រាជធានីភ្នំពេញ ៖ បុរស២នាក់ ម្នាក់ជាបុគ្គលិកក្រុមហ៊ុន និងម្នាក់មុខរបរមិនពិតប្រាកដ កាលពីព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការពាក់ព័ន្ធការចោទប្រកាន់ករណីឃុបឃិតគ្នា លួចទូរដែករបស់ក្រុមហ៊ុនចិនមួយ បានប្រាក់ជាង៩០ម៉ឺនដុល្លារ
អាមេរិក ។

ជនសង្ស័យម្នាក់ឈ្មោះ ឈុន វិសិទ្ធ ហៅ ខេខេ អាយុ៣២ឆ្នាំ ជាបុគ្គលិកបកប្រែភាសាចិន ស្នាក់នៅផ្ទះលេខ ១៤៣ ផ្លូវលេខ២៥៣ ភូមិ៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ សុខ ហេង ហៅហៀ អាយុ ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៣៩ ផ្លូវលេខ ១៦៨ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមមន្ត្រីនគរបាល ព្រហ្មទណ្ឌបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំង២ នាក់ខាងលើ គឺយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ xia guanguo ភេទប្រុសន អាយុ៥១ ឆ្នាំ មុខរបរជានាយកក្រុមហ៊ុនចិន ហ៊ួយវ័ន ស្នាក់នៅខុនដូ សុីធីស្តា ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមពាក្យបណ្ដឹងនោះបានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២០ មានជនសង្ស័យទាំង២ នាក់បានធ្វើសកម្មភាពលួចឆ្កិះសោចូលក្នុងបន្ទប់ធ្វើការ រួចលើកយកទូរដែកដែលមានដាក់លុយនៅក្នុងនោះចំនួន ៩៤៤ ៣៣៩ ដុល្លារអាមេរិក ។
ក្រោយពីហេតុការនោះកើតឡើងជនរងគ្រោះ បានដាក់ពាក់បណ្តឹងទៅសមត្តកិច្ច រួចសមត្តកិច្ច ក៏បានបង្កើតគណកម្មការមួយឆែកមើលកាមេរ៉ាសុវត្តភាពរបស់ក្រុមហ៊ុន ទើបឃើញច្បាស់ចោរជាដង្កូវក្នុងសាច់ ពោលគឺជាបុគ្គលិកក្រុមហ៊ុនលួចថៅកែខ្លួនឯង គឺលួចនៅក្នុងរបស់ក្រុហ៊ុនហ៊ួយវ័ន ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបរតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញនោះតែម្តង ។
ទោះជាយ៉ាងណាបន្ទាប់ពីមានពាក្យបណ្តឹង និងឆែកមើលកាមេរ៉ាឃើញមុខចោរច្បាស់លាស់ហើយ សមត្តកិច្ចឈានដល់ការវែកមុខចាប់ខ្លួនជនសង្ស័យជាចោរទាំង២ នាក់ រួមទាំងបានធ្វើការដកហូតប្រាក់មកវិញចំនួន ៥៣២ ៦០០ ដុល្លារអាមេរិកដែរ ។ ដែលប្រាក់ទាំងអស់នោះត្រូវបានសមត្ថកិច្ច ក្រោមការអនុញ្ញាតិពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រគល់ជូនឲ្យទៅម្ចាស់វិញ ក្រោយពេ លបានដកហូតពីជនសង្ស័យ ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចទូរដែករបស់ក្រុមហ៊ុនចិននោះមែន ហើយផលដែលលួចបានពួកគេចែកគ្នាយកទៅផឹកស៊ី ស្រីញី លេងល្បែងស៊ីសង អស់ជាងពាក់កណ្តាល នៅសល់ជិតពាក់កណ្តាល ត្រូវសមត្តកិច្ចដកហូតវិញ ។ សំណុំរឿងជនសង្ស័យទាំង២ នាក់កំពុងស្ថិតនៅដំណាក់កាល ស្ថាប័នអយ្យការបើការស៊ើបសួរនៅឡើយទេ ដូច្នេះការសម្រេចយ៉ាងណានោះ រង់ចាំមើលដំណាក់កាលចុងក្រោយ ៕
ចែករំលែកព័តមាននេះ