រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ១៤ ខែកក្កដានេះបានឱ្យដឹងថា នាពេលកន្លងទៅនេះមានជនបរទេសមួយរូបដែលអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់បានធ្វើការលើកសរសើរអំពីសម្រស់ស្រស់ស្អាតនៃផ្លូវបុប្ផាលាក់ខ្លួន (ផ្លូវជាតិលេខ៥៥) ។

ជាមួយគ្នាផងដែរ គាត់ក៏បានលើកឡើងអំពីបញ្ហាសំរាមដែលបានចោលនៅតាមដងផ្លូវជាតិមួយនេះធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ និងបរិស្ថាន ។ ប្រភពដដែលបានបន្តថា «ដើម្បីសោភ័ណភាពផ្លូវថ្នល់សាធារណៈ និងបរិស្ថានល្អ សូមដាក់កាកសំណល់ក្នុងធុងសំរាម ឬទីតាំងណាមួយ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមូលដ្ឋាន» ។

ក្រសួងបានបន្ថែមថា ករណីសំរាមដូចមានបង្ហាញក្នុងវីដេអូរបស់ជនបរទេសនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការចុះប្រមូល និងសម្អាតរួចរាល់ហើយ និងបានត្រៀមរៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗមួយចំនួន ដើម្បីសម្រួលអ្នកចុះកម្សាន្តនៅតាមដងផ្លូវមួយនេះ ។

ក្រសួងក៏បានសំណូមពរថា បើទោះបីជាមានធុងសំរាមក្តី ឬគ្មានក្តី សូមអ្នកប្រើប្រាស់ផ្លូវថ្នល់សាធារណៈទាំងអស់ មេត្តាកុំចោលសំរាមតាមដងផ្លូវសាធារណៈ។
សូមដាក់កាកសំណល់ ក្នុងធុងសំរាម ឬទីតាំងណាមួយដែលត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមថែរក្សាសោភ័ណភាពផ្លូវថ្នល់ និងបរិស្ថានរបស់កម្ពុជាដែលមាន ធនធានធម្មជាតិ សំបូរបែប និងទេសភាពស្រស់បំព្រងទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ