ខេត្តរតនគិរី ៖ ឈើចំនួន៣៣កំណាត់ធំៗត្រូវបានសមត្ថកិច្ចចម្រុះរបស់ខេត្ត ចុះបង្ក្រាបរឹបអូសប្រមូលយកទៅរក្សាទុក ប្រគល់ឱ្យក្រុមមន្ត្រីជំនាញ ។ប្រតិបត្តិការបង្ក្រាបនោះ កម្លាំងចម្រុះបានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចកំពង់ចម្លងទន្លេសេសាន មានចំងាយពីប៉ុស្តិ៍ច្រករបៀងភូមិភិក្រោមប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សមត្ថកិច្ចចម្រុះមានមន្ត្រីបរិស្ថាន កម្លាំងនគរបាលស្រុកអូរយ៉ាដាវ កម្លាំងវរការពារព្រំដែនគោកលេខ៦២៣ និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវផងដែរ ។
លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះថា ប្រតិបត្តិការខាងលើនេះ មានការចង្អុលបង្ហាញពីឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីទៀតផង ។

លោកបន្តថា មុននឹងឈានដល់ការបង្ក្រាប គឺកម្លាំងយើងបានប្រើប្រាស់មធ្យោបាយកាណូត ចុះល្បាតរុករកស្រាវជ្រាវក្នុងទន្លេសេសាន ភូមិសាស្ត្រស្រុកអូរយ៉ាដាវ ក៏ទើបប្រទះឃើញឈើដែលក្រុមឈ្មួញគរលាក់ទុកក្នុងទន្លេនោះតែម្តង ហើយក៏ធ្វើការរឹបអូសយកទៅរក្សាទុក ។ ឯឈើចម្រុះនោះមានចំនួន៣៣កំណាត់ មិនទាន់បានធ្វើការវាស់វែងនៅឡើយទេ ។

លោកថា ដោយសារទីតាំងភូមិសាស្ត្រខាងលើ អំណោយផលសម្រាប់ឈ្មួញឈើទាំងខ្មែរទាំងវៀតណាម តែងតែលួចដឹកចេញទៅវៀតណាមពេលមានឱកាសល្អ ។
លោក ម៉ា វិចិត្រ ប្រធានគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ បានយកកម្លាំងទៅដាក់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឃ្លាំមើលបទល្មើសនោះបន្តទៀតផងដែរ ។ វត្ថុតាងខាងលើដែលបង្ក្រាបបាន ត្រូវបានប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅរក្សាទុក ដើម្បីចាត់ចែងតាមច្បាប់បន្ត ។

ទាក់ទឹននឹងករណីខាងលើនោះប្រភពបានបង្ហើបថា ជំនួញឈើចាប់ផ្តើមប្រព្រឹត្តទៅបានដោយរលួន ដោយសារតែឈ្មួញវៀតណាម ផ្តល់លុយឱ្យសមត្ថកិច្ចខិលខូចមួយចំនួន ប្រចាំការនៅតាមច្រករបៀង ហើយមេច្រករបៀងខ្លះ ក៏បានអនុញ្ញាតិឱ្យវៀតណាមចូលមកស្នាក់នៅ រង់ចាំទិញឈើពីក្រុមឈ្មួញទៀតផង ។ឈ្មួញយួនតែងតែនិយាយថា ឱ្យតែមានលុយទិញក្បាលខ្មែរនៅច្រកព្រំដែនខាងលើបានគ្រប់ពេល មិនខ្វះទេឈើ ទិញបានម៉ាសេរី ៕


ចែករំលែកព័តមាននេះ