រាជធានីភ្នំពេញ ៖ ខណៈកំណើនឆ្លងរោគកូវីដ១៩ នៅប្រទេសកម្ពុជាទាបក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានក្រើនរំលឹកជាថ្មី កុំឲ្យធ្វេសប្រហែសឲ្យសោះ ដែលតម្រូវឲ្យពលរដ្ឋម្នាក់ៗត្រូវការពារខ្លួនជាចាំបាច់ ព្រោះមេរោគកូវីដ១៩ គឺជាមេរោគដែលយើងមើលមិនឃើញដោយភ្នែកទទេរនោះទេ ។

សម្តេចតេជោ បានបង្ហោះសារក្រើនរម្លឹកនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២០ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ មកទល់ថ្ងៃនេះនៅក្នុងពិភពលោកបានកើនឡើង ១៣,១៥០,៦៤៥ នាក់ហើយ ។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៥៧៤,៤៦៤នាក់ រីករាលដាលលើ២១៦ប្រទេស រីឯថ្នាំព្យាបាលក៏មិនទាន់មានដែរ ។

នៅក្នុងប្រទេសកម្ពុជាយើងវិញមកទល់ថ្ងៃនេះ មានអ្នកឆ្លងរោគសរុប ១៦៦នាក់ អ្នកដែលបានព្យាបាលជាសះស្បើយមាន ១៣៣នាក់ ប្រទេសយើងគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ទេ ។ «វិធីដែលចាំបាច់នឹងមានប្រសិទ្ធភាពបំផុតចៀសវាងការឆ្លងរោគកូវីដ១៩ ដែលយើងមើលមិនឃើញដោយភ្នែកទទេរនេះ គឺត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលលសម្លាប់មេរោគ ឬទឹកអាល់កុល ។ ត្រូវពាក់ម៉ាសការពារអោយបានល្អ ហើយកុំធ្វេសប្រហែសដោយគិតថាកំណើនឆ្លងរោគនៅប្រទេសយើងទាប» ។ សម្តេចតេជោ បញ្ជាក់ ។

ជាមួយគ្នានោះផងដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានណែនាំផងដែរថា ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លិនិកតូចធំ គ្លិនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជនឬក្រុមគ្រួសារអ្នកជំងឺដើម្បីទប់ស្កាត់ការរីករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល ៕
ចែករំលែកព័តមាននេះ