រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នាចំនួន១៤នាក់ ត្រូវបានកម្លាំងសន្តិសុខយាមនៅកោះពេជ្រ និងនគរបាលខណ្ឌចំការមន បិទទ្វារធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួន ក្រោយពីមន្ត្រីនគរបាលម្នាក់បានរងរបួសចំត្រង់.ក ខណៈដែលរូបគាត់កំពុងតែឈរ ក៏ស្រាប់តែមានកាំបិតបុ័ងតោមួយមិនដឹងជាហោះមកពីណានោះទេ មកត្រូវ ដោយរកឃើញមានទាំងដុំថ្មមួយចំនួនផងដែរ។

ករណីនេះដែរ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មន្ត្រីនគរបាលម្នាក់(មិនបញ្ជាក់អំពីអត្តសញ្ញាណ) កំពុងតែឈរនៅក្នុងកោះពេជ្រ ក៏ស្រាប់តែមានកាំបិតបុ័ង តោមួយ មិនដឹងជាមកពីណានោះទេ បានហោះមកត្រូវត្រង់.ករបស់គាត់ បណ្តាលឱ្យមុតហូរឈាមកក្លាក់តែម្តង ។

ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលកើតឡើងថា មានក្រុមក្មេងស្ទាវដេញវាយគ្នា ហើយក៏បង្កអោយមានការភ្ញាក់ផ្អើលទៅដល់កម្លាំងសន្តិសុខយាមនៅកោះពេជ្រ សហការជាមួយនិងកម្លាំងនគរបាល ខណ្ឌចំការមន នាំគ្នាធ្វើការបិទទ្វារ និងឡោមព័ទ្ធចាប់ឃាត់ខ្លួនបានក្រុមយុវជនជាជនសង្ស័យចំនួន១៤នាក់ឱ្យក្រាបដេកផ្កាប់មុខ ដើម្បីត្រួតពិនិត្យ ។ ដោយប្រមូលបានកាំបិតបុ័ងតោចំនួន១ និងដុំថ្មជាច្រើដុំផងដែរ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលកម្លាំងមានសមត្ថកិច្ចខណ្ឌចំការមន ធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង១៤នាក់ រួមទាំងកាំបិតបុ័ងតោ និងដុំថ្មជាច្រើនដុំ រួមទាំង មន្ត្រីនគរបាលរងគ្រោះម្នាក់ខាងលើ ក៏បាននាំមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការសួរនាំផងដែរ។
ព័ត៌មានលំអិតមានផ្សាយនៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ