ខេត្តក្រចេះ ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកប៊ុន ហុន សម្តែងការរំពឹងថា លោកអភិបាលស្រុកស្នួល ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងក្នុងមុខងារថ្មី មកជាអភិបាលរងខេត្ត និងបន្តការខិតខំការអនុវត្តភារកិច្ចការងារ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាការគ្រប់គ្រងសភាពការណ៍ក្នុងខេត្ត រួមចំណែកក្នុងការពង្រឹង សន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ។

ការថ្លែងរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើឡើងនៅក្នុងពីធី ប្រកាស់ផ្ទេរតែងតាំងមុខតំណែងថ្មីក្នុងជួរអភិបាលរងខេត្ត នៅថ្ងៃទី១៥ កក្កដា នេះ ដោយក្នុងនោះ លោក គង់ គីមនី អតីតជាអភិបាលស្រុកស្នួល ត្រូវបានតែងតាំងជាអភិបាលរងខេត្តក្រចេះ ជំនួសលោកខ័ណ្ឌ ចំណាន ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៊ុន ហុន បានមានប្រសាសន៍ជំរុញដល់គណៈ បញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវខិតបន្តទៀតពង្រឹងការងារ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីបង្ក្រាប រាល់គ្រប់មុខសញ្ញា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន។ ត្រូវលើកកម្ពស់ការទទួលខុសត្រូវ របស់កងកម្លាំងសមត្ថកិច្ច ជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូល
រួមគោរពច្បាប់ចរាចរណ៍ ជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមអនុវត្តតាមវិធានការការពារ ទប់ស្កាត់ការ រាត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានអះអាងដែរថា ការផ្លាស់ប្តូរតួនាទីភារកិច្ច និងផ្តល់តំណែងក្នុងការដឹកនាំនេះ គឺដោយសារលោក ខ័ណ្ឌ ចំណាន បានដល់អាណត្តិបំពេញការងាររយៈពេល០៨ឆ្នាំ ក្នុងតួនាទីជាអភិបាលរងខេត្ត ស្របតាមច្បាប់កំណត់។ គោលការណ៍នេះ គឺដើម្បីធានាឲ្យមន្ត្រី ដឹកនាំនៅមូលដ្ឋានទាំងអស់ ខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងរៀនសូត្រដកបទពិសោធន៍ក្នុងជួរមន្ត្រីដឹកនាំនៅថ្នាក់ក្រោមជាតិពីមូលដ្ឋានមួយទៅមូលដ្ឋានមួយទៀត។

ជាមួយគ្នានេះ លោកបានជម្រុញបន្ថែមដល់លោកអភិបាលរងខេត្ត ដែលទើបនិង ប្រកាសតំណែងថ្មីនេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈបទពិសោធន៍ ដែលមានពីមុនមកដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍន៍នៅ រដ្ឋបាលខេត្ត ក្រចេះឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែម
ទៀត។


ចែករំលែកព័តមាននេះ