រាជធានីភ្នំពេញ៖ សហព័ន្ធស្រូវអង្ករអាមេរិក បានស្នើដល់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិកលើគម្រោងញាត្តិលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ហៅថា GSP ពីប្រទេសចំនួន៦ ក្នុងនោះក៏មានកម្ពុជាមួយផងដែរ ។ តែអ្នកពាក់ព័ន្ធលើកឡើងថា បើដក ក៏មិនប៉ះពាល់ធ្ងន់ធ្ងរដែរ ព្រោះកម្ពុជានាំចេញអង្ករទៅអាមេរិកក្នុងបរិមាណតិចតួចទេ ។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សានិងប្រមូលធាតុចូលជាបន្ទាន់មួយជាមួយនឹងសហព័ន្ធស្រូវអង្ករកម្ពុជាទាក់ទងនឹងការសហរដ្ឋអាមេរិកពិភាក្សាចុងក្រោយលើការលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករកម្ពុជា។

ការរៀបចំកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីឆ្លើយតបទៅនឹងការដែលសហព័ន្ធស្រូវអង្ករអាមេរិក បានស្នើដល់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) ឱ្យលុបចោលបញ្ជីទំនិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម(GSP)លើប្រភេទអង្ករនាំចូល ខណៈដែលកន្លងមកសហរដ្ឋអាមេរិករួមមាន ប្រទេសថៃ, វៀតណាម, ប្រេស៊ីល, ឥណ្ឌា, ភូមា និងកម្ពុជា ។

លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា ការនាំចូលអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមិនបានប៉ះពាល់ដល់កសិករសហរដ្ឋអាមេរិកនោះទេ ដោយហេតុថា ៖ ទី១)-បរិមាណនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមានត្រឹមតែប្រមាណ២.០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទី២)- គឺប្រភេទអង្ករដែលកម្ពុជានាំចូលទៅអាមេរិកជាប្រភេទ Indica Rice ប្រភេទសរីរាង្គ និងអង្ករក្រអូបរំដួល ដែលខុសពីប្រភេទអង្ករដែលកសិករសហរដ្ឋអាមេរិកដាំដុះ ពោលគឺ Japonica Rice និង Carlrose Rice»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ ថា «បើសិនជាអាមេរិកដក GSP ពីការនាំចូលអង្ករពីប្រទេសនាំចូលនោះគឺត្រូវបង់ពន្ធដូចគ្នា។ ខ្ញុំគិតថាវាដូចគ្មានផលប៉ះពាល់ បើគេដកទាំងអស់គ្នាហើយបង់ពន្ធទាំងអស់គ្នា នោះទីផ្សារវារក្សានៅធម្មតា។ តែសម្រាប់ប្រទេសនាំចូលធំៗអាចនឹងថយចុះបរិមាណនៃការនាំចូល ។ ដោយឡែកសម្រាប់កម្ពុជានាំចូលមានចំនួនតិចតួច»។
បើតាមលោកលន់ យ៉េង សព្វថ្ងៃនេះការបង់ពន្ធតាមរយៈ GSPនេះធូរថ្លៃ ហើយបើគិតជាប្រាក់សម្រាប់ពន្ធអង្ករមានប្រមានជាង២ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ យោងតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទធ្លាប់បង្ហាញថា ការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៩៧. ៦៦០ តោន កើនឡើងប្រមាណ ១១៦.១២២ តោន ស្មើនឹង ៤១,២៥% ដែលធៀបទៅនឹងរយៈ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១ ៥៣៨ តោន ។
ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ៤១. ៥៦៣ តោន កើនឡើងចំនួន ១០. ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ មានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១. ៨៦៤ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨. ៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤ តោន និងអង្ករក្រហមមានចំនួន ២៣ តោន ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេសក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ »៕
ចែករំលែកព័តមាននេះ