ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធករណីដាក់អន្ទាក់ចាប់សត្វព្រៃ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះសៀង សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដៃអូរជីមៀត ស្ថិតក្នុងភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក ដោយដកហូតបានអន្ទាក់ខ្សែកាបចំនួន៣៧ខ្សែ និងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ចំនួន១គ្រឿង ខណៈកំពុងធ្វើសកម្មភាពដាក់អន្ទាក់ចាប់សត្វព្រៃ ដោយខុសច្បាប់។

បច្ចុប្បន្នទាំងវត្ថុតាងម៉ូតូ និងអន្ទាក់ខ្សែ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃស្រែពក។ ចំណែកជនសង្ស័យខាងលើ ត្រូវបានមន្ត្រីឧទ្យានុរក្ស កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ