រាជធានីភ្នំពេញ ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានស្នើរសុំទៅអគ្គនាយកដ្ឋានពន្ធនាគារ ឲ្យអនុរក្សពន្ធនាគារប៉េហ្ស៊ី នាំជនត្រូវចោទឈ្មោះ ហូរ ចំរើន មកធ្វើការសាកសួរដេញដោលលើសំណុំរឿងព្រហ្មទណ្ឌលេខ៤៥៤២ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។
ជនជាប់ចោទឈ្មោះ ហូរ ចំរើន ដែលមានងារជាឧកញ៉ា បានត្រូវឃុំខ្លួនដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ«រំលោភលើទំនុកចិត្ត» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥
រហូតដល់ឆ្នាំ២០១៧ តាមមាត្រា៣៩១ និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទមានអាយុ៣៩ឆ្នាំ ជាពាណិជ្ជករ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៦ លានរៀល ពាក់ព័ន្ធពីបទឆបោក ។ សាលក្រមនេះត្រូវបានជនជាប់ចោទ ហូរ ចំរើន កើតទុក្ខ
មិនសុខចិត្តប្តឹងទៅសាលាឧទ្ធរណ៍ ទើបបានជាសភាស៊ើបសួរសាលាឧទ្ធរណ៍ កំណត់យកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មកសាកសួរដេញដោលនោះ ។
សូមរំឭកថា អតីតផ្កាយ៣ ហូរ ចំរើន បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចផ្ទះវីឡាមួយ ស្ថិតក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការផ្ទុះអាវុធជិត១០គ្រាប់បាញ់គំរាមឪពុកក្មេក ។
ក្រោយពីត្រូវសមត្តកិច្ចឃាត់ខ្លួននិងឃុំខ្លួន ឈ្មោះហូរ ចំរើន ត្រូវរងនូវពាក្យបណ្តឹងជាបន្តបន្ទាប់ទៀត រហូតដល់មានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងបទឆបោក មានទឹកប្រាក់រាប់សែនដុល្លារអាមេរិក និងកំពុងបន្តដំណើរការលើសំណុំរឿងថ្មីទៀត ។
ជនជាប់ចោទ ហូរ ចំរើន ដំបូងឡើយត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ក្នុងមណ្ឌលអប់រំកែប្រែ«ម១» ប៉ុន្តែក្រោយមកអ្នកទោសដែលមានងារជាឧកញ៉ា និងមានប្រាក់នេះ បានសុំផ្ទេរចេញពីពន្ធនាគារ«ម១» ទៅដេកទទួលទោសនៅពន្ធនាគារប៉េហ្ស៊ី ដែលគេយល់ថាជាពន្ធនាគារមានផាសុកភាពនោះវិញ ។

បន្ទាប់ពីបានទៅដេកនៅពន្ធនាគារប៉េហ្ស៊ីហើយ ថ្មីៗនេះឧកញ៉ាជាប់ចោទរូបនេះបានស្នើសុំទៅថ្នាក់លើដែលគ្រប់គ្រងពន្ធនាគារ ទៅសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត វិញដោយជនជាប់ចោទអះអាងថាមានបញ្ហាសុខភាព ។ ចំណែកអ្នកតាមដានរឿងអ្នកទោសមានលុយសុំទៅដេកពេទ្យនិយាយថា អ្នកមានប្រាក់គ្មានឈឺអីទេ តែងតែជួលមន្ទីរពេទ្យដេកជំនួសគុករហូត ដែលគេតែងនិយាយថា គុកខ្ពើមអ្នកមាន និងគុកដេញអ្នកមានប្រាក់មិនឲ្យដេក ។
ជាក់ស្តែងដូចឧកញ៉ា ថោង សារ៉ាត់ កាលមានឈ្មោះជាប់ទោសជាឃាតករសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មិនបានដេកក្នុងពន្ធនាគារដូចគេទេ ក្នុងរយៈពេល៤-៥ឆ្នាំពេលមានទោស រហូត ដល់មានការដោះលែងវិញ ដែលគេថាគុកខ្ពើមណាស់ដេញមិនឲ្យដេក ។ ដូច្នេះ នេះជាគំរូសម្រាប់អ្នកមានប្រាក់ដូចឧកញ៉ា ហូរ ចំរើន និង មានអ្នកមានលុយខ្លះទៀតក៏យកមន្ទីរពេទ្យធ្វើគុកដែរ ដូចជាជនត្រូវចោទឈ្មោះ នួន ប៉ុក ភេទប្រុស អាយុ៤៥ឆ្នាំ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលជាប់ចោទចំនួន៣បទល្មើសគឺ ១-បទរំលោភអំណាច ២-បទបំពានធនធានធម្មជាតិ និង៣-បទផ្តល់និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ ។

ជនសង្ស័យឈ្មោះ នួន ប៉ុក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសពុករលួយ ហើយកំពុងយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតធ្វើពន្ធនាគារដែរ ។ នេះគេហៅថាអ្នកទោសមានប្រាក់ ចង់ជួលសណ្ឋាគារដេកក៏បាន ព្រោះព្រាយគុកខ្ពើមពេកក្រៃ ៕
ចែករំលែកព័តមាននេះ