ខេត្តបន្ទាយមានជ័យ ៖ អាងទឹកត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ក្រៅពីការ
ផ្គត់ផ្គង់ទឹកសម្រាប់ប្រជាកសិករក្នុងការស្រោចស្រពស្រូវប្រាំង ក៏ដូចជាដំណាំផ្សេងៗដល់ប្រជាកសិករក្នុងស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះនិងឃុំមួយចំនួននៃស្រុកស្វាយចេកនោះ អាងទឹកនេះ ក៏ជារមណីយដ្ឋានទេសចរណ៍មួយដែលតែងតែមានភ្ញៀវជាតិ-អន្តរជាតិទៅលេងកម្សាន្តនាពេលបុណ្យទានម្តងៗដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំជាដើម ។

នៅក្នុងរយៈពេលប្រមាណ៣ខែកន្លងមកនេះ ប្រជាពលរដ្ឋជាច្រើន ក្នុងនោះភាគច្រើនមកពីភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក បានទៅនេសាទត្រីជាលក្ខណៈគ្រួសារ ដោយប្រជាពលរដ្ឋខ្លះគាត់ឈរចាំមើលមាត់ត្រីធំផុសនឹងបង់សំណាញ់និងខ្លះទៀតដើររុញឈ្នាងយកត្រី កំពឹស ឬក៏កូនត្រីផ្សេងៗ យកទៅលក់បង្កើនជីវភាពគ្រួសារ ដែលមានម៉ូយកណ្តាលទៅពីក្រុងសិរីសោភ័ណ និងខ្លះទៅពីស្រុកបវេល ខេត្តបាត់ដំបង ចាំទិញក្នុងតម្លៃកំពឹស១គីឡូក្រាម៥.០០០រៀល ។

ពួកគាត់និយាយថា នៅក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩នេះ ពួកគាត់មិនបានចេញទៅរកការងារឆ្ងាយៗបាន ចំណែកឯស្រែស្រូវរបស់ពួកគាត់ក៏ខូចនិងងាប់អស់ព្រោះតែគ្មានទឹកភ្លៀង ។ ដូច្នេះពួកគាត់ខ្លះក៏នាំកូនប្រុស ខ្លះទៀតនាំប្តីមករកត្រីនៅក្នុងអាងទឹកត្រពាំងថ្មនេះ បានត្រីដើម្បីលក់ដូរបន្តិចបន្តួច គ្រាន់បានលុយដោះស្រាយក្នុងជីវភាពគ្រួសារ ៕



ចែករំលែកព័តមាននេះ