រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ កក្កដា ២០២០នេះ សភាស៊ើបសួរសាលាឧទ្ធរណ៍បានស្នើរសុំទៅអគ្គនាយកដ្ឋានពន្ធនាគារឲ្យអនុរក្សពន្ធនាគារប៉េហ្ស៊ី នាំជនត្រូវចោទឈ្មោះ ហូរ ចំរើន មកធ្វើការសាកសួរដេញដោល លើសំណុំរឿងព្រហ្មទណ្ឌលេខ៤៥៤២ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។
ជនជាប់ចោទឈ្មោះ ហូរ ចំរើន ដែលមានងារជាឧកញ៉ា បានត្រូវឃុំខ្លួនដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ «រំលោភលើទំនុកចិត្ត» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៧ តាមមាត្រា៣៩១ និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ ។
សូមរំឭកថា អតីតផ្កាយ៣ ហូរ ចំរើន បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ឧសភា ២០១៨កន្លងទៅ នៅចំណុចផ្ទះវីឡាមួយ ស្ថិតក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការផ្ទុះអាវុធជិត១០គ្រាប់បាញ់គំរាមឪពុកក្មេក ។ ក្រោយពីត្រូវសមត្តកិច្ចឃាត់ខ្លួននិងឃុំខ្លួន ឈ្មោះហូរ ចំរើន ត្រូវរងនូវពាក្យបណ្តឹងជាបន្តបន្ទាប់ទៀត ពាក់ព័ន្ធនឹងបទឆបោក និងកំពុងបន្តដំណើរការលើសំណុំរឿងថ្មីទៀត ។
ជនជាប់ចោទ ហូរ ចំរើន ដំបូងឡើយត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស ក្នុងមណ្ឌលអប់រំកែប្រែ«ម១» ប៉ុន្តែក្រោយមកអ្នកទោស ដែលមានងារជាឧកញ៉ា និងមានប្រាក់នេះ បានសុំផ្ទេរចេញពីពន្ធនាគារ«ម១» ទៅដេកទទួលទោសនៅពន្ធនាគារ ប៉េហ្ស៊ី ដែលគេយល់ថា ជាពន្ធនាគារមានផាសុកភាពនោះវិញ ។
បន្ទាប់ពីបានទៅដេក នៅពន្ធនាគារប៉េហ្ស៊ីហើយ ថ្មីៗនេះឧកញ៉ាជាប់ចោទរូបនេះ បានស្នើសុំទៅថ្នាក់លើ ដែលគ្រប់គ្រងពន្ធនាគារ ទៅសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ ដោយជនជាប់ចោទអះអាងថា មានបញ្ហាសុខភាព ។
ចំណែកឯ អ្នកតាមដានរឿងអ្នកទោសមានលុយ សុំទៅដេកពេទ្យ និយាយថា អ្នកមានប្រាក់គ្មានឈឺអីទេ តែងតែជួលមន្ទីរពេទ្យដេកជំនួសគុករហូត ដែលគេតែងនិយាយថា «គុកខ្ពើមអ្នកមាន និងគុកដេញអ្នកមានប្រាក់មិនឲ្យដេក» កន្លងមកឃើញមានច្រើននាក់ហើយ ។
ជាក់ស្តែងដូច ឧកញ៉ា ថោង សារ៉ាត់ កាលមានឈ្មោះជាប់ទោសជាឃាតករសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មិនបានដេកក្នុងពន្ធនាគារដូចគេទេ ក្នុងរយៈពេល៤-៥ឆ្នាំពេលមានទោស រហូតដល់មានការដោះលែងវិញ ដែលគេថា គុកខ្ពើមណាស់ដេញមិនឲ្យដេក ។ ដូច្នេះ នេះជាគំរូសម្រាប់អ្នកមានប្រាក់ ដូចឧកញ៉ា ហូរ ចំរើន និងមានអ្នកមានលុយខ្លះទៀត ក៏យកមន្ទីរពេទ្យធ្វើគុកដែរ ដូចជាជនត្រូវចោទឈ្មោះ នួន ប៉ុក ភេទប្រុស អាយុ៤៥ឆ្នាំ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលជាប់ចោទចំនួន៣បទល្មើសគឺ ១-បទរំលោភអំណាច ២-បទបំពានធនធានធម្មជាតិ និង៣-បទផ្តល់និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ ។
ជនសង្ស័យឈ្មោះ នួន ប៉ុក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសពុករលួយ ហើយកំពុងយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតធ្វើពន្ធនាគារដែរ ។ នេះគេហៅថាអ្នកទោសមានប្រាក់ ចង់ជួលសណ្ឋាគារដេកក៏បាន ព្រោះព្រាយគុកខ្ពើមពេកក្រៃ ៕
ចែករំលែកព័តមាននេះ