខិតឆ្លងដែន ប័ណ្ណព្រំដែន ឬកាតឆ្លងដែនផុតសុពលភាពក៏អាចចូលទៅពិនិត្យទំនិញបានដែរ ព្រោះអាជ្ញាធរខេត្តស្រះកែវបានឯកភាពតាមសំណើសុំរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យហើយ តែត្រូវបំពេញបែបបទជាមុន ។

តាមការសាកសួរផ្ទាល់មុនចេញដំណើរពីកម្ពុជា អាជីវករភាគច្រើននិយាយថា នឹងមិនដឹកទំនិញចេញមកទឹកដីកម្ពុជាវិញទេ គឺពួកគាត់ត្រឹមតែទៅពិនិត្យមើលទំនិញតាមតូបរៀងខ្លួនតែប៉ុណ្ណោះ ។ តាមអាជ្ញាធរប្រាប់ថាពេលនេះអាជ្ញាធរថៃបានឯកភាពតាមសំណើ១ករណីទៀតហើយ គឺអនុញ្ញាតរាល់រថយន្តអាចចូលទៅដីគេបាន មិនចាំបាច់ថារថយន្តនោះជារបស់អ្នកណា តែចំពោះសំណើសុំបន្ថែមមនុស្សខាងថៃមិនទាន់ឯកភាពនៅឡើយទេ ។

ចំពោះកសិផលដែលពលរដ្ឋជាប់ព្រំដែនជាប់គាំងមិនអាចដោះដូរឬលក់ឲ្យគ្នាបាន ព្រោះតែបញ្ហាជំងឺកូវីដ១៩ ភាគីទាំង២ក៏បានឯកភាពគ្នារួចហើយដែរ គឺអនុញ្ញាតឲ្យរថយន្តថៃចូលមកដឹកកសិផលនៅស្រុកខ្មែរបានចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាចតាមច្រកតំបន់ម៉ាឡៃ និងច្រកតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ៕
















ចែករំលែកព័តមាននេះ