ខេត្តកំពង់ស្ពឺ ៖ ឈើជាច្រើនដុំដែលជារបសឈ្មួញពាក់ស្បែកខ្លា មានឥទ្ធិពលម្នាក់ប្រចាំស្រុកឱរ៉ាល់ បានត្រូវនគរបាលស្រុកឱរ៉ាល់ធ្វើការបង្ក្រាប ខណៈក្រុមឈ្មួញកំពុងលើកឈើដាក់ចូលក្នុងទូកុងតឺន័រដើម្បីបំភ័ន្តភ្នែកមហាជនដឹកយកទៅលក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ នេះគឺជាល្បិចថ្មីមួយទៀតរបស់ក្រុមឈ្មួញ ដែលបំភ័ន្តភ្នែកសមត្ថកិច្ចនិងមហាជនក្រោមរូបភាពដាក់ក្នុងទូកុងតឺន័រ តែទោះជាមានការបំភ័ន្តភ្នែកបែបនេះក្តី ក៏មិនអាចគេចផុតពីក្រសែភ្នែករបស់មន្ត្រីជំនាញបានឡើយ ។

ការបង្ក្រាបឈើមានទ្រង់ទ្រាយធំដែលពុំធ្លាប់មាននាពេលកន្លងមកនេះ ធ្វើឡើងកាល
ពីវេលាម៉ោងប្រមាណ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ
២០២០ នៅក្នុងដីចម្ការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ដោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ក្រុមឈ្មួញបានយកទូកុងតឺន័រចូលទៅក្នុងចម្ការស្វាយចន្ទីនៅចំណុចខាងលើ ភ្លាមនោះលោកអធិការនគរបាលស្រុកឱរ៉ាល ់បានចាត់កម្លាំងឲ្យតាមឃ្លាំមើលតាំងពីក្បាលព្រលប់ ឃើញពួកឈ្មួញកំពុងយកអេស្កាវ៉ាទ័រលើកឈើដាក់ចូលក្នុងទូកុងតឺន័រពិតប្រាកដមែន ។ ក្រោយពីឃើញសកម្មភាពរបស់ក្រុមឈ្មួញដោយមានមេការម្នាក់កំពុងចាត់ចែងនៅទីនោះ កម្លាំងសមត្ថកិច្ចបានរាយការណ៍មកលោកអធិការ ហើយលោកអធិការក៏បានស្នើសុំគោលការណ៍ពីថ្នាក់លើដើម្បីចុះបង្ក្រាប ។

ជាក់ស្ដែង ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចចាប់ឃាត់បានអេស្កាវ៉ាទ័រ១គ្រឿង រថយន្តផ្ទុកទូកុងតឺន័រ១គ្រឿង រថយន្តមីតស៊ុយប៊ីស៊ី១គ្រឿង ពណ៌ត្រេអុី ពាក់ផ្លាកលេខ ខេមរភូមិន្ទ ០២.២-១៩៨៥ និងរថយន្តម៉ាកវីហ្គោ១គ្រឿង ពណ៌ត្រេអុី ពាក់ផ្លាកលេខ ខេមរភូមិន្ទ ០២.២-៩១១៣ ព្រមទាំងម៉ូតូម៉ាកវ៉េវ១គ្រឿង ។រថយន្តដែលសមត្ថកិច្ចឃាត់ចាប់ ត្រូវបានដឹងថាមានម្ចាស់ម្នាក់ឈ្មោះ លឹម ផេង ជាមន្ត្រីយោធា និងរថយន្តមួយគ្រឿងទៀតជារបស់ឈ្មោះ ទុយ ។

អ្នកទាំង២នាក់ ជាមេការមើលការខុសត្រូវការលើកដាក់ឈើចូលក្នុងទូកុងតឺន័រ។ បុរសឈ្មោះទុយ ដែលជាមេការកំពុងមើលការខុសបុរសត្រូវ បានប្រាប់ថា ឈើទាំងអស់ជារបស់ឈ្មោះ ជឿង ថេង មន្ត្រីយោធាយោធភូមិភាគ៣ ។ ខ្លួនពុំមែនជាម្ចាស់ឈើទាំងអស់នេះទេ គឺខ្លួនគ្រាន់តែជាមេការមកមើលការលើកដាក់ឈើចូលក្នុងទូតែប៉ុណ្ណោះ ឯរឿងរ៉ាវយ៉ាងណានោះទាល់តែសួរមេថេង ទើបដឹងច្បាស់ ។

ក្នុងអំឡុងពេលដែលសមត្ថកិច្ចកំពុងធ្វើការបង្ក្រាប បុរសឈ្មោះទុយនេះមិនបានទៅណាទេ គឺគេនៅតាមនិយាយចរចាក្នុងន័យសុំបង់លុយឲ្យសមត្ថកិច្ចហើយដកយករថយន្តចេញត្រឡប់ទៅវិញ តែត្រូវបានសមត្ថកិច្ចដែលមានឆន្ទៈមោះមុតក្នុងការបង្ក្រាបបដិសេធដាច់អហង្ការ មិនព្រមធ្វើតាមសំណើរបស់បុរសឈ្មោះទុយនេះទេ ។ ស្របពេលដែលសមត្ថកិច្ចកំពុងរវល់ដាក់កម្លាំងយាមកាមកន្លែង បុរសឈ្មោះ ទុយ
ក៏ឆ្លៀតឱកាសរត់គេចខ្លួនបាត់ទៅ ដោយបន្សល់រថយន្តទុកដែលខ្លួននិងបក្ខពួកជិះមកមើលការលើកដាក់ឈើនៅនឹងកន្លែង រួមជាមួយរថយន្តដឹកទូកុងតឺន័រនិងអេស្កាវ៉ាទ័រមួយគ្រឿង ។

ស្របពេលនោះដែរ បុរសម្នាក់ឈ្មោះ ថុងដែលគេស្គាល់ច្បាស់ថាជាបងប្រុសរបស់ឈ្មោះ ថេង បានទូរស័ព្ទមកជួបជាមួយអ្នកយកព័ត៌មានហើយនិយាយសុំកុំឲ្យមានការផ្សាយព័ត៌មានចេញទៅខាងក្រៅ និងសូមឱ្យមានការដោះលែងរថយន្តត្រឡប់ទៅវិញចាំគេគិតគូរលុយឲ្យនៅពេលក្រោយ ។ ប៉ុន្តែការនិយាយរបស់បុរសរូបនេះ មិនត្រូវបានសមត្ថកិច្ចនិងអ្នកយកព័ត៌មានយកចិត្តទុកដាក់ស្ដាប់នោះទេ ។

ម្យ៉ាងទៀតការនិយាយបែបនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ណាស់ថា ឈើទាំងនេះគឺពិតជារបស់ឈ្មោះ ជឿង ថេង ប្រាកដមែន ទើបបានជាម្នាក់ៗខំខ្នះខ្នែងអះអាងជួយជ្រោមជ្រែងបែបនេះ ។បន្ទាប់ពីធ្វើការយាមនៅកន្លែងបង្ក្រាបតាំងពីយប់រហូតដល់ពេលបាយថ្ងៃត្រង់ នគរបាលស្រុកឱរ៉ាល់ក៏បានប្រគល់វត្ថុតាងល្មើស រួមទាំងមធ្យោបាយពាក់ព័ន្ធទៅឲ្យខាងបរិស្ថានចាត់ចែងបន្តតាមនីតិវិធី ។

មានការលើកឡើងថា សមត្ថកិច្ចនគរបាលគួរតែប្រគល់ការងារនេះទៅឲ្យខាងរដ្ឋបាលព្រៃឈើចាត់ការបន្ត ព្រោះខាងរដ្ឋបាលព្រៃឈើមាននីតិវិធីច្រើនជាងខាងបរិស្ថានក្នុងការចងក្រងសំណុំរឿង ដើម្បីដាក់បន្ទុកទៅលើក្រុមឈ្មួញ ។ ទោះជាយ៉ាងណា តាមមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានបញ្ជាក់ប្រាប់ថា កន្លែងបង្ក្រាបគឺស្ថិតនៅក្នុងដែនគ្រប់គ្រងដោយស្ថាប័នបរិស្ថាន មិនមែនក្រោមការគ្រប់គ្រងរបស់ខាងកសិកម្មនោះទេ ហេតុដូច្នេះហើយទើបគេប្រគល់ឲ្យខាងបរិស្ថានជាអ្នកចាត់ចែង ។

សូមរំឭកថា នេះមិនមែនជាការបង្ក្រាបលើកទី១នោះទេនាពេលកន្លងមកថ្មីៗនេះ តែក្រុមឈ្មួញនៅតែបន្តសកម្មភាពដោយគ្មានខ្លាចញញើតច្បាប់បន្តិចណាទាល់តែសោះ ។សូមបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ នគរបាលបានធ្វើការបង្ក្រាបកន្លែងទុកឈើរបស់ឈ្មោះជឿង ថេង នេះជាបន្តបន្ទាប់ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។មានការលើកឡើងផងដែរថា រឿងចាស់មិន
ទាន់ដោះស្រាយចប់ស្រួលបួលផង មិនគួរណាឈ្មោះ ជឿង ថេង នៅតែបន្តធ្វើសកម្មភាពបែបនេះសោះ ឬមួយក៏គាត់អាងខ្លួនពាក់ស្បែកខ្លាទើបនៅតែចចេសរឹងរូសប្រព្រឹត្តខុសច្បាប់បែបនេះ ។

ដោយឡែក មានពាក្យចចាមអារ៉ាមឬតគ្នាមកផងដែរថា ឈ្មោះជឿង ថេង បានបោះពាក្យសម្ដីថា គេនឹងចំណាយលុយ១០ម៉ឺនដុល្លារ ក្នុងការធ្វើឱ្យអ្នកយកព័ត៌មានយើងនិងសហការីមានគ្រោះថ្នាក់ដល់អាយុជីវិត។ ក្នុងនាមអ្នកយកព័ត៌មានដែលប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាជួយចាត់វិធានការក៏ដូចជាស្រាវជ្រាវរកមូលហេតុពិត នៃការបោះពាក្យសម្ដីគំរាមកំហែងមកលើអ្នកយកព័ត៌មានយើងផងដែរ ។ឈើដែលសមត្ថកិច្ចបង្ក្រាបបាននាពេលនេះមានចំនួន១៦១ដុំ ជាប្រភេទឈើដែលមានមុខកាត់៣០ទៅ៤០ តែនៅមិនទាន់ដឹងពីចំនួនម៉ែត្រ
គូបនៅឡើយទេ ដែលពេលនេះខាងបរិស្ថានកំពុងធ្វើការវាស់វែង ៕








ចែករំលែកព័តមាននេះ