ខេត្តបាត់ដំបង ៖ គ្មានបារ៉ាស់ គ្មានស្លាកសញ្ញា ឬ មានប៉ុស្ដិ៍យាមត្រួតពិនិត្យត្រឹមត្រូវទេ មានរោងបន្លំៗជាមួយផ្ទះពលរដ្ឋ តែគេឃើញមានរថយន្តពាក់ស្លាកលេខនគរបាល និង ស្លាកលេខខេមរភូមិន្ទ ដាក់ពង្រាយបណ្ដាក់គ្នាដូចខ្យងអមសងខាងផ្លូវ ត្រង់ចំណុច«ច្រកចង្អៀត» ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ជាប់ព្រំប្រទល់ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអ្នកភូមិ និងអ្នកដំណើរអះអាងថា «នោះជាសកម្មភាពរបស់ក្រុមសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន ដែលបានដាក់កុងត្រូលជជុះយ៉ាងអនាធិប
តេយ្យ ដើម្បីជំរិតទារប្រាក់ពីបទល្មើសព្រៃឈើបើកឆ្លងកាត់តំបន់នោះ។

ប្រជាពលរដ្ឋដែលធ្លាប់រស់នៅ ឬធ្លាប់ឆ្លងកាត់តំបន់«ច្រកចង្អៀត»នោះ បាននិយាយថា ចំណុច«ច្រកចង្អៀត» គឺជាព្រំប្រទល់រវាងស្រុកសំឡូត ខេត្តបាត់ដំបង និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ចំណុចនេះ គឺជាច្រកឆ្លងកាត់ នៃពួករត់ពន្ធបទល្មើសព្រៃឈើដ៏មមារញឹកទាំងយប់ទាំងថ្ងៃ តាំងពីតំបន់នោះមានព្រៃឈើក្រាសទ្រុបទ្រុល រហូតដល់ពេលនេះក្លាយជាវាលរហោស្ថាន។ ប៉ុន្តែកុងក្រូលជជុះនៅតែមានដាក់ពង្រាយបណ្ដាក់គ្នាដូចខ្យងដដែល រហូតមកដល់សព្វថ្ងៃនេះនៅឡើយ រវាងខេត្តទាំង២។

ប្រភពបានប្រាប់ថា សមាសភាពនៃក្រុមដាក់កុងត្រូលជជុះទាំងនោះ មានដូចជា៖ កម្លាំងនគរបាល កម្លាំងយោធា មន្ត្រីព្រៃឈើ កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីបរិស្ថានផង ដែលនៅឡូកឡំគ្នាយ៉ាងអនាធិបតេយ្យ មិនដឹងមកពីទីតាំងណាខ្លះទេ។ ប្រភពនិយាយទៀតថា ក្រុមកុងត្រូលទាំងនេះ សុទ្ធតែចាំស្ទាក់ចាប់រថយន្តដឹកបទល្មើសព្រៃឈើដែលឆ្លងកាត់ព្រំប្រទល់រវាងខេត្តទាំង២ ត្រង់ចំណុច«ច្រកចង្អៀត»នេះ ដើម្បីជំរិតយកប្រាក់តាមទំនើងចិត្ត។

ផ្លូវជាតិមួយខ្សែដែលចេញពីស្រុកសំឡូត ឆ្លងកាត់ខេត្តពោធិ៍សាត់ ត្រង់ចំណុច«ច្រកចង្អៀត» រួចឆ្ពោះទៅកាន់ខេត្តកោះកុង សព្វថ្ងៃកំពុងស្ថាបនាដោយក្រុមហ៊ុនចិនមួយ។ បើតាមការចុះពិនិត្យជាក់ស្ដែង កាលពីថ្ងៃទី១៤ កក្កដា នៅត្រង់ចំណុច«ច្រកចង្អៀត» ខាងទឹកដីស្រុកសំឡូត គេឃើញមានរថយន្តជាច្រើនគ្រឿងដែលចតបណ្ដាក់គ្នាអមសងខាងផ្លូវ។ រថយន្តទាំងនោះ សុទ្ធតែពាក់ស្លាកលេខ ខេមរភូមិន្ទ និង ស្លាកលេខ នគរបាល។ អ្នកភូមិបានចង្អុលចំៗថា រថយន្តដែលពាក់ស្លាកលេខ កម្លាំងប្រដាប់អាវុធទាំងនោះ សុទ្ធតែរថយន្តរបស់ពួកដាក់កុងត្រូលជជុះ ចាំស្ទាក់ចាប់ជំរិតយកប្រាក់ពីអ្នកដឹកឈើ។

ពួកគេបានចតរថយន្តទុកអមតាមដងផ្លូវ ស្ទើរគ្រប់ពេលវេលា និង ស្ទើរទាំងយប់ទាំងថ្ងៃ។ ជាទូទៅពួកគេចតរថយន្តក្បែរចិញ្ចើមថ្នល់ រួចប្រមូលផ្ដុំគ្នាផឹកស៊ីតាមរោងក្បែរៗផ្ទះពលរដ្ឋ ដើម្បីរងចាំទទូលប្រាក់ពីក្រុមដឹកបទល្មើសព្រៃឈើ ដែលជិះម៉ូតូមកសូកប៉ាន់ជាមុន ទើបអនុញ្ញាតឲ្យដឹកបទល្មើសទៅតាមក្រោយ។ ប្រភពដដែលបានបញ្ជាក់ថា បទ ល្មើសព្រៃឈើភាគច្រើន គឺដឹកចេញពីទឹកដីខេត្តពោធិ៍សាត់ ចូលមកកាន់ស្រុកសំឡូត ឆ្លងកាត់ត្រង់ចំណុច«ច្រកចង្អៀត» នេះ ហើយកុងត្រូលជជុះដែលដាក់ពង្រាយច្រើនស្អេកស្កះ និង ជំរិតទារប្រាក់ខ្លាំងជាងគេ គឺនៅខាងទឹកដីស្រុកសំឡូតនេះហើយ។

ស្ត្រីម្នាក់ដែលធ្លាប់ដឹកឈើកែច្នៃចេញពីសិប្បកម្មនៅស្រុកវាលវែង ឆ្លងកាត់«ច្រកចង្អៀត» ចូលស្រុកសំឡូត បានបង្ហើបប្រាប់កោះសន្តិភាពដោយផ្ទាល់ថា បច្ចុប្បន្នមិនសូវមានឈើល្អៗដឹកឆ្លងកាត់ទីនោះទេ មានតែឈើតុទូឬគ្រែដែលកែឆ្នៃរួចដឹកចេញពីតាមរោងសិប្បកម្មប៉ុណ្ណោះ តែក្រុមក្រុងត្រូលជជុះនៅចំណុចខាងលើ នៅតែជំរិតទារប្រាក់គ្មានត្រាប្រណីដដែល។ ស្ត្រីរូបនេះបានបញ្ជាក់ថា គ្រាន់តែដឹកឈើគ្រែដែលកែច្នៃរួចចំនួន២គ្រឿង ចេញពីចំណុច«ច្រកចង្អៀត» ទៅដល់ខេត្តបាត់ដំបង ត្រូវចំណាយប្រាក់អស់ជិត១លានរៀល ហើយត្រូវរត់ការណ៏បង់ប្រាក់មុនសិន ទើបពួកគេព្រមឲ្យដឹកចេញជាក្រោយ។

ប្រភពពីអ្នកដឹកឈើដទៃទៀត ក៏មិនខុសពីការបំភ្លឺរបស់ស្ត្រីខាងលើនេះដែរ គឺអ្នកដឹកតុ ទូ គ្រែ ឬ ដឹកក្រាក់ សុទ្ធតែបានអះអាងថា ត្រូវក្រុមកុងត្រូលជជុះទាំងនោះ គាបសង្កត់យកប្រាក់តាមទំនើងចិត្ត ក្រោមការគំរាមកំហែងគ្រប់រូបភាព។

ប្រភពបានបញ្ជាក់ថា អ្នកដឹកបទល្មើសទាំងអស់ ត្រូវពួកកុងត្រូលជជុះបង្គាប់ឲ្យធ្វើការសូកប៉ាន់ជាមុន ទើបអាចដឹកបទល្មើសឆ្លងកាត់កុងត្រូលពួកគេជាក្រោយ តែបើដឹកបទល្មើសទៅដល់ទីតាំងពួកគេ ហើយចាំចុះបង់ប្រាក់ គឺពួកគេប្រាកដជាខឹង.. ហើយចាប់រថយន្តឬគោយន្តតែម្ដង តែបើចង់បង់ប្រាក់ក៏ត្រូវពួកគេទាមទាច្រើនទ្វេដងដែរ ព្រោះមិនស្ដាប់តាមការណែនាំរបស់ពួកគេ។ បុរសនោះបានបញ្ជាក់ផងដែរថា ពេលខ្លះគេឃើញនៅក្នុងរោង មានតែអ្នកចាំម្នាក់ទេ តែពេលបង់ប្រាក់ជនម្នាក់នោះ ទាមទាឲ្យបង់គុណនឹង៤ឬ៥ ដងឯណោះ ដោយប្រាប់ថា បង់ទុកសម្រាប់ស្ថាប័នផ្សេងៗទៀត ដែលនៅជាមួយគ្នា តែពេលនេះមិនបាននៅរវល់ចេញក្រៅ។

កោះសន្តិភាព មិនអាចសុំការបំភ្លឺពីមន្ត្រីណាម្នាក់ ដែលមានវត្តមាននៅតាមកុងត្រូលជជុះ នៅចំណុច «ច្រកចង្អៀត»នោះ ឬ ប្រធានអង្គភាពរបស់ពួកគេណាមួយបានទេ រហូតដល់ថ្ងៃទី១៥ កក្កដា នេះ។ ប៉ុន្តែមន្ត្រីស្រុកសំឡូតម្នាក់ បានបង្ហើបប្រាប់កោះសន្តិភាព តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៥ កក្កដា ថា ក្រុមប្រដាប់អាវុធចម្រុះ ដែលដាក់កុងត្រូលជជុះនៅចំណុច«ច្រកចង្អៀត»នោះ បានកើតឡើងច្រើនឆ្នាំហើយ។ ពោលគឺចាប់តាំងពីតំបន់នោះ នៅមានព្រៃក្រាសទ្រុបទ្រុលមើលមេឃមិនធ្លុះ រហូតសព្វថ្ងៃក្លាយជាវាលរហោស្ថានអស់គ្មានសល់ រីឯផ្លូវដូចទៅកាន់ឋាននរក។

ប៉ុន្តែសព្វថ្ងៃ ផ្លូវរត់ពន្ធបទល្មើសព្រៃឈើយ៉ាងសកម្មមួយខ្សែនេះ បាននិងកំពុងស្ថាបនាជាផ្លូវជាតិ ដោយក្រុមហ៊ុនចិន តែសមាសសភាពក្រុមប្រដាប់អាវុធដាក់កុងត្រូលជជុះនៅតែមានវត្តមានដដែល ដោយគ្មានការចុះត្រូតពិនិត្យ ឬ អន្តរាគមន៏ពីថ្នាក់លើ ឬ ពីស្ថាប័នរដ្ឋណាមួយទេ រហូតដល់ពេលនេះ។ ដូច្នេះហើយទើបធ្វើឲ្យចំណុច«ច្រកចង្អៀត»នេះ ក្លាយជាតំបន់ដែលមានកុងត្រូលជជុះច្រើនស្អេកស្កះ យ៉ាងអាណាធិបតេយ្យ ដែលបង្កើតឡើងដោយមន្ត្រីចម្រុះស្ទើរគ្រប់ស្ថាប័នរដ្ឋ ដើម្បីចាំជំរិតទាប្រាក់ពីបទល្មើសនានា ដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ។ អាជ្ញាធរខេត្ត ឬ ថ្នាក់ដឹកនាំខាងលើ គួរតែមានវិធានការចុះត្រូតពិនិត្យ ឬ ចុះទប់ស្កាត់ ឬ ចុះបង្ក្រាបម្ដងហើយ ដើម្បីកុំឲ្យមហាជនរិះគន់ និង វាយតំលៃមិនល្អដល់មន្ត្រីដទៃទៀត ដែលមិនជាប់ពាក់ព័ន្ធនិងអំពើល្មើសច្បាប់នេះ៕


ចែករំលែកព័តមាននេះ