រាជធានីភ្នំពេញ ៖ សាលាឯកជនមួយចំនួន បានប្រកាសទទួលចុះឈ្មោះសិស្សចូលរៀនឆ្នាំសិក្សា២០២០ -២០២១ ប៉ុន្តែសាលាទាំងនោះក៏មិនប្រាកដថា ការសិក្សាត្រូវរៀនដោយផ្ទាល់ ឬការសិក្សាតាមអនឡាញឡើយ ។ រៀនតាមវិធីណា គឺជាការកំណត់របស់ក្រសួងអប់រំ ទៅតាមស្ថានការណ៍ជាក់ស្តែងជំងឺកូវីដ១៩។

ប្រការនេះ បានធ្វើឲ្យមាតាបិតាសិស្សជាច្រើនស្ទាក់ស្ទើរនៅក្នុងការបង់ថ្លៃសិក្សាឆ្នាំថ្មីនេះឲ្យកូនរបស់ខ្លួន ។
អ្នកស្រី សោភា ដែលមានកូនពីរនាក់រៀន នៅសាលាឯកជនមួយ ដែលមានស្តង់ដារធម្យម បាននិយាយថា គាត់ត្រូវបង់ថ្លៃសិក្សាឲ្យកូនពីរនាក់របស់គាត់ចំនួន៤ពាន់ដុល្លារក្នុង១ឆ្នាំ ។ ប៉ុន្តែឆ្នាំសិក្សាថ្មីនេះ គាត់មិនទាន់សម្រេចចិត្តថា ត្រូវបង់ថ្លៃសិក្សា ឬអត់នោះទេ ខណៈដែលការប្រកាសរបស់សាលារៀនកូនអ្នកស្រី ឲ្យបង់ថ្លៃសិក្សាបានធ្វើឡើងជាង១ខែហើយ ។

ម្តាយរបស់សិស្សរូបនេះបញ្ជាក់ថា អ្នកស្រីបារម្ភខ្លាចកូនរបស់គាត់ ត្រូវរៀនតាមអនឡាញទៀត ។ រៀនតាមអនឡាញ កូនៗរបស់អ្នកស្រីថា រៀនមិនចេះ ហើយបើគិតពីថ្លៃសិក្សានោះ គឺវាថ្លៃណាស់ ។ «ឆ្នាំកន្លងទៅខ្ញុំបង់ថ្លៃពេញមួយឆ្នាំឲ្យកូន តែការរៀនបានតែមួយឆមាស កូវីដចូលមកដល់ ។ ការសិក្សាតាមអនឡាញកូនៗថា ពួកគេរៀនមិនចេះ ។ ចំណែកសាលាមិនបានបញ្ចុះថ្លៃសិក្សាឲ្យមកវិញនោះឡើយ» ។

អ្នកស្រីសោភា និយាយថា មាតាបិតាសិស្សជាច្រើនចង់បានភាពប្រាកដប្រជាពីសាលារៀនថា ការសិក្សាឆ្នាំក្រោយនេះ រៀនតាមអនឡាញ ឬរៀនផ្ទាល់ ហើយបើរៀនតាមអនឡាញគួរណាបញ្ចុះតម្លៃសិក្សាខ្លះទើបសម ។
ក្រសួងអបរំបានប្រកាសថា គ្រោងបើកសាលារៀនឡើងវិញនៅខែសីហាខាងមុខ តែការបើកនោះ មានតែសាលាមួយចំនួនតូច ដែលមានស្តង់ដាបរិស្ថានសិក្សាកម្រិតខ្ពស់ប៉ុណ្ណោះ ។ សាលាដែលក្រសួងគ្រោងបើកទ្វារបង្រៀនដំណាក់កាលទី១នេះ ជាសាលាឯកជនមានស្តង់ដារអន្តរជាតិ មួយចំនួនតូចប៉ុណ្ណោះ ។
ការវាយតម្លៃលើការបើកសាលាក្នុងតំបន់កាលទី១នេះ ហើយ ទើបឈានដល់ការបើកសាលាបន្តបន្ទាប់ទៀត ដូច្នេះសាលារដ្ឋឬសាលាឯកជន ដែលមានស្តង់ដារបរិស្ថានទាបនោះ ទំនងលុះត្រាតែស្ថានការណ៍ជំងឺកូវីដ១៩ ធូរស្រាលមែនទែន ទើបអាចបើកទ្វារឲ្យសិស្សចូលរៀនបាន។
ទោះជាប្រកាសទទួលចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី តែបុគ្គលិកសាលារៀនឯកជនជាច្រើន ក៏មិនហ៊ានអះអាងថាសាលារៀនគាត់នឹងបង្រៀនតាមអនឡាញ ឬសិក្សាផ្ទាល់នោះ ពីព្រោះអ្វីៗស្ថិតនៅក្នុងការសម្រេចរបស់ក្រសួង។
អ្នកស្រីសោភា បញ្ជាក់ថា មាតាបិតាសិស្សជាច្រើន កំពុងស្ទាក់ស្ទើរក្នុងការបង់ថ្លៃសិក្សាឲ្យកូនចូលរៀនឆ្នាំសិក្សា២០២០-២០២១នេះ ខណៈបវេសនការឆ្នាំសិក្សាថ្មី សាលាឯកជនខ្លះ នឹងធ្វើឡើងនៅក្នុងខែសីហា ឬតុលា ខាងមុខនេះ៕
ចែករំលែកព័តមាននេះ